សេដ្ឋកិច្ច​ជន​បទ

អង្គការ OXFAM៖ ពលរដ្ឋ​កម្ពុជា​ក្រីក្រ​បំផុត​អាច​សន្សំ​ប្រាក់​បាន​៦៦​ដុល្លារ​ក្នុង​មួយ​ឆ្នាំ


នាយិកា​ប្រចាំ​ប្រទេស​របស់​អង្គការ OXFAM នៅកម្ពុជា បាន​លើក​ឡើង​ថា គិត​ត្រឹម​៧​ឆ្នាំ​ចុង​ក្រោយ​នេះ ប្រជាពលរដ្ឋ​ក្រីក្រ​បំផុត​របស់​កម្ពុជា​អាច​សន្សំ​ប្រាក់​បាន​យ៉ាង​ហោច​ណាស់​៦៦​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ជាមួយ​នឹង​​គម្រោង​សហគមន៍​សន្សំ​ប្រាក់​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​មាន​ការ​គាំទ្រ​ពី​រាជ​រដ្ឋាភិបាល​កម្ពុជា។
អង្គការ​ Oxfam ថា ពលរដ្ឋ​ខ្មែរ​ក្រីក្រ​បំផុត​អាច​សន្សំ​ប្រាក់​បាន ៦៦​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ រូបភាព៖ Oxfam
ដោយ

សហគមន៍​​សន្សំ​ប្រាក់​របស់​ប្រជា​ពលរដ្ឋ​ក្រីក្រ​នៅ​តាម​ទី​ជនបទ ដែល​បាន​បង្កើត​ឡើង​តាំង​ពី​ដើម​ទសវត្សរ៍​៩០ ក្រោម​ការ​ផ្ដួចផ្ដើម​រវាង​ក្រសួង​អភិវឌ្ឍន៍​ជនបទ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជា​ច្រើន បាន​ពង្រីក​មូលនិធិ​​សន្សំ​របស់​ខ្លួន រហូត​ដល់​ជាង​១១​លាន​ដុល្លារ និង​មាន​សមាជិក​រហូត​ដល់​ជាង​២២​ម៉ឺន​នាក់​ហើយ នេះ​បើ​តាម​ការ​អះអាង​ពី​រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ ឯកឧត្តម អ៊ុក រ៉ាប៊ុន។

លោកស្រី លឹម សូលីន នាយិកា​​​អង្គការ OXFAM កម្ពុជា បាន​ឲ្យ​ដឹង​ថា សហគមន៍​ពលរដ្ឋ​ក្រីក្រ​សន្សំ​ប្រាក់​នេះ អនុញ្ញាត​ឲ្យ​ប្រជា​ពលរដ្ឋ​ក្រីក្រ​នៅ​តាម​ជនបទ អាច​ចូលរួម​ជា​ក្រុម​ក្នុង​ការ​សន្សំ​ប្រាក់ ទៅ​តាម​លទ្ធភាព​​របស់​ពួកគាត់ ដូចជា ៥០០​រៀល ឬ ១០០០​រៀល ឬ ១០០០០​រៀល​ក្នុង​មួយ​ខែ ទៅ​តាម​លទ្ធភាព​របស់​ពួកគាត់ ដោយ​មិន​មាន​ផ្ដល់​ជា​ប្រាក់​បដិភាគ​ពី​អង្គការ ឬ​រាជ​រដ្ឋាភិបាល​នោះ​ឡើយ។

ទន្ទឹម​នឹង​នោះ សមាជិក​ក្នុង​សហគមន៍​សន្សំ​ប្រាក់​ក៏​អាច​ខ្ចី​ប្រាក់​ក្នុង​សហគមន៍នោះ ដើម្បី​យក​ទៅ​ពង្រីក​មុខ​របរ​របស់​ខ្លួន ជាមួយ​នឹង​អត្រា​ការ​ប្រាក់​ទាប ឬ​ខ្ពស់ ទៅ​តាម​ការ​ព្រមព្រៀង​របស់​សមាជិក​ក្នុង​ក្រុម។

នាយិកា​​អង្គការ OXFAM កម្ពុជា​រូប​នេះ បាន​អះអាង​ទៀត​ថា តាម​ការ​តាមដាន​របស់​លោកស្រី​ក្នុង​រយៈពេល​៧​ឆ្នាំ​ចុង​ក្រោយ​នៃ​ការ​ជួយ​ជ្រោមជ្រែង​ ប្រជា​ពលរដ្ឋ​ក្រីក្រ​នៅ​តាម​ទីជនបទ​ឲ្យ​ចងក្រង​គ្នា​ជា​សហគមន៍​ដើម្បី​សន្សំ​ប្រាក់ យ៉ាង​ហោច​ណាស់ ក្នុង​ចំណោម​​ពលរដ្ឋ​ក្រីក្រ​បំផុត​តាម​ទីជនបទ​របស់​កម្ពុជា ក៏​អាច​មាន​លទ្ធភាព​សន្សំ​ប្រាក់​បាន​តិច​បំផុត ៦៦​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ដែរ។

គ្រាន់​​តែ​គម្រោង​សន្សំ​របស់​ Oxfam មួយ​ គិតពី​ឆ្នាំ​២០០៥​​មក​ទល់​ពេល​នេះ ​មូលនិធិ​សន្សំ​បាន​កើន​ដល់​ជាង​៥​លាន​ដុល្លារ និង​មាន​សមាជិក​សន្សំ​ជាង​១៤​ម៉ឺន​នាក់។

ទន្ទឹមនឹង​នេះ សម្រាប់​តែ​គម្រោង​សន្សំ​របស់​ OXFAM មួយ​ប៉ុណ្ណោះ គិតតាំង​ពី​ឆ្នាំ​២០០៥​រហូត​មក​ទល់​ពេល​នេះ ទំហំ​ទិន្នន័យ​អំពី​មូលនិធិ​សន្សំ​បាន​កើន​រហូត​ដល់​ជាង​៥​លាន​ដុល្លារ និង​មាន​សមាជិក​សន្សំ​ជាង​១៤​ម៉ឺន​នាក់ ហើយ​អត្រា​ជោគជ័យ​លើ​គម្រោង​សន្សំ​ប្រាក់​នេះ មាន​រហូត​ដល់​៦៦%។ 

លោកស្រី​បាន​គូស​បញ្ជាក់​ថា ការ​ចងក្រង​ជា​សហគមន៍​សន្សំ​ប្រាក់​សម្រាប់​ប្រជា​ពលរដ្ឋ​ក្រីក្រ គឺ​ជា​ការ​ចូលរួម​ចំណែក​ដ៏​សំខាន់​ក្នុង​ការ​ចូលរួម​លើក​កម្ពស់​ជីវភាព​របស់​ពួក​គាត់ ព្រោះ​បើ​តាម​ការ​ប៉ាន់​ស្មាន មាន​ប្រជា​ពលរដ្ឋ​ទីទ័លក្រ​ដែល​រស់នៅ​តាម​តំបន់​ដាច់​ស្រយាល​នៃ​ប្រទេស​កម្ពុជា ប្រមាណ ៧០% ពុំ​ទាន់​ទទួល​បាន​សេវា​ហិរញ្ញ​វត្ថុ​ពី​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ឬ​ធនាគារ​នៅ​ឡើយ​ទេ។

ឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​​ក្រសួង​អភិវឌ្ឍន៍​ជនបទ បាន​លើក​ឡើង​ដែរ​ថា ក្រសួង​អភិវឌ្ឍន៍​ជនបទ​បាន​ចុះ​អនុស្សរណៈ និង​ផ្ដល់​លិខិត​គាំទ្រ​ជូន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន​១២ រួមមាន អង្គការ World Vision, OXFAM, FH Cambodia, PADEK, Samaritan Purse, AGRISUD, Asian Outreach, LWD, HEIFER, TGF និង CWS។ ក្នុងនោះ អង្គការ OXFAM បាន​ចូលរួម​ចំណែក​ខ្លាំង​ជាង​គេ​ក្នុង​ការ​បង្កើត​សហគមន៍​សន្សំ​ប្រាក់​នេះ។

ឯកឧត្តម​បន្ត​ថា គិត​មក​ត្រឹម​ឆ្នាំ​ដើម​២០១៦​មុន​នេះ សហគមន៍​សន្សំ​ប្រាក់​របស់​ប្រជា​ពលរដ្ឋ​ក្រីក្រ បាន​ពង្រីក​មូលនិធិ​សន្សំ​របស់​ខ្លួន បាន​រហូត​ដល់​ជាង​១១​លាន​ដុល្លារ ក្នុង​នោះ​មាន​សមាជិក​ចូលរួម​ជាង ២២​ម៉ឺន​នាក់ គិត​ជា​ក្រុម​មាន ១២​ពាន់​ក្រុម។

បន្ថែម​ពី​នេះ​ទៀត ដោយ​មើល​ឃើញ​ពី​ការ​រីក​ផុសផុល​នៃ​សហគមន៍​សន្សំ​ប្រាក់​របស់​ប្រជា​ពលរដ្ឋ​ក្រីក្រ​នេះ ក្រសួង​អភិវឌ្ឍន៍​ជនបទ​ក៏​បាន​និង​កំពុង​រៀបចំ​គោល​នយោបាយ​យុទ្ធសាស្ត្រ​មួយ​ចំនួន ដើម្បី​ចូលរួម​ចំណែក​គាំទ្រ និង​ជំរុញ​ឲ្យ​សហគមន៍​មួយ​នេះ កាន់តែ​មាន​ភាព​រលូន​ទៅ​មុខ និង​ប្រកប​ដោយ​ចីរភាព ក្នុង​នោះ​រួម​មាន ការ​រៀបចំ​យន្ដការ​គាំទ្រ​ផ្នែក​បច្ចេកទេស ក្នុង​ការ​ជួយ​បណ្ដុះ​បណ្ដាល​ដល់​សហគមន៍​សន្សំ​ប្រាក់​នូវ​ជំនាញ​ទៅ​តាម​តម្រូវការ​ជាក់​ស្ដែង។ គាំទ្រ​ផ្នែក​ផ្លូវ​ច្បាប់ ដោយ​ក្រសួង​កំពុង​សិក្សា​ពី​លទ្ធភាព និង​យន្ដការ​ជាក់​លាក់ ដើម្បី​គាំទ្រ​សហគមន៍​ឲ្យ​ដំណើរ​ប្រតិបត្តិការ​របស់​ខ្លួន​មាន​ភាព​ស្របច្បាប់។ និង​ស្វែង​រក​នីតិវិធី និង​គោលការណ៍​រួម​មួយ ក្នុង​ការ​រៀបចំ និង​ដំណើរ​របស់​សហគមន៍​សន្សំ​ប្រាក់ សម្រាប់​ប្រើ​ប្រាស់​ជា​ម៉ូដែល​មួយ​របស់​កម្ពុជា។ 

ស្រប​ជាមួយ​គ្នា​នេះ​ដែរ ក្រសួង​ក៏​គ្រោង​បែងចែក​ថវិកា​ជាតិ​មួយ​ចំនួន សម្រាប់​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​តាម​ខេត្ត សម្រាប់​កិច្ច​គាំទ្រ​ដល់​សហគមន៍​សន្សំ​ប្រាក់​នេះ​ផង​ដែរ។

សូម​បញ្ជាក់​ដែរ​ថា ដើម្បី​ជំរុញ​ឲ្យ​សហគមន៍​សន្សំ​ប្រាក់​នេះ​កាន់​តែ​មាន​វិសាលភាព តម្លាភាព និង​ប្រសិទ្ធ​ភាព​ជាង​មុន ខាង​ក្រសួង​អភិវឌ្ឍន៍​ជនបទ និង​អង្គការ​ពាក់ព័ន្ធ ក៏​បាន​និង​កំពុង​រួមគ្នា​ក្នុង​ការ​ជួយ​ធ្វើ​យ៉ាង​ណា​ផ្សារ​ភ្ជាប់​ការ​សន្សំ​ជាមួយ​ការ​វិនិយោគ ព្រម​ជាមួយ​ការ​ការ​ផ្សារ​ភ្ជាប់​អាជីវកម្ម​របស់​ប្រជា​ពលរដ្ឋ​ទៅ​នឹង​ទីផ្សារ ដោយ​សំដៅ​លើក​កម្ពស់​ជីវភាព​ប្រជា​ពលរដ្ឋ​ឲ្យ​បាន​កាន់​តែ​ប្រសើរ​ឡើង៕




អត្ថបទបន្ទាប់


បន្ទាប់​ពី​បើក​ដំណើរការ​វារី​អគ្គិសនីសេសានក្រោម-២ តម្លៃ​ភ្លើង​នឹង​កាន់​តែ​ចុះ​ថោក?

ព័ត៌មាន
បញ្ហា​តម្លៃ​អគ្គិសនី គឺ​ជា​គំនាប​មួយ​ដែល​​បាន​រាំង​ស្ទះ​​ដល់​​វិសាលភាព​​នៃ​​ការ​​ផលិត​ក្នុង​វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា ក៏ដូចជា​បាន​…

ជប៉ុនផ្តល់​ថវិកា​ជាង​៣០​លាន​ដុល្លារ​ដើម្បី​ជួសជុល​ស្ពាន​ជ្រោយ​ចង្វារ

ព័ត៌មាន
ជា​ការ​ឆ្លើយតប​នឹង​សំណើ​បន្ទាន់​មួយ​របស់​រដ្ឋាភិបាល​កម្ពុជា រដ្ឋាភិបាល​ជប៉ុន​បាន​ផ្តល់​​ជំនួយ​ឥត​សំណង​​ប្រមាណ ៣៣​លាន​ដុល្លារ​អាមេរិក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ