តម្លៃដឹកជញ្ជូន

តម្លៃដឹកជញ្ជូនតាមផ្លូវទឹកពីកម្ពុជាទៅកាន់តំបន់អឺរ៉ុបហក់ឡើងខ្ពស់ជាងទ្វេដង តើមកពីមូលហេតុអ្វី?


ក្រុមអ្នកជំនាញក្នុងវិស័យដឹកជញ្ជូនបានវាយតម្លៃថា ស្ថានភាពនៃវិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជានៅឆមាសទី១ឆ្នាំ២០២៤នេះបានបង្ហាញសញ្ញាវិជ្ជមានគួរឱ្យកត់សម្គាល់ ពោលគឺសកម្មភាពដឹកជញ្ចូនមានភាពមមាញឹកទាំងចេញនិងចូល។ ស្របពេលការដឹកជញ្ជូនមានការកើនឡើង តម្លៃដឹកជញ្ជូនតាមផ្លូវទឹកក៏បានហក់ឡើងខ្ពស់គួរឱ្យកត់សម្គាល់ផងដែរ ដោយការដឹកជញ្ជូនទំនិញពីកម្ពុជាទៅកាន់តំបន់អឺរ៉ុបបច្ចុប្បន្នបានហក់ឡើងខ្ពស់ជិតដល់១ម៉ឺនដុល្លារក្នុង១ទូកុងតឺន័រក្រោយការដឹកជញ្ជូនជួបបញ្ហាកង្វះទូកុងតឺន័រ។
តម្លៃដឹកជញ្ជូន
ដោយ

ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុន ឡាញហល អ៊ិចប្រេស កត់សម្គាល់ឃើញថា នៅក្នុងឆមាសទី១ឆ្នាំនេះសកម្មភាពដឹកជញ្ចូនទំនិញតាមផ្លូវទឹករបស់កម្ពុជា ហាក់មានការកើនឡើងគួរឱ្យកត់សម្គាល់ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ តួយ៉ាងទាំងការដឹកជញ្ជូនទំនិញនៅកំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺសុទ្ធតែមានសម្ទុះកំណើនល្អប្រសើរ។ បើតាមអ្នកជំនាញរូបនេះ សកម្មភាពដឹកជញ្ជូនដែលមានសម្ទុះខ្ពស់ជាងគេនោះ គឺការដឹកជញ្ជូនទៅកាន់តំបន់អាស៊ី ពិសេសប្រទេសចិន ដែលឆ្លុះបញ្ចាំឱ្យឃើញពីការរីកចម្រើននៃការនាំចេញកសិផលរបស់កម្ពុជាទៅកាន់ទីផ្សារទាំងនោះ។

ជាការកត់សម្គាល់របស់អ្នកជំនាញរូបនេះ ការដឹកជញ្ជូនទំនិញទៅកាន់តំបន់អឺរ៉ុប និងសហរដ្ឋអាមេរិក ក៏មានសកម្មភាពមមាញឹកដូចគ្នាដែរ ដែលជំរុញដោយការនាំចេញផលិតផលវាយនភណ្ឌ និងផលិតផលឧស្សហកម្មផ្សេងទៀត។ បើតាមការអះអាងរបស់លោកឧកញ៉ា ស៊ិន ចន្ធី ស្របពេលសកម្មភាពដឹកទំនិញមានការកើនឡើង តម្លៃដឹកជញ្ចូនទំនិញតាមផ្លូវទឹករបស់កម្ពុជានៅឆមាសទី១នេះ ក៏មានការកើនឡើងខ្ពស់ផងដែរ ពិសេសតម្លៃដឹកជញ្ជូនទៅកាន់តំបន់អឺរ៉ុប និងសហរដ្ឋអាមេរិក។

មិនសូវខុសគ្នាប៉ុន្មាននោះទេ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជាបានគូសបញ្ជាក់ថា ស្របពេលតម្រូវការបញ្ជាទិញមានការកើនឡើងខ្ពស់ សកម្មភាពដឹកជញ្ជូនទំនិញក៏មានភាពមមាញឹកផងដែរ ដែលកត្តានេះធ្វើឱ្យជួបបញ្ហាខ្វះទូកុងតឺន័រ និងបានជំរុញឱ្យតម្លៃដឹកជញ្ជូនហក់ឡើងខ្ពស់គួរឱ្យកត់សម្គាល់។ ជាក់ស្តែងតម្លៃដឹកជញ្ជូនទំនិញពីកម្ពុជាទៅកាន់តំបន់អឺរ៉ុប និងសហរដ្ឋអាមេរិកបច្ចុប្បន្នបានកើនឡើងប្រមាណ៣ដង បើធៀបនឹងតម្លៃក្នុងរដូវកាលធម្មតា ដោយបច្ចុប្បន្នតម្លៃដឹកជញ្ជូនក្នុង១ទូកុងតឺន័របានកើនដល់ជិត១ម៉ឺនដុល្លារឯណោះ។ នេះបើតាមការអះអាងរបស់អ្នកជំនាញរូបនេះ។

សូមជម្រាបថា នៅក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុមានការចរាចរទូកុងតឺន័រចេញចូលបានចំនួនជាង៤៧ម៉ឺនទូ មានកំណើនជាង២៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៅឆមាសទី១ ឆ្នាំ២០២៤ នេះ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជាជាមួយទីផ្សារអន្តរជាតិសម្រេចបានទំហំទឹកប្រាក់សរុបជាង២៦ពាន់លានដុល្លារមានការកើនឡើងជាង១២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិមានទំហំទឹកប្រាក់ជាង១២ពាន់លានដុល្លារ កើនឡើងជាង១២% និងការនាំចូលពីទីផ្សារអន្តរជាតិមកវិញមានចំនួនជិត១៤ពាន់លានដុល្លារ កើនឡើងជាង១២%៕

None



អត្ថបទបន្ទាប់


បណ្ដាញរត់ពន្ធមាសពីកម្ពុជាទៅវៀតណាមខុសច្បាប់ចំនួន២៤នាក់ត្រូវបានចាប់.ខ្លួន និងកាត់.ទោស

បណ្ដាញរត់ពន្ធមាសដ៏ស្មុគស្មាញពោរពេញដោយល្បិចកល ដែលពាក់ព័ន្ធនឹងបុគ្គលរហូតដល់ទៅ២៤នាក់ត្រូវបានតុលាការក្រុងហូជីមិញ បើកសវនាការជំនុំទោសពីបទលួ…

ការលក់គ្រំចំពុះទារបស់សហគមន៍ពាមក្រសោបមានការកើនឡើង តែពុំសូវទទួលបានប្រាក់ចំណេញ តើមកពីមូលហេតុអ្វី?

ទំហំលក់គ្រំចំពុះទារបស់សហគមន៍ពាមក្រសោបក្នុង១ឆ្នាំៗមានចន្លោះពី២ពាន់៥រយតោន ដល់៣ពាន់តោន ដែលភាគច្រើនបានផ្គត់ផ្គង់លើទីផ្សារក្នុងស្រុក។
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ