លោកស្រី អ៊ីនដ្រានី រ៉ាចា (Indranee Rajah) រដ្ឋមន្ត្រីការិយាល័យនាយករដ្ឋមន្ត្រីសិង្ហបុរី (PMO) កាលពីពេលថ្មីៗបានប្រាប់សភាសិង្ហបុរីថា ផ្អែកលើនិន្នាការបច្ចុប្បន្នចំនួនអ្នកស្លាប់នៅប្រទេសសិង្ហបុរី អាចមានច្រើនជាងចំនួនអ្នកកើតនៅពាក់កណ្តាលនៃទសវត្សរ៍ឆ្នាំ២០៣០។
កាលពីឆ្នាំ២០២៣ ចំនួនអ្នកស្លាប់នៅសិង្ហបុរី មានជិត២ម៉ឺន៥ពាន់នាក់ មានការកើនឡើងរហូតដល់៤០% បើធៀបនឹងចំនួនអ្នកស្លាប់កាលពីឆ្នាំ២០១៤ ដែលមានចំនួនជាង១ម៉ឺន៧ពាន់នាក់ ហើយចំនួនទារកទើបកើត ក៏មានការធ្លាក់ចុះក្នុងរង្វង់ពេលដូចគ្នានោះដែរ។
បើតាមអ្នកនាំពាក្យរបស់ការិយាល័យនាយករដ្ឋមន្ត្រីសិង្ហបុរីម្នាក់ បាននិយាយថា នៅក្នុងឆ្នាំ២០២៣ កន្លងទៅចំនួនអ្នកកើតនៅប្រទេសសិង្ហបុរី មានចំនួនជិត២ម៉ឺន៩ពាន់នាក់ មានការធ្លាក់ចុះ១៣% បើធៀបនឹងឆ្នាំ២០១៤ ដែលមានអ្នកកើតជាង៣ម៉ឹន៣ពាន់នាក់។
លោកស្រី អ៊ីនដ្រានី បាននិយាយថា ការព្យាករនេះបានបង្ហាញពីកំណើន និងការប្រែប្រួលចំនួនប្រជាជនដែលអាចកើតមានឡើងក្នុងពេលអនាគត។ តែយ៉ាងណាលោកស្រីអះអាងថា ការព្យាករនេះអាចមានការប្រែប្រួលទៅតាមពេលវេលាជាក់ស្ដែង។ ក្រុមអ្នកសិក្សាអំពីបញ្ហាចំនួនប្រជាជនបាននិយាយថា បញ្ហានេះនឹងផ្តល់ផលវិបាកយ៉ាងទូលំទូលាយទៅលើកម្លាំងការងារ និងសក្ដានុភាពសេដ្ឋកិច្ចរបស់សិង្ហបុរី៕
អត្ថបទ៖ សុខ មង្គល