វិស័យអចលនទ្រព្យកំពុងនឹងការផ្គត់ផ្គង់លើសតម្រូវការ និងភាពឆ្អែតនៃទីផ្សារ

ភាពឆ្អែតនៃទីផ្សារ និងការផ្គត់ផ្គង់លើសតម្រូវការកំពុងក្លាយជាបញ្ហាប្រឈមសម្រាប់វិស័យអចលនទ្រព្យកម្ពុជា


ភាពឆ្អែតនៃទីផ្សារ និងការផ្គត់ផ្គង់លើសតម្រូវការកំពុងក្លាយជាបញ្ហាប្រឈមមួយសម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ និងលំនៅឋាននៅកម្ពុជា។ បញ្ហាទាំងនេះត្រូវបានអ្នកជំនាញក្នុងវិស័យអចលនទ្រព្យវាយតម្លៃថា គឺវាបណ្តាលមកពីការអភិវឌ្ឍក្នុងវិស័យនេះមានការរីកចម្រើនឆាប់រហ័សពេកស្របពេលក្រុមហ៊ុនអភិវឌ្ឍន៍មួយចំនួនមិនបានសិក្សាពីតម្រូវការឲ្យបានច្បាស់លាស់ ក៏ដូចជាអភិវឌ្ឍន៍មិនឆ្លើយតបនឹងតម្រូវការជាដើម។
ភាពឆ្អែតនៃទីផ្សារ និងការផ្គត់ផ្គង់លើសតម្រូវការកំពុងក្លាយជាបញ្ហាប្រឈមសម្រាប់វិស័យអចលនទ្រព្យកម្ពុជា

កង្វះបទបញ្ញត្តិ និងការធ្លាក់ចុះប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ដែលបណ្តាលមកពីការឆ្លងរីករាតត្បាតនៃជំងឺកូវីដ-១៩ និងវិបត្តិសង្គ្រាមនៅអ៊ុយក្រែនអូសបន្លាយពេលយូរ និង បញ្ហាជម្លោះពាណិជ្ជកម្មរវាងប្រទេសមហាអំណាចពិភពលោក ចិន និងអាមេរិក ទាំងអស់គឺសុទ្ធតែបានធ្វើឲ្យប៉ះពាល់ដល់ទីផ្សារអចលនទ្រព្យ ពិសេសអ្នកអភិវឌ្ឍបុរីលំនៅឋាននៅកម្ពុជាមានការធ្លាក់ចុះផងដែរ។ ទន្ទឹមនឹងបញ្ហាប្រឈមទាំងនេះ ទីផ្សារអចលនទ្រព្យ និងសំណង់លំនៅឋាននៅកម្ពុជាក៏នៅមានក្តីសង្ឃឹមផងដែរ តាមរយៈរំពឹងទទួលបានផលប្រយោជន៍ពីការងើបឡើងវិញនៃវិស័យទេសចរណ៍ ការវិនិយោគរបស់ជនបរទេស និងការកើនឡើងចំនួនប្រជាជនដែលមានជីវភាពកម្រិតមធ្យម។

លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានគូសបញ្ជាក់ថា ទីផ្សារអចលនទ្រព្យ ជាពិសេសលំនៅឋាន ខុនដូ អគារសម្រាប់ជួល និងអគារពាណិជ្ជកម្មជាដើម កំពុងប្រឈមនឹងបញ្ហាភាពឆ្អែតនៃទីផ្សារ និងការផ្គត់ផ្គង់លើសតម្រូវការនាពេលបច្ចុប្បន្ន។ អ្នកជំនាញរូបនេះអះអាងថា បញ្ហាទាំងនេះគឺបណ្តាលមកពីការអភិវឌ្ឍក្នុងវិស័យនេះ មានការរីកចម្រើនឆាប់រហ័សពេក ដែលធ្វើឲ្យការផ្គត់ផ្គង់មិនឆ្លើយតបនឹងតម្រូវការជាក់ស្តែង ស្របពេលតម្រូវការរបស់ប្រជាពលរដ្ឋមានការធ្លាក់ចុះ បន្ទាប់ពីពួកគេជួបបញ្ហាធ្លាក់ចុះប្រាក់ចំណូល ក្រោយសេដ្ឋកិច្ចពិភពលោក និងសេដ្ឋកិច្ចកម្ពុជារងផលប៉ះពាល់ដោយសារឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ និងឥទ្ធិពលនៃសង្គ្រាមនៅអ៊ុយក្រែន និងជម្លោះពាណិជ្ជកម្មរវាងចិន និងអាមេរិក។ កង្វះបទបញ្ញត្តិក្នុងការគ្រប់គ្រង និងខ្វះការសិក្សាពីតម្រូវការទីផ្សារទាំងក្នុងស្រុក និងក្រៅស្រុកមុនការអភិវឌ្ឍ ក៏ជាបញ្ហារួមចំណែកមួយក្នុងការធ្វើឲ្យទីផ្សារអចលនទ្រព្យឆ្អែត និងការផ្គត់ផ្គង់លើសតម្រូវការផងដែរ។

ឯកឧត្តម តាន់ មុនីវណ្ណ អគ្គនាយករងក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុបនិងជាទីប្រឹក្សាជាន់ខ្ពស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាបានបង្ហាញហេតុផលមួយចំនួន ដែលធ្វើឲ្យទីផ្សារអចលនទ្រព្យ ជាពិសេសសំណង់លំនៅឋាន ខុនដូ និងអគារពាណិជ្ជកម្មមួយចំនួនជួបបញ្ហាទីផ្សារលក់អត់ចេញនៅមួយរយៈចុងក្រោយ បន្ទាប់ពីសេដ្ឋកិច្ចកម្ពុជា និងពិភពលោកជួបបញ្ហាភាពមិនច្បាស់លាស់។ អ្នកជំនាញរូបនេះអះអាងថា កត្តាដែលធ្វើឲ្យទីផ្សារអចលនទ្រព្យនៅកម្ពុជាធ្លាក់ចូលទៅក្នុងបញ្ហាប្រឈម គឺដោយសារការផ្គត់ផ្គង់លើសតម្រូវការ ព្រោះអ្នកអភិវឌ្ឍន៍គ្មានតួលេខច្បាស់លាស់ពាក់ព័ន្ធនឹងតម្រូវការ ស្របពេលទីផ្សារអចលនទ្រព្យកំពុងប្រកួតប្រជែងគ្នាដោយគ្មានតម្លាភាព។ ម្យ៉ាងទៀតមានសំណង់អគារមួយចំនួនសាងសង់មិនសមស្របនឹងតម្រូវការទីផ្សារ ដែលមានការផ្តោតលើតម្លៃខ្ពស់ និងគ្មានចំណតគ្រប់គ្រាន់សម្រាប់ចតយានយន្ត។ លោកបណ្ឌិត តាន់ មុនីវណ្ណ បានបញ្ជាក់ទៀតថា ការកែប្រែដីកសិកម្មទៅជាដីអភិវឌ្ឍន៍លំនៅឋានលឿនជ្រុលពេក ដោយគ្មានច្បាប់គ្រប់គ្រងត្រឹមត្រូវ ក៏ជាកត្តារួមចំណែកធ្វើឲ្យការផ្គត់ផ្គង់លើសតម្រូវការផងដែរ។

ទោះបយ៉ាងនេះក្តីលោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជារំពឹងថា ការរីកចម្រើននៃវិស័យទេសចរណ៍ លំហូរវិនិយោគពីបរទេស និងការកើនឡើងប្រាក់ចំណូលរបស់ប្រជាជនពីចំណូលតិចតួចមកមធ្យម នឹងជួយផ្តល់ក្តីសង្ឃឹមដល់ការងើបឡើងវិញនៃតម្រូវការទីផ្សារអចលនទ្រព្យនៅកម្ពុជា ដែលកំពុងស្ថិតក្នុងស្ថានភាពមិនសូវល្អ។ សម្រាប់លោក សន សៀប វិស័យទេសចរណ៍មិនត្រឹមតែជាវិស័យសសរស្តម្ភសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងជាវិស័យមួយ ដែលជំរុញកំណើនអភិវឌ្ឍន៍ និងទីផ្សារក្នុងវិស័យអចលនទ្រព្យផងដែរ។

ដោយឡែកបើតាមការគូសបញ្ជាក់របស់ឯកឧត្តម ឡៅ ទិព្ធសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា មានគម្រោងជាង ១ពាន់៤រយគម្រោង ដែលមានទុនវិនិយោគជាង២ពាន់២រយលានដុល្លារ ត្រូវបានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ផ្តល់លិខិតអនុញ្ញាតឲ្យសាងសង់នៅក្នុងពេល៥ខែឆ្នាំនេះ។ ទំហំទុនវិនិយោគនេះមានការកើនឡើង១៣៨% បើធៀបនឹងទុនវិនិយោគក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ ក្នុងចំណោមគម្រោងទាំងនេះ មានគម្រោងអភិវឌ្ឍន៍ដោយវិនិយោគិនបរទេសចំនួន៤១គម្រោងជាមួយទុនវិនិយោគជិត៦រយលានដុល្លារអាមេរិក។ វិនិយោគិនបរទេសដែលបានមកបោះទុនវិនិយោគនៅកម្ពុជារួមមានវិនិយោគិនចិន ជប៉ុន កូរ៉េខាងត្បូង និងមកពីប្រទេសមួយចំនួនទៀត។ តាមការវាយតម្លៃរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ប្រជាពលរដ្ឋកម្ពុជាមានតម្រូវការផ្ទះប្រមាណ៨០ម៉ឺនខ្នងក្នុង១ឆ្នាំ៕




អត្ថបទបន្ទាប់


ក្រសួងទេសចរណ៍ស្នើឱ្យរដ្ឋាភិបាលរក្សាទុកអាកាសយានដ្ឋានអន្តរជាតិសៀមរាបចាស់ ធ្វើជាសាលសន្និសីទ និងកន្លែងពិព័រណ៍អន្តរជាតិ

ព័ត៌មាន
ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានបង្ហាញការគាំទ្រចំពោះសំណើររបស់សមាជិកសមាជិការនៃអង្គសន្និបាត ដែលគ្រោងស្នើសុំសម្តេចតេជោ ហ៊ុន សែន …

ហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍នៅប្រទេសវៀតណាមកំពុងតែបម្រើសេវាលើសចំណុះ

ព័ត៌មាន
ប្រទេសវៀតណាមនៅពេលនេះកំពុងតែធ្វើប្រតិបត្តិការអាកាសយានដ្ឋានសរុបចំនួន ២២ កន្លែង ដោយនៅក្នុងនោះ ២១ កន្លែង គឺកំពុងតែគ្រប់គ្រប់ដោយក្រុមហ៊ុនសាជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ