អគារ Gold Tower 42 ជាន់

ក្រោយពីដេកលក់អស់ ១០ឆ្នាំ អគារ Gold Tower 42 ជាន់ បានភ្ញាក់ដឹងខ្លួនឡើងវិញហើយ!


ក្រោយពីដេកលក់អស់ជិត ១ទសវត្សរ៍ អគារ Gold Tower 42 ជាន់ បានភ្ញាក់ដឹងខ្លួនឡើងវិញហើយ ដោយមានអាណាព្យាបាលក្រុមហ៊ុនចិនធំៗចំនួន ២ បានបោះទុនវិនិយោគលើអគារនេះ កាលពីដើមឆ្នាំ២០១៨ ខណៈដែលមកទល់ពេលនេះ បានសង់សម្រេចគ្រោងអគារទាំងមូល និងរង់ចាំតែការតុបតែងផ្នែកខាងក្រៅ និងខាងក្នុងប៉ុណ្ណោះ។ បើតាមការបញ្ជាក់ពី អ្នកគ្រប់គ្រងក្រុមហ៊ុនសាងសង់អគារនេះ បានឲ្យដឹងថា យូរបំផុត នៅដើមឆ្នាំ ២០២០ ខាងមុខ អគារខ្ពស់ដែលជាប់ឈ្មោះសង់យូរឆ្នាំជាងនេះ នឹងត្រូវសាងសង់រួចរាល់ជាស្ថាពរហើយ។
អគារ Gold Tower 42 ជាន់ (រូបភាព៖ ហេង ភារម្យ)
ដោយ

អគារ​ Gold Tower 42 នេះ ត្រូវបាន​ចាប់​ផ្ដើម​សាង​សង់​ឡើងវិញ​នៅចុងខែ មករា ឆ្នាំ២០១៨ ក្រោយពី​មាន​ការ​សហការ​រវាង​​ក្រុមហ៊ុន​ធំៗ គឺ​ក្រុមហ៊ុន Yunwoo របស់​កូរ៉េ​ ដែលជា​ក្រុមហ៊ុន​ម្ចាស់ដើម​នៃ​គម្រោងនេះ រួមជា​មួយ​ក្រុមហ៊ុន​​សាងសង់​​មក​ពី​តៃវ៉ាន់ Waiman និង​​ក្រុមហ៊ុន​ដេគ័រ​​របស់ចិន Hongtao ។ បើតាម​ អ្នកគ្រប់គ្រង​ក្រុមហ៊ុន Hongtao បាន​ឲ្យដឹងថា ក្រុមហ៊ុន​ ចិន Hongtao និងក្រុមហ៊ុន តៃវ៉ាន់ Wainman គឺំ​មានភាគហ៊ុន​លើ​គម្រោង​អគារនេះ ខណៈក្រុមហ៊ុន​កូរ៉េ​ Yunwoo គឺមានភាគហ៊ុន​តិចជាងគេ។ តែយ៉ាងណា អ្នកគ្រប់គ្រង​ជាន់ខ្ពស់​ក្រុមហ៊ុន Hongtao រូបនេះ មិនបានបញ្ជាក់ពី​ចំនួន​ភាគហ៊ុន​ជាក់លាក់របស់​ក្រុមហ៊ុន​នីមួយៗនោះឡើយ។ ​

​លោក Samuel វិស្វករ​ជាន់​ខ្ពស់​​​​របស់​ក្រុមហ៊ុន​ Shenzhen Hongtao Decoration បាន​លើក​ឡើង​ថា អគារ​នេះ បាន​សាងសង់​​បន្ត ​អគារ​ Gold Tower 42 នេះ នៅពេល​ដែល​ផ្អាកការ​សាងសង់​ គឺ​ទើបតែ​សង់បាន​ដល់​​ជាន់​​ទី​​​៣០ ប៉ុណ្ណោះ។ ដើម្បី​បញ្ចប់​ការសាងសង់​ រហូត​ដល់​​​ជាន់​ទី​​៤២ ក្រុមហ៊ុន​​បាន​ចំណាយ​​ទឹកប្រាក់​​អស់​ប្រមាណ​ ៣លាន​ដុល្លារ​អាមេរិក​ហើយ។ 

បើតាមការ​គូស​បញ្ជាក់ពីលោក Samuel នៅដើម​ឆ្នាំ២០២០ ខាងមុខ​នេះ អគារ Gold Tower នេះ នឹងសាងសង់​រួច​រាល់​ជាស្ថាពរ ដោយនឹងត្រូវ​ចំណាយ​​ទុន​​សរុប​​ទាំងមុន និងក្រោយ​​អស់​ប្រមាណ​​ជាង ​២០០ លាន​ដុល្លារ​អាមេរិក ហើយ​នៅពាក់​​​ឆ្នាំ២០១៩នេះ ក្រុមហ៊ុន​នឹង​ទើប​ចាប់​ផ្ដើម​បើកលក់​ឡើង​វិញជា​ផ្លូវការ។

វិស្វករជាន់ខ្ពស់រូបនេះ បានបន្ថែម​ទៀតថា មុននឹង​​មានការ​​ចុះកិច្ចសន្យា​​សាងសង់​ឡើងវិញនេះ ពោលគឺ​​កាលអគារ​​នេះសាងសង់​​ឡើងដំបូង ក៏​មាន​អតិថិជន​​បាន​ទិញ​​រួចខ្លះៗហើយ ប៉ុន្ដែ​ក្រោយ​ពីមាន​វិបត្តិ​សេដ្ឋកិច្ច​សកល​​កាលពី​ជាង ១០ឆ្នាំមុននោះ បានធ្វើឲ្យ​អគារ​នេះត្រូវ​ជាប់គាំង ប៉ុន្ដែ មកទល់ពេល​នេះ ក្រុមហ៊ុន​​បាន​គិតគូរ​​សងប្រាក់កក់​ទៅឲ្យ​​អតិថិជន​​ចាស់ៗ​រួចរាល់​ទាំងនោះ​អស់ហើយ។

អគារ Gold Tower មាន​ផ្ទៃក្រឡា​សរុប​ប្រមាណ ១៤ ម៉ឺន​ម៉ែត្រការ៉េ ដែលក្នុងនោះ មាន​ផ្សារ បន្ទប់ការិយាល័យ និងកន្លែង​កម្សាន្ដផ្សេងទៀត។ 

ឯកឧត្តម លាង មុនីរិទ្ធ រដ្ឋលេខាធិការ​​​ក្រសួង​​​រៀប​ចំ​ដែនដី នគរូបនីយកម្ម និងសំណង់ បាន​លើក​ឡើងថា អគារ​ Gold Tower 42 ត្រូវបាន​​ក្រុមហ៊ុន​ Yunwoo បានផ្អាក​​ការសាងសង់​​តាំងពី​ឆ្នាំ​២០១០ មកម្លេះ ដោយសារ​តែឥទ្ធិពល​​នៃ​វិបត្តិ​សេដ្ឋកិច្ច​​សកល។ ហើយកន្លង​មក​ខាង​​ក្រសួង​​ក៏ដូចជា រាជរដ្ឋាភិបាល​​ ក៏​បាន​យក​ចិត្ត​ទុក​ដាក់​​ក្នុងការ​ជួយ​​សម្រប​សម្រួល​​លើការ​សាងសង់​អគារនេះ​​ឡើង​វិញផងដែរ។ ក្រោយពី​​​អគារនេះ បញ្ចប់​​ការសាងសង់​​ជាស្ថាពរ ឯកឧត្តម ជឿជាក់ថា នឹងជួយ​លើកមុខ​មាត់​​កម្ពុជា ពិសេស​ គឺ​សក្ដានុពល​វិស័យ​សំណង់​​កាន់តែ​​ប្រសើរ​ឡើងថែម​មួយកម្រិត​ទៀត។

អគារ​ Gold Tower 42 (ខេមបូណូមីស)

បើ​តាម​ការ​អះអាង​ពី​អ្នក​ជំនាញ​ក្នុង​វិស័យ​អចលន​ទ្រព្យ​បាន​ឲ្យ​ដឹង​ថា ភាព​ជាប់​គាំង​នៃ​គម្រោង​វិនិយោគ​អគារ ៤២​ជាន់ កន្លង​មក បើ​គិត​មក​ទល់​ពេល​នេះ គេ​លែង​រាប់​បញ្ចូល​ជា​បញ្ហា​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ហើយ ព្រោះ​បច្ចុប្បន្ន​មាន​គម្រោង​អគារ​ខ្ពស់​រាប់​សិប​គម្រោង​ត្រូវ​បាន​បំពេញ​បេសកកម្ម​របស់​ខ្លួន​ទទួល​បាន​ជោគជ័យ។

គួរជម្រាបថា របាយការណ៍​ក្រសួង​រៀបចំដែន​ដីនគ​រូបនីយ​កម្ម​និងសំណង់​បង្ហាញថា នៅឆ្នាំ២០១៨ នេះតម្លៃ​ទុនវិនិ​យោគលើ​វិស័យ​សំណង់​មានការ​ថយចុះ​ប្រមាណ​ជាង ១៨ភាគរយ ពោលគឺ​តម្លៃទុន​វិនិយោគ​មាន​​នៅត្រឹម​ជាង ៥ពាន់លាន​ដុល្លារ ខណៈឆ្នាំ២០១៧ តម្លៃទុន​វិនិយោគ​មាន​រហូត​ជាង ៦ពាន់​លាន​ដុល្លារ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទីក្រុង​រណបថ្មី នា​ភាគ​ខាង​ត្បូង​​ភ្នំពេញ​​ លេច​រូបរាង​​ឡើង​កាន់​​តែ​លេចធ្លោ!

ព័ត៌មាន
ក្រោយ​ពី​សង់​ផ្លូវ​៦០​ម៉ែត្រ ដែល​ជា​សមិទ្ធផល​ដុំ​កំភួន​មួយ​នៃ​គម្រោង​ទីក្រុង​រណប ING City សម្រេច​រួច​រាល់ គេ​សង្កេត​ឃើញ​ថា គម្រោង​ធំៗ…

បុគ្គលិកធនាគារអេស៊ីលីដាជាង ២០០នាក់បានស្ម័គ្រចិត្តផ្តល់ឈាម

ព័ត៌មាន
ក្នុងនាមជាស្ថាប័នធនាគារ ដែលឈានមុនគេមួយនៅកម្ពុជា អេស៊ីលីដាបានចូលរួមក្នុងការងារសង្គមយ៉ាងច្រើន បើទោះជាមានភាពមមាញឹកក្នុងការបម្រើសេវាកម្មហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ