តាមពិតទៅ ការរំដោះចិញ្ចើមផ្លូវបានក្លាយជាបញ្ហាដ៏ស្មុគស្មាញ ព្រោះ យុទ្ធនាការនេះត្រូវបានពលរដ្ឋជាទូទៅប្រាថ្នាចង់បាន ហើយបានរិះគន់យុទ្ធនាការនេះថា មិនខុសពីការវែកចកនោះទេ។ យ៉ាងណាក៏ដោយ បើអាជ្ញាធរអនុវត្តតឹងរ៉ឹងមែន នោះនឹងធ្វើឲ្យប៉ះពាល់ដល់ជីវភាពពលរដ្ឋរាប់ម៉ឺនរាប់សែនគ្រួសារ ដែលរស់ពឹងលើរបរតាមចិញ្ចើមផ្លូវ។
ទាក់ទងបញ្ហានេះ លោក គង់ រតនៈ អនុប្រធានវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ បានអត្ថាធិប្បាយថា មានមូលហេតុចំនួន២ ដែលធ្វើឲ្យយុទ្ធនាការនេះមិនទទួលបានជោគជ័យ គឺពលរដ្ឋមិនចូលរួម ហើយការអនុវត្តរបស់អាជ្ញាធរមិនមានយន្ដការច្បាស់លាស់។
លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «ទីមួយ គឺពលរដ្ឋមិនចូលរួមបានច្រើនទេ ព្រោះ គាត់សម្អាងលើសេដ្ឋកិច្ចរបស់ពួកគាត់ពឹងផ្អែកលើការលក់ដូរតាមចិញ្ចើមផ្លូវ។ ពួកគាត់ដាក់តាំងរបស់របរលើចិញ្ចើមថ្នល់ ហើយគាត់ដឹងទៀតថា ពេលអាជ្ញាធរមក គាត់រើចូល តែអាជ្ញាធរទៅបាត់ គាត់តាំងលើចិញ្ចើមផ្លូវដដែល។ ទីពីរ អាជ្ញាធរមូលដ្ឋាន មិនមានយន្ដការនៃការពង្រឹងច្បាប់ ដូចជា ច្បាប់មានហើយថា ចិញ្ចើមផ្លូវមិនត្រូវបានរំលោភ អ៊ីចឹងបើពលរដ្ឋនៅតែរំលោភយកចិញ្ចើមថ្នល់ គាត់គួរតែទទួលការពិន័យផ្សេងៗ។ បើអាជ្ញាធរត្រូវត្រួតពិនិត្យឲ្យច្បាស់លាស់។…បើសិនជាអាជ្ញាធរអនុវត្តឲ្យមានភាពស្មើៗគ្នា កុំលំអៀង និងកុំយកសំណូក នោះចិញ្ចើមផ្លូវនឹងប្រសើរឡើង»។
លោកបន្ថែមថា កង្វះចិញ្ចើមផ្លូវ បានបង្កបញ្ហាជាច្រើន ដូចជា ងាយនឹងបង្កគ្រោះថ្នាក់ដល់អ្នកថ្មើរជើងដែលមិនមានឧបករណ៍ការពារដូចអ្នកប្រើយានជំនិះ បង្កឲ្យមានការស្ទះចរាចរណ៍ និងខូចសោភ័ណភាពទីក្រុងជាដើម។ លោកបន្តថា មុននឹងបណ្ដេញអ្នកលក់ដូរតាមផ្លូវ អាជ្ញាធរគួរតែមានដំណោះស្រាយមួយផ្សេងទៀត ចៀសវាងមានជម្លោះកើតឡើង។
ទាក់ទងនឹងបញ្ហានេះ លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានមានប្រសាសន៍ថា រដ្ឋបាលសាលារាជធានីភ្នំពេញ បានបើកយុទ្ធនាការរំដោះចិញ្ចើមផ្លូវតាំងពីដើមឆ្នាំ២០១៨ ដោយបានជ្រើសរើសមហាវិថីអាទិភាពចំនួន១១ ដើម្បីធ្វើជាគំរូក្នុងការអនុវត្តយុទ្ធនាការនេះ។
លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «រហូតមកដល់ពេលនេះ យើងគិតថា ជាលទ្ធផល យើងទទួលបាន៨០ ទៅ ៨៥ភាគរយហើយ។ ទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរនិងអ្នកពាក់ព័ន្ធនានា កំពុងតែសស្រាក់សស្រាំក្នុងការរៀបចំទៅតាមគោលដៅ សំដៅធ្វើយ៉ាងណាឲ្យផែនការរបស់យើងទទួលបានជោគជ័យ និងបញ្ជ្រាបទៅកាន់ទីតាំងផ្សេងទៀតនៅក្នុងក្រុងភ្នំពេញ»។
ទាក់ទងនឹងមតិអ្នកលក់ដូរតាមចិញ្ចើមផ្លូវមួយចំនួន ដែលតែងតែផ្តល់លុយកាក់ជាថ្នូរនឹងការមិនបណ្ដេញពួកគាត់ លោក ម៉េត មាសភក្ដី បានអះអាងថា ក្រុងបានទទួលយកមតិរបស់ពលរដ្ឋ ហើយក្រុងនឹងខិតខំអនុវត្តយុទ្ធនាការនេះបន្ដទៀត ពីព្រោះ ការកែប្រែផ្នត់គំនិតរបស់ពលរដ្ឋ ត្រូវប្រើពេលវេលាយូរដោយមិនអាចកំណត់បានថា តើពេលណាទើបអាចរំដោះចិញ្ចើមផ្លូវបានទាំងស្រុងនោះទេ?៕