យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Moscow Times ក្រសួងការបរទេសរុស្ស៊ី បានសង្កត់ធ្ងន់ថា ពលរដ្ឋរុស្ស៊ីទាំងឡាយណា ដែលសង្ស័យថា ខ្លួនអាចនឹងត្រូវរងការចោទប្រកាន់ក្នុងបទល្មើសព្រហ្មទណ្ឌពីសំណាក់អាជ្ញាធរអាម៉េរិក មិនគួរធ្វើដំណើរ ឬសូម្បីតែឈប់សំចតប្តូរជើងយន្តហោះនៅក្នុងប្រទេសថៃឡើយ។ មូលហេតុ គឺដោយសារតែទីក្រុងវ៉ាស៊ីនតោន និងទីក្រុងបាងកក មានសន្ធិសញ្ញាធ្វើបត្យាប័នទ្វេភាគីជាមួយគ្នាយ៉ាងស្អិតរមួត។
ការចេញមុខមកព្រមាននេះ ធ្វើឡើងបន្ទាប់ពីកំពូល Hacker ជនជាតិរុស្ស៊ីម្នាក់ឈ្មោះ ដេនីស អូប្រ៊េស្កូ (Denis Obrezko) ត្រូវបានអាជ្ញាធរបញ្ជូនខ្លួនឡើងតុលាការអាម៉េរិក ជាលើកដំបូង ក្រោយត្រូវបានចាប់ខ្លួននៅលើទឹកដីថៃ កាលពីចុងឆ្នាំមុន។
ក្រសួងការបរទេសរុស្ស៊ី បានវាយបកចំៗថា ប្រព័ន្ធយុត្តិធម៌បែបដាក់ទោសទណ្ឌរបស់អាម៉េរិក កំពុងធ្វើទុក្ខបុកម្នេញលើជនជាតិរុស្ស៊ី កាន់តែខ្លាំងចាប់តាំងពីទីក្រុងម៉ូស្គូ បើកយុទ្ធនាការយោធាលើអ៊ុយក្រែន កាលពីជាង៤ឆ្នាំមុន។ រុស្ស៊ី ក៏បានចោទប្រកាន់ទៀតថា ក្រុមចារកម្មអាម៉េរិក ថែមទាំងមិនបានខ្វល់ខ្វាយដឹងឮពីអាជ្ញាធរថៃឡើយ នៅក្នុងប្រតិបត្តិការសម្ងាត់លបឆ្មក់ចាប់ខ្លួនពលរដ្ឋរុស្ស៊ី។
ជុំវិញរឿងនេះ សមាគមប្រតិបត្តិករទេសចរណ៍រុស្ស៊ី បានជំរុញឱ្យពលរដ្ឋខ្លួនត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងការបរទេសជាដាច់ខាត ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន ខណៈដែលជារៀងរាល់ឆ្នាំមានពលរដ្ឋរុស្ស៊ី រហូតដល់ទៅជាង១,៨លាននាក់ ដែលបានធ្វើដំណើរមកកម្សាន្តនៅក្នុងប្រទេសថៃ៕
អត្ថបទៈ សួន ឡង់ទី