វិស័យសេវាកម្មនៅចិន និងជប៉ុន

វិស័យសេវាកម្មនៅចិន និងជប៉ុនបានកើនឡើងក្នុងខែឧសភា ព្រោះមានតម្រូវការច្រើនជាងមុន


ការស្ទង់មតិផ្នែកឯកជនបានបង្ហាញនៅថ្ងៃចន្ទថា សកម្មភាពសេវាកម្មនៅប្រទេសចិនបានកើនឡើងកាលពីខែឧសភា ដោយសារកំណើននៃតម្រូវការដែលជួយជំរុញសេដ្ឋកិច្ចឱ្យស្ទុះងើបឡើងវិញនៅក្នុងត្រីមាសទី២នេះ។ ចំណែកឯសកម្មភាពសេវាកម្មនៅប្រទេសជប៉ុនក៏បានកើនឡើងក្នុងល្បឿនមួយគួរឱ្យកត់សម្គាល់ផងដែរក្នុងពេលដូចគ្នានេះ ដោយសារតម្រូវការពីក្រៅប្រទេសនិងកំណើនភ្ញៀវទេសចរបរទេស ខណៈដែលការរឹតបន្តឹងជំងឺកូវីដត្រូវបានបន្ធូរបន្ថយបន្ថែមទៀត។ នេះបើតាមការចេញផ្សាយរបស់ព័ត៌មានរ៉យទ័រ។
កំណើនសកម្មភាពសេវាកម្មនៅចិននិងជប៉ុនរួមចំណែកជំរុញសេដ្ឋកិច្ច

សន្ទស្សន៍របស់អ្នកគ្រប់គ្រងការទិញសេវាកម្ម កៃស៊ីន/អេសអែនភី គ្លូបបល (Caixin/S&P Global) របស់ចិន បានកើនឡើងពីកម្រិត ៥៦,៤ នៅក្នុងខែមេសា ដល់កម្រិត ៥៧,១ នៅក្នុងខែឧសភា។ សន្ទស្សន៍នេះមានលើសពីកម្រិត ៥០ ដែលបែងចែករវាងការធ្លាក់ចុះ និងការកើនឡើងនៃសកម្មភាពសេដ្ឋកិច្ចណាមួយ។

លទ្ធផលចុងក្រោយនេះគឺផ្ទុយទៅនឹងសន្ទស្សន៍របស់អ្នកគ្រប់គ្រងការទិញ PMI ផ្លូវការរបស់ចិនដែលបានចេញផ្សាយកាលពីសប្តាហ៍មុន ដោយបានបង្ហាញពីល្បឿនយឺតនៃការកើនឡើងនៅក្នុងវិស័យសេវាកម្ម។

អ្នកសេដ្ឋកិច្ចមួយចំនួនបានព្រមានថា តម្រូវការដ៏ច្រើនសម្រាប់សេវាកម្មផ្ទាល់ខ្លួនអាចថយចុះដោយសារកំណើនប្រាក់ចំណូលយឺតនិងសម្ពាធគ្មានការងារធ្វើ ដែលអាចធ្វើឱ្យអ្នកបង្កើតគោលនយោបាយឈឺក្បាលកាន់តែខ្លាំង ខណៈដែលពួកគេកំពុងដោះស្រាយរឿងតម្រូវការពីបរទេសចុះខ្សោយ និងរឿងសេដ្ឋកិច្ចងើបឡើងវិញមិនស្មើគ្នាបន្ទាប់ពីជំងឺកូវីដ។

ការស្ទង់មតិ Caixin បានបង្ហាញថា ក្រុមហ៊ុនសេវាកម្មបានរាយការណ៍អំពីការកើនឡើងនូវអាជីវកម្មថ្មីជាលើកដំបូងកាលពីខែមុននៅថ្ងៃឈប់សម្រាកខែឧសភា បន្ទាប់ពីការបើកប្រទេសចិនឡើងវិញបានជំរុញឱ្យមានការបញ្ជាទិញជាច្រើននៅតាមសណ្ឋាគារ ភោជនីយដ្ឋាន និងទីភ្នាក់ងារសេវាទេសចរណ៍។

ទន្ទឹមនេះដែរ សកម្មភាពសេវាកម្មនៅប្រទេសជប៉ុនក៏បានកើនឡើងក្នុងល្បឿនមួយគួរឱ្យកត់សម្គាល់កាលពីខែឧសភា ដោយសារការស្ទុះងើបឡើងវិញនៃតម្រូវការពីក្រៅប្រទេស និងការកើនឡើងនៃភ្ញៀវទេសចរបរទេស ក្រោយពីជប៉ុនបានបន្ធូរបន្ថយវិធានការជំងឺកូវីដថែមទៀត។

សន្ទស្សន៍អ្នកគ្រប់គ្រងការទិញសេវាកម្មជប៉ុនចុងក្រោយរបស់ធនាគារ ជីប៊ុន (Jibun Bank) បានឡើងដល់កម្រិត ៥៥,៩ កាលពីខែឧសភា ដោយបន្តកើនឡើងពីកម្រិតខ្ពស់បំផុត ៥៥,៤ នៅក្នុងខែមេសា។ នេះគឺជាការបង្ហាញពីការកើនឡើងលើសពីកម្រិត ៥០ សម្រាប់រយៈពេល៩ខែជាប់ៗគ្នា។

លោក អ៊ុស្សាម៉ា បាត់ទី (Usamah Bhatti) សេដ្ឋកិច្ចវិទូនៅក្រុមហ៊ុនស្រាវជ្រាវទីផ្សារ អេសអែនភី គ្លូបបល (S&P Global) បាននិយាយថា ក្រុមហ៊ុនមួយចំនួនរីករាយនឹងការបន្ធូរបន្ថយវិធានការប្រឆាំងជំងឺកូវីដ ហើយបានកត់សម្គាល់ពីការកើនឡើងយ៉ាងខ្លាំងនៃតម្រូវការ ជាពិសេសពីទេសចរនៅក្រៅប្រទេស និងនៅក្នុងប្រទេសតែម្ដង។

រដ្ឋាភិបាលជប៉ុនបានលុបចោលការត្រួតពិនិត្យព្រំដែនដ៏តឹងរ៉ឹងទាក់ទងនឹងជំងឺកូវីដ និងបានចាត់ទុកជំងឺកូវីដ១៩ថាគ្រាន់តែជាជំងឺផ្តាសាយតាមរដូវកាលមួយតែប៉ុណ្ណោះ។ ចំនួនភ្ញៀវបរទេសទៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតខ្ពស់នៅក្រោយជំងឺកូវីដ គឺឡើងជិតដល់ ២ លាននាក់នៅក្នុងខែមេសា៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


សម្តេច ហ៊ុន សែន ផ្តាំអត្តពលិកកម្ពុជាកុំឲ្យបាក់ទឹកចិត្ត និងត្រូវធ្វើជាម្ចាស់ផ្ទះឲ្យបានល្អ ទោះមិនទទួលបានមេដាយក្ដី

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបន្តក្រើនរំលឹកដល់អត្តពលិកមានពិការភាពកម្ពុជាឲ្យធ្វើជាម្ចាស់ផ្ទះអាស៊ានប៉ារ៉ាហ្គេមលើកទី១២ឲ្យបានល្អ បើទោះបីពួកគេទទួល…

រដ្ឋមន្ត្រីការពារជាតិចិនប្រឆាំងនឹងសម្ព័ន្ធភាព«ស្រដៀងណាតូ»នៅតំបន់អាស៊ីប៉ាស៊ីហ្វិក

រដ្ឋមន្ត្រីការពារជាតិចិនបានថ្លែងកាលពីថ្ងៃអាទិត្យ ទី ៤ មិថុនាថា ប្រទេសចិនប្រឆាំងដាច់ខាតទៅនឹងការចង់បង្កើតដោយប្រទេសណាមួយនូវ«សម្ព័ន្ធយោធាអាស…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ