លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ ហាក់បង្ហាញការព្រួយបារម្ភពីបញ្ហាសុវត្ថិភាពក្រោយរដ្ឋាភិបាលសម្រេចបញ្ជូនអត្តពលិកកម្ពុជា ឱ្យចូលរួមប្រកួតព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣៣ នៅប្រទេសថៃ បើទោះបីភាគីថៃ បានចេញមកធានាក្នុងការរក្សាសុវត្ថិភាពជូនអត្តពលិកអន្តរជាតិ យ៉ាងណាក្ដី។ ការបង្ហាញក្តីបារម្ភបែបនេះធ្វើឡើងក្រោយអ្នកជំនាញរូបនេះ សង្កេតឃើញថា ប្រទេសថៃ ហាក់មានល្បិចច្រើន ដោយកាលពីពេលកន្លងទៅ ភាគីថៃ បានបំពានមកលើកម្ពុជា រួមទាំងទាហានឈុតខ្មៅថៃ បានរំលោភបំពានបូកទៅលើយុវតីជាពលករខ្មែរ ប៉ុន្តែភាគីថៃ ហាក់មិនបានបង្ហាញទំនួលខុសត្រូវឡើយ គួបផ្សំនៅក្នុងប្រទេសថៃ មានក្រុមជ្រុលនិយមច្រើនបក្ខពួក ដែលជាហេតុអាចកើតមានបញ្ហាណាមួយ។
ជាមួយគ្នានេះ លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព យល់ឃើញថា ខណៈកម្ពុជា មានឆន្ទៈគោរពតាមកិច្ចព្រមព្រៀងសន្តិភាព ដូច្នេះការបញ្ជូនអត្តពលិកឱ្យចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៥ នៅប្រទេសថៃជារឿងចាំបាច់ ដើម្បីជាការផ្សះផ្សារធ្វើឱ្យមានប្រក្រតីភាពឡើងវិញ តែយ៉ាងណាករណីរើសអើង ក៏អាចកើតមានផងដែរ ដែលតម្រូវអ្នកដែលដឹកនាំកីឡាករ និងកីឡាការិនីធ្វើរបាយការណ៍ជាប្រចាំដល់ស្ថាប័នអន្តរជាតិ ដើម្បីត្រួតពិនិត្យលើបញ្ហាផ្សេងៗ។ អ្នកជំនាញរូបនេះយល់ឃើញថា កម្ពុជា គួរដាក់សំណើរទៅស្ថាប័នកីឡាអន្តរជាតិផ្សេងៗជាមុនសិន ដើម្បីត្រៀមការពារ និងចាត់វិធានការក្នុងករណីប្រទេសថៃ មិនអាចទប់ស្កាត់ការរើសអើងបាន។
ពាក់ព័ន្ធបញ្ហានេះដែរ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជានឹងបញ្ជូនអត្តពលិកចំនួន២២២នាក់ មកពី២១ប្រភេទកីឡាឱ្យចូលរួមប្រកួតក្នុងកីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៥ នៅប្រទេសថៃ ត្បិតតាមគោលការណ៍ និងបទប្បញ្ញត្តិម្ចាស់ផ្ទះរៀបចំត្រូវធានាសុវត្ថិភាពដល់ក្រុមកីឡា ដែលទៅចូលរួមប្រកួតក្នុងប្រទេសខ្លួន។ បើតាមអគ្គលេខាធិការរូបនេះ ម្ចាស់ផ្ទះថៃ ក៏បានចេញអះអាងធានាសុវត្ថិភាពដល់ក្រុមអត្តពលិកកម្ពុជា ផងដែរ។
គួរបញ្ជាក់ថា ប្រភេទកីឡាទាំង២១ ដែលកម្ពុជាត្រូវប្រកួតប្រជែងនៅប្រទេសថៃ រួមមានអត្តពលកម្ម ហែលទឹក ជិះសេះ គុនដាវ កាយសម្ព័ន្ធ យូដូ តេក្វាន់ដូ WT ទ្រីយ៉ាត្លុង បាល់ទះ បាល់ទាត់ ចំបាប់ បញ្ចស៊ីឡា ឃីកបុកស៊ីង ប៉េតង់ សីដក់ ម៉ូតូទឹក ការ៉ាតេ ជឺជីតស៊ូ វូស៊ូ បាល់ទាត់លើតុ និងកីឡាអេឡិចត្រូនិក។ ជាមួយគ្នានេះ កីឡាគុនខ្មែរ និងកីឡាស្ទូឃើ បានប្រកាសពហិការមិនបញ្ជូនក្រុមអត្តពលិក ប្រតិភូ និង អ្នកពាក់ព័ន្ធទៅចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ នៅប្រទេសថៃ ដែលប្រព្រឹត្តទៅចន្លោះពីថ្ងៃទី៩-២០ ខែធ្នូ នោះទេ៕
អត្ថបទដោយ៖ ជា ម៉ារ៉ា