អង្គការសហប្រតិបត្តិការសៀងហៃ (SCO) កាលពីថ្ងៃអង្គារ បើកទ្វារទទួលស្វាគមន៍ប្រទេសអ៊ីរ៉ង់ ជាសមាជិកទី៩ ហើយបានពិភាក្សាអំពីប្រធានបទសំខាន់ៗលើពិភពលោក ដោយមានការចូលរួមពីប្រទេសធំៗដូចជាចិន និងរុស្ស៊ីផង ខណៈដែលប្រទេសឥណ្ឌាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ។ អ្នកសង្កេតការណ៍ និងដៃគូសន្ទនាផ្សេងទៀតក៏បានចូលរួមក្នុងកិច្ចប្រជុំរបស់អង្គការអាស៊ីអឺរ៉ុបនេះផងដែរ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ស៊ីនហួរ បានស្រង់សំដីលោក ស៊ី ជីនពីង ដែលអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងថែមទៀត ដើម្បីការពារសន្តិភាពក្នុងតំបន់ និងធានាសន្តិសុខរួម ក៏ដូចជាពង្រឹងសាមគ្គីភាពរវាងគ្នានិងគ្នា។
ក្នុងឱកាសនោះ លោក ពូទីន បានថ្លែងអំណរគុណអង្គការសហប្រតិបត្តិការសៀងហៃដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង ចំពោះការគាំទ្ររុស្ស៊ី។ លោកបានបន្តថា រុស្ស៊ីកំពុងទប់ទល់នឹងសម្ពាធពីខាងក្រៅ, ការដាក់ទណ្ឌកម្ម និងការបង្កហេតុ ដោយមានទំនុកចិត្ត។
ក្រៅពីនោះ អ្វីដែលគេកត់ស្គាល់ខ្លាំងនោះគឺការចូលជាសមាជិកថ្មីរបស់អ៊ឺរ៉ង់ ដែលស្ថិតនៅមជ្ឈឹមបូព៌ា។ លោក អ៊ីប្រាហ៊ីម រ៉េស្ស៊ី (Ebrahim Raisi) ប្រធានាធិបតីអ៊ីរ៉ង់ ដែលបានចូលរួមក្នុងកិច្ចប្រជុំនោះកាលពីថ្ងៃអង្គារ បានថ្លែងថា «សមាជិកភាពរបស់ទីក្រុងតេរ៉ង់នឹងគាំទ្រដល់សន្តិសុខសមូហភាព ពង្រីកចំណងការទូតនិងទំនាក់ទំនង និងពង្រឹងការរួបរួមសាមគ្គីគ្នា»។
ទាន់ទិននឹងចំណុចនេះ លោក ហាស៍ វ៉ី ផេនថ៍ (Harsh V Pant) សាស្ត្រាចារ្យនៅមហាវិទ្យាល័យ (King's College London) បានលើកឡើងថា សមាជិកភាពរបស់អ៊ីរ៉ង់នឹងបង្កការព្រួយបារម្ភថែមមួយកម្រិតទៀត ចំពោះប្រទេសលោកខាងលិច ពីព្រោះបស្ចិមលោកយល់ថា បណ្តាប្រទេសដូចជារុស្ស៊ី ចិន ប៉ាគីស្ថាន និងអ៊ីរ៉ង់នេះ សុទ្ធសឹងជាប្រទេសដែលមានទំនោរប្រឆាំងនឹងលោកខាងលិច។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូល មេដឹកនាំនៃប្រទេសដែលជាគូប្រជែងនឹងគ្នា គឺឥណ្ឌា និងប៉ាគីស្ថានបាននិយាយថា ប្រទេសអាហ្វហ្គានីស្ថាននៅតែជាកង្វល់សំខាន់របស់ពួកគេ និងរបស់អង្គការសហប្រតិបត្តិការសៀងហៃ។ នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) បានព្រមានឱ្យដឹងអំពីហានិភ័យដែលអាហ្វហ្គានីស្ថានអាចក្លាយជាមូលដ្ឋានមួយសម្រាប់ការសាបព្រោះអស្ថិរភាព ខណៈដែលសមភាគីប៉ាគីស្ថាន លោក ស្សេប៉ាហ្ស សារីហ្វ (Shehbaz Sharif) បានអំពាវនាវឱ្យកំណត់ឡើងវិញជាបន្ទាន់អំពីការទាក់ទងកម្រិតអន្តរជាតិជាមួយរដ្ឋាភិបាលតាលីបង់របស់អាហ្វហ្គានីស្ថាន។
នៅក្នុងកិច្ចប្រជុំនៅថ្ងៃអង្គារនោះដែរ លោក ស៊ី ជីនពីង បានសង្កត់ធ្ងន់ដោយព្រមានប្រឆាំងដាច់ខាតចំពោះ«បដិវត្តន៍ពណ៌ និងសង្គ្រាមត្រជាក់ថ្មី»។ ក្នុងសម្ដីផ្ទាល់ លោក ស៊ី បានថ្លែងថា៖ «យើងត្រូវតែប្រុងប្រយ័ត្នខ្ពស់ចំពោះកម្លាំងខាងក្រៅដែលបង្កើត«សង្រ្គាមត្រជាក់ថ្មី» និងបង្កើតការប្រឈមមុខដាក់គ្នានៅក្នុងតំបន់ ព្រមទាំងប្រឆាំងដាច់ខាតចំពោះប្រទេសណាមួយដែលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃប្រទេសមួយទៀត និងរៀបចំធ្វើ«បដិវត្តន៍ពណ៌»ក្រោមហេតុផលណាមួយ៕