លោក អ៊ុក សុមេធី នាយករងផែនការលទ្ធកម្ម និងស្ថិតិ នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានប្រាប់ខេមបូណូមីសថា នៅក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ បរិមាណទូកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួនជាង៤៧ម៉ឺន៦ពាន់ទូកុងតឺន័រ មានការកើនឡើងជាង២៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។
បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ ក្នុងចំណោមទូកុងតឺន័រទាំងនេះ ទូកុងតឺន័រនាំចូលមានកំណើន៣០% និងនាំចេញមានកំណើនជិត២១%។ តាមរយៈកំណើននេះ នាយករងផែនការលទ្ធកម្ម និងស្ថិតិរូបនេះ រំពឹងថា កំពង់ផែស្វយ័តក្រុងព្រះសីហនុនឹងអាចសម្រេចបានលទ្ធផលអាជីវកម្មដូចអ្វីដែលបានគ្រោងទុក ដែលរំពឹងទទួលបានទូកុងតឺន័រឆ្លងកាត់ក្នុងរង្វង់ប្រមាណ៩០ម៉ឺនកុងតឺន័រ ក្រោយលោកមើលឃើញពីសក្តានុពលនៃភាពរីកចម្រើនរបស់សេដ្ឋកិច្ចកម្ពុជា។
ជាមួយគ្នានេះឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុន Linehaul Express កត់សម្គាល់ឃើញថា នៅក្នុងឆមាសទី១ឆ្នាំនេះ ការដឹកជញ្ជូនទាំងផ្លូវគោក និងផ្លូវអាកាស ហាក់មានសកម្មភាពកើនឡើងបើធៀបនឹងឆ្នាំមុន។ បើតាមអ្នកជំនាញក្នុងវិស័យដឹកជញ្ជូនរូបនេះ ការកើនឡើងសកម្មភាពដឹកជញ្ជូនទំនិញនេះបានឆ្លុះបញ្ចាំងឱ្យឃើញពីភាពរីកចម្រើនរបស់វិស័យសំខាន់របស់កម្ពុជា ជាពិសេសវិស័យកសិកម្ម និងកើនឡើងតម្រូវការបញ្ជាទិញទំនិញពីខាងក្រៅ និងការប្រើប្រាស់ក្នុងស្រុក។
ជាមួយគ្នានេះ ឧកញ៉ា ស៊ិន ចន្ធី បានចាត់ទុកការកើនឡើងបរិមាណទូកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺដោយសារការយកចិត្តទុកដាក់ធ្វើកំណែទម្រង់សេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា។ អ្នកជំនាញរូបនេះជឿជាក់ថា វិស័យដឹកជញ្ជូននៅកម្ពុជានឹងកាន់តែមានសកម្មភាពមមាញឹកបន្ថែមទៀតនាពេលខាងមុខ ដែលត្រូវបានជំរុញដោយការនាំចេញផលិតផលក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ដែលជាវិស័យដ៏សំខាន់ក្នុងការជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ។
កំណើនទូកុងតឺន័រទំនិញឆ្លងកាត់នេះ បានបង្ហាញឱ្យឃើញថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួលការលើកដាក់ និងដឹកជញ្ជូនទំនិញចេញចូលរវាងប្រទេសកម្ពុជា និងប្រទេសជាដៃគូ។ កំពង់ផែនេះ បានក្តោបក្តាប់ចំណែកទីផ្សាររហូតដល់៧០% នៃចំនួនទូកុងតឺន័រ ដែលបានដឹកឆ្លងកាត់សរុបនៅកម្ពុជា។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៅឆមាសទី១ ឆ្នាំ២០២៤ នេះ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជាជាមួយទីផ្សារអន្តរជាតិ សម្រេចបានទំហំទឹកប្រាក់សរុបជាង២៦ពាន់លានដុល្លារមានការកើនឡើងជាង១២% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣។ ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិមានទំហំទឹកប្រាក់ជាង១២ពាន់លានដុល្លារ កើនឡើងជាង១២% និងការនាំចូលពីទីផ្សារអន្តរជាតិមកវិញមានចំនួនជិត១៤ពាន់លានដុល្លារ កើនឡើងជាង១២%៕
អត្ថបទ៖ បូ ដូឡា