កសិកម្ម-ការចិញ្ចឹមសត្វ

យុវជន ប៊ុន ចាន់វីរៈ អំពាវនាវ​ឲ្យ​កសិករ​ចិញ្ចឹមចៀម ព្រោះ​ស្រួល​ចិញ្ចឹមនិង​មាន​ទីផ្សារល្អ


គេធ្លាប់តែឮថា ការចញ្ចឹមចៀមមាននៅតែប្រទេសដែលមានអាកាសធាតុត្រជាក់ ដូចជា អូស្រ្តាលី ចិន ម៉ុងហ្គោលី ជាដើម តែឥឡូវនេះ ចៀម​ក៏​មាន​គេចិញ្ចឹម​ដែរ​នៅក្បែរ​ជើងភ្នំ​មួយ ក្នុង​ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង។
យុវជន ប៊ុន ចាន់វីរៈ ម្ចាស់កសិដ្ឋានចិញ្ចឹម​ចៀម នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ដោយ

ម្ចាស់កសិដ្ឋាន​ចិញ្ចឹម​ចៀម​វ័យ​ក្មេង ប៊ុន ចាន់វីរៈ បាន​ចិញ្ចឹម​ចៀម​នៅ​កម្ពុជា អស់​រយៈពេល​៣​ឆ្នាំ​មក​ហើយ។ ទោះបី​មាន​កំណើត​ជា​កូន​អ្នក​ភ្នំពេញ​សុទ្ធសាធ មិនមែន​ជា​និស្សិត​រៀន​ផ្នែក​កសិកម្ម និង​មិន​ដែល​បាន​ទទួល​ការបណ្តុះបណ្តាល​ផ្នែក​ចិញ្ចឹម​សត្វ​ពី​សាលាណា​ក៏ដោយ ក៏ វីរៈ មិន​ខ្លាច​នឹង​សាកល្បង​ក្នុង​ការចិញ្ចឹម​ចៀមដែរ។ ក្រោយ​មក​ក៏​ឃើញ​ថា​មាន​បញ្ហា​ខ្លះ​មែន។

ប៊ុន ចាន់វីរ រៀបរាប់​យ៉ាងដូច្នេះ​ថា “យើង​ជួប​ផលលំបាក​ច្រើនដែរ ពីដំបូង ដោយសារចៀមគឺថ្មីមែនទែន យើងមិនដឹងថាគួររៀនពីណាមក៍ ហើយខ្ញុំបានរៀនខ្លះពីអ៊ិនធើណិត យើងដឹងហើយថា ចៀមគេច្រើនចិញ្ចឹមនៅប្រទេសដែលមានអាកាសធាតុត្រជាក់ ប៉ុន្តែ អាកាសធាតុស្រុកយើង គឺក្ដៅហើយសើម ។ អ៊ីចឹង វាមានភាពខុសគ្នាខ្លះ ទាំងបញ្ហាជំងឺ បញ្ហាអាកាសធាតុ បញ្ហាចំណី អ៊ីចឹង គឺវាខុសគ្នាមែនទែន ។ គេចិញ្ចឹមឲ្យស៊ីចំណី យើងវិញចិញ្ចឹមឲ្យស៊ីស្មៅធម្មជាតិ ។ ដោយសារខុសគ្នាអ៊ីចឹង យើងត្រូវការរៀនសូត្រ ធ្វើផង ខុសផង វាឈឺផង វាងាប់ផង ។ ផលវិបាកដែលខ្ញុំជួបប្រទះមានពីរយ៉ាង ទីមួយ វាលួចស៊ីចំណីមាន់ ដូចជា ពោត ដំឡូង កន្ទក់ អង្ករ ។ល។ ដែលសុទ្ធតែមានជាតិម្សៅច្រើន ហើយដោយសារវាស៊ីជាតិម្សៅច្រើន វារំលាយអាហារអត់កើត ។ ជាទូទៅ ចៀមវាស៊ីស្មៅច្រើនជាង ពេលវាស៊ីជាតិម្សៅ វាចាប់ផ្ដើមរលាកក្រពះ រលាកពោះវៀន វាងាប់ ។ បញ្ហាទីពីរ ដែលខ្ញុំប្រឈមហើយវាធ្វើឲ្យចៀមងាប់ គឺឆ្កែខាំ ដោយសារចៀមវាឆាប់ក្លាយ។"

កសិដ្ឋាន​ចិញ្ចឹម​ចៀម នៅស្រុកទឹកផុស ខេត្ត​កំពង់ឆ្នាំង។

ក្នុង​នាម​មនុស្ស​ម្នាក់​ដែល​មាន​គំនិត​សុទិដ្ឋិនិយម វីរៈ លើក​ទឹកចិត្ត​ដល់​កសិករ​ឲ្យ​ចិញ្ចឹម​ចៀម​ដូច​លោក​ដែរ ព្រោះ​ចៀម​ជា​សត្វស្រួល​ចិញ្ចឹម​មាន​ទីផ្សារ​ខ្ពស់​នា​ពេល​បច្ចុប្បន្ន​នេះ ។

យុវជន ប៊ុន​ ចាន់វីរៈ ឲ្យ​ដឹង​ដូច្នេះថា ៖ “សម្រាប់​ដើមទុន ខ្ញុំគិតថាវាមិនមែនជាបញ្ហាប្រឈមទេ បើយើងមានដើមទុនតិច ចាប់ផ្ដើមពីតិចទៅ ដូចជា ៣ក្បាល ៥ក្បាល ១០ក្បាល តែបើបងប្អូនមានទុនច្រើន គាត់អាចចាប់ផ្ដើម ១០០ក្បាលបាន ។ ឥឡូវ ខ្ញុំបានផូសច្រើននៅលើហ្វេសប៊ុករបស់ខ្ញុំ ឈ្មោះ កសិដ្ឋានចិញ្ចឹមចៀមធម្មជាតិ ខ្ញុំបង្រៀនពីការចិញ្ចឹមចៀម ខ្ញុំ live វីដេអូបង្រៀនអត់គិតលុយទេ ។ បើចង់រៀន ចូលមើលរៀនបាន ហើយទិញចៀមនៅកន្លែងក្បែរគាត់ដែលមានចៀមលក់បាន មិនចាំបាច់មកទិញដល់កន្លែងខ្ញុំទេ ប៉ុន្តែ ខ្ញុំតែប្រាប់ថា បើគាត់មើលវីដេអូនេះហើយ គាត់មានសំណួរអ្វីទាក់ទងនឹងការចិញ្ចឹមចៀម អាចខលមកខ្ញុំបាន ខ្ញុំរីករាយនឹងចែករំលែកបទពិសោធន៍របស់ខ្ញុំ ដើម្បីជួយដល់ពួកគាត់ ដោយសារខ្ញុំឃើញថា ទីផ្សារចៀមធំ ហើយវាល្អមែនទែនក្នុងការចិញ្ចឹម ។ ”

កសិដ្ឋាន​ចិញ្ចឹម​ចៀម នៅស្រុកទឹកផុស ខេត្ត​កំពង់ឆ្នាំង។

ចំពោះ​តម្លៃ​វិញ វីរៈ បញ្ជាក់​ថា ទាំង​ការលក់ពូជ​និង​លក់​សាច់ គឺ​តម្លៃ ២៨០០០​រៀល ក្នុង​មួយ​គីឡូក្រាម ឬ​ស្មើនឹង ៧​ដុល្លារ សម្រាប់​ចៀម​ឈ្មោល ខណៈ​ដែល​ចៀម​ញី​តម្លៃ​៣០០​ដុល្លារ​ក្នុង​មួយ​ក្បាល។ ព្រោះតែ​មាន​គំនិត​ចង់​ឲ្យ​មាន​ការ​ចិញ្ចឹម​ចៀម កាន់​បាន​ទូលំទូលាយ​ជាង​នេះ លោក ប៊ុន ចាន់វីរៈ កំពុងតែ​ប្រឹងប្រែង​បង្កាត់​ពូជ​ចៀម​បន្ថែម​ទៀត សម្រាប់​ចែកចាយ​ដល់​កសិករ​នៅ​តាម​បណ្តា​ខេត្ត​ផ្សេងៗ ។ 

បើតាម​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ចៀម​វ័យ​ក្មេង​រូបនេះ ការចិញ្ចឹម​ចៀម​នៅ​កម្ពុជា​គឺ​ចិញ្ចឹម​យក​សាច់​ដើម្បី​ផ្គត់ផ្គង់​នៅ​តាម​ភោជនីយ​ដ្ឋាន​នានា ខណៈ​ដែល​នៅ​ប្រទេស​ផ្សេងៗ​ គេ​ចិញ្ចឹម​យក​រោម​ផង និង​សាច់ សម្រាប់​បរិភោគ​ផង។

នាពេល​អនាគត វីរៈ មាន​បំណង​ចង់​ពង្រីក​​កសិដ្ឋាន​ចិញ្ចឹម​ចៀម​បន្ថែម​ទៀត ដោយ​នឹង​ជ្រើសរើស​ពូជ​ល្អៗ​ពី​ក្រៅប្រទេស ដែល​អាច​នឹង​ចិញ្ចឹម​ដល់​រាប់ពាន់​ក្បាល ដោយ​រំពឹង​ថា នឹង​មិន​ចាំបាច់​នាំចូល​ចៀម​ពី​ក្រៅប្រទេស​មក​ទៀតទេ៕




អត្ថបទបន្ទាប់


លោក ប្រាយុទ្ធ ព្យាករថា GDP របស់ថៃ នឹងធ្លាក់ចុះនៅក្រោម១០%ប៉ុណ្ណោះ នៅឆ្នាំ២០២០នេះ

ព័ត៌មាន
នាយករដ្ឋមន្ត្រីថៃ នាពេលថ្មីៗនេះបានចេញមុខអះអាង និងបានព្យាករពី GDP របស់ប្រទេសថៃ ថានឹងអាចធ្លាក់ចុះនៅក្រោម១០%នៃឆ្នាំ២០២០នេះ។ ការអះអាងរបស់…

ក្រុមហ៊ុនយក្សថៃ CP ទិញ​កូនផ្សារ​លក់​ទំនិញ​អនឡាញ​មួយ​នៅទីក្រុងហុងកុង ដើម្បីពង្រីក​អាជីវកម្មឌីជីថលរបស់ខ្លួន

ព័ត៌មាន
ក្រុមហ៊ុន​កសិឧស្សាហកម្ម​និង​សារគមនាគមន៍ដ៏ធំបំផុត​មួយ​នៅប្រទេសថៃ គឺ​ក្រុមហ៊ុន Charoen Pokphand Group ដែល​គេ​ស្គាល់ថា CP Group បាន​ឲ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ