ម្ចាស់កសិដ្ឋានចិញ្ចឹមចៀមវ័យក្មេង ប៊ុន ចាន់វីរៈ បានចិញ្ចឹមចៀមនៅកម្ពុជា អស់រយៈពេល៣ឆ្នាំមកហើយ។ ទោះបីមានកំណើតជាកូនអ្នកភ្នំពេញសុទ្ធសាធ មិនមែនជានិស្សិតរៀនផ្នែកកសិកម្ម និងមិនដែលបានទទួលការបណ្តុះបណ្តាលផ្នែកចិញ្ចឹមសត្វពីសាលាណាក៏ដោយ ក៏ វីរៈ មិនខ្លាចនឹងសាកល្បងក្នុងការចិញ្ចឹមចៀមដែរ។ ក្រោយមកក៏ឃើញថាមានបញ្ហាខ្លះមែន។
ប៊ុន ចាន់វីរ រៀបរាប់យ៉ាងដូច្នេះថា “យើងជួបផលលំបាកច្រើនដែរ ពីដំបូង ដោយសារចៀមគឺថ្មីមែនទែន យើងមិនដឹងថាគួររៀនពីណាមក៍ ហើយខ្ញុំបានរៀនខ្លះពីអ៊ិនធើណិត យើងដឹងហើយថា ចៀមគេច្រើនចិញ្ចឹមនៅប្រទេសដែលមានអាកាសធាតុត្រជាក់ ប៉ុន្តែ អាកាសធាតុស្រុកយើង គឺក្ដៅហើយសើម ។ អ៊ីចឹង វាមានភាពខុសគ្នាខ្លះ ទាំងបញ្ហាជំងឺ បញ្ហាអាកាសធាតុ បញ្ហាចំណី អ៊ីចឹង គឺវាខុសគ្នាមែនទែន ។ គេចិញ្ចឹមឲ្យស៊ីចំណី យើងវិញចិញ្ចឹមឲ្យស៊ីស្មៅធម្មជាតិ ។ ដោយសារខុសគ្នាអ៊ីចឹង យើងត្រូវការរៀនសូត្រ ធ្វើផង ខុសផង វាឈឺផង វាងាប់ផង ។ ផលវិបាកដែលខ្ញុំជួបប្រទះមានពីរយ៉ាង ទីមួយ វាលួចស៊ីចំណីមាន់ ដូចជា ពោត ដំឡូង កន្ទក់ អង្ករ ។ល។ ដែលសុទ្ធតែមានជាតិម្សៅច្រើន ហើយដោយសារវាស៊ីជាតិម្សៅច្រើន វារំលាយអាហារអត់កើត ។ ជាទូទៅ ចៀមវាស៊ីស្មៅច្រើនជាង ពេលវាស៊ីជាតិម្សៅ វាចាប់ផ្ដើមរលាកក្រពះ រលាកពោះវៀន វាងាប់ ។ បញ្ហាទីពីរ ដែលខ្ញុំប្រឈមហើយវាធ្វើឲ្យចៀមងាប់ គឺឆ្កែខាំ ដោយសារចៀមវាឆាប់ក្លាយ។"
ក្នុងនាមមនុស្សម្នាក់ដែលមានគំនិតសុទិដ្ឋិនិយម វីរៈ លើកទឹកចិត្តដល់កសិករឲ្យចិញ្ចឹមចៀមដូចលោកដែរ ព្រោះចៀមជាសត្វស្រួលចិញ្ចឹមមានទីផ្សារខ្ពស់នាពេលបច្ចុប្បន្ននេះ ។
យុវជន ប៊ុន ចាន់វីរៈ ឲ្យដឹងដូច្នេះថា ៖ “សម្រាប់ដើមទុន ខ្ញុំគិតថាវាមិនមែនជាបញ្ហាប្រឈមទេ បើយើងមានដើមទុនតិច ចាប់ផ្ដើមពីតិចទៅ ដូចជា ៣ក្បាល ៥ក្បាល ១០ក្បាល តែបើបងប្អូនមានទុនច្រើន គាត់អាចចាប់ផ្ដើម ១០០ក្បាលបាន ។ ឥឡូវ ខ្ញុំបានផូសច្រើននៅលើហ្វេសប៊ុករបស់ខ្ញុំ ឈ្មោះ កសិដ្ឋានចិញ្ចឹមចៀមធម្មជាតិ ខ្ញុំបង្រៀនពីការចិញ្ចឹមចៀម ខ្ញុំ live វីដេអូបង្រៀនអត់គិតលុយទេ ។ បើចង់រៀន ចូលមើលរៀនបាន ហើយទិញចៀមនៅកន្លែងក្បែរគាត់ដែលមានចៀមលក់បាន មិនចាំបាច់មកទិញដល់កន្លែងខ្ញុំទេ ប៉ុន្តែ ខ្ញុំតែប្រាប់ថា បើគាត់មើលវីដេអូនេះហើយ គាត់មានសំណួរអ្វីទាក់ទងនឹងការចិញ្ចឹមចៀម អាចខលមកខ្ញុំបាន ខ្ញុំរីករាយនឹងចែករំលែកបទពិសោធន៍របស់ខ្ញុំ ដើម្បីជួយដល់ពួកគាត់ ដោយសារខ្ញុំឃើញថា ទីផ្សារចៀមធំ ហើយវាល្អមែនទែនក្នុងការចិញ្ចឹម ។ ”
ចំពោះតម្លៃវិញ វីរៈ បញ្ជាក់ថា ទាំងការលក់ពូជនិងលក់សាច់ គឺតម្លៃ ២៨០០០រៀល ក្នុងមួយគីឡូក្រាម ឬស្មើនឹង ៧ដុល្លារ សម្រាប់ចៀមឈ្មោល ខណៈដែលចៀមញីតម្លៃ៣០០ដុល្លារក្នុងមួយក្បាល។ ព្រោះតែមានគំនិតចង់ឲ្យមានការចិញ្ចឹមចៀម កាន់បានទូលំទូលាយជាងនេះ លោក ប៊ុន ចាន់វីរៈ កំពុងតែប្រឹងប្រែងបង្កាត់ពូជចៀមបន្ថែមទៀត សម្រាប់ចែកចាយដល់កសិករនៅតាមបណ្តាខេត្តផ្សេងៗ ។
បើតាមម្ចាស់កសិដ្ឋានចិញ្ចឹមចៀមវ័យក្មេងរូបនេះ ការចិញ្ចឹមចៀមនៅកម្ពុជាគឺចិញ្ចឹមយកសាច់ដើម្បីផ្គត់ផ្គង់នៅតាមភោជនីយដ្ឋាននានា ខណៈដែលនៅប្រទេសផ្សេងៗ គេចិញ្ចឹមយករោមផង និងសាច់ សម្រាប់បរិភោគផង។
នាពេលអនាគត វីរៈ មានបំណងចង់ពង្រីកកសិដ្ឋានចិញ្ចឹមចៀមបន្ថែមទៀត ដោយនឹងជ្រើសរើសពូជល្អៗពីក្រៅប្រទេស ដែលអាចនឹងចិញ្ចឹមដល់រាប់ពាន់ក្បាល ដោយរំពឹងថា នឹងមិនចាំបាច់នាំចូលចៀមពីក្រៅប្រទេសមកទៀតទេ៕