ទោះយ៉ាងណា សិង្ហបុរី ក៏បានព្យាករពីកំណើនពាណិជ្ជកម្មរបស់ខ្លួនផងដែរនៅឆ្នាំនេះ ដែលជំរុញដោយការធ្វើពាណិជ្ជកម្មប្រេង និងគ្រឿងអេឡិចត្រូនិក។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានសិង្ហបុរី CNA។
ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម (MTI) សិង្ហបុរីបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់សិង្ហបុរីសម្រាប់ឆ្នាំនេះ ត្រូវគេរំពឹងថា នឹងស្ថិតនៅកម្រិតចន្លោះពី ៣% ទៅ ៤ % ដែលទាបជាងការំរំពឹងទុកកាលពីពេលមុនបន្ដិច ដែលថានឹងមានកម្រិតចន្លោះពី ៣% ទៅ ៥%។
ជាមួយគ្នានេះដែរ ក្រុមអ្នកបង្កើតគោលនយោបាយបានព្រមានកាលពីខែឧសភាថា កំណើនសេដ្ឋកិច្ចសិង្ហបុរី ដែលជាខ្លាសេដ្ឋកិច្ចប្រចាំតំបន់អាស៊ីនោះ ទំនងជានឹងធ្លាក់ចុះទាបជាងពាក់កណ្តាលនៃតួលេខដែលគេបានព្យាករចន្លោះពី ៣ ទៅ ៥% សម្រាប់ឆ្នាំនេះ។ ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មរបស់សិង្ហបុរីបាននិយាយថា បរិយាកាសសេដ្ឋកិច្ចពិភពលោកនាពេលអនាគតបានបង្ហាញពីសញ្ញាស្រុតចុះបន្ថែមទៀត ចាប់តាំងពីមានការវាយតម្លៃចុងក្រោយរបស់សិង្ហបុរីកាលពីខែឧសភាមក។
ការកើនឡើងសម្ពាធអតិផរណាខ្លាំងជាងការរំពឹងទុក និងការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាល គឺជាមូលហេតុសំខាន់ក្នុងការបន្ថយល្បឿនកំណើនសេដ្ឋកិច្ចនៅតាមប្រទេសមានសេដ្ឋកិច្ចជឿនលឿនធំៗ មួយចំនួនដូចជា សហរដ្ឋអាមេរិក និងតំបន់ចាយលុយអឺរ៉ូជាដើម។
ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី បាននិយាយនៅក្នុងរបាយការណ៍របស់ខ្លួនថា ទស្សនវិស័យតម្រូវការខាងក្រៅសម្រាប់សេដ្ឋកិច្ចសិង្ហបុរីបានធ្លាក់ចុះ បើប្រៀបធៀបទៅនឹងរយៈពេល៣ខែមុននេះ។
ទន្ទឹមនេះដែរ ទស្សនវិស័យពីការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោកគឺនៅតែមានហានិភ័យខ្ពស់នៅឡើយ។ ហានិភ័យទាងនោះ រួមមាន មានលទ្ធភាពកើនឡើងថែមទៀតនូវសង្រ្គាមអ៊ុយក្រែន ការកែតម្រូវទីផ្សារគ្មានសណ្តាប់ធ្នាប់ ឱ្យស្របតាមគោលនយោបាយរូបិយវត្ថុដែលរឹតបន្តឹងនៅតាមប្រទេសមានសេដ្ឋកិច្ចជឿនលឿន ការកើនឡើងភាពតានតឹងភូមិសាស្ត្រនយោបាយក្នុងតំបន់ និងការផ្ទុះឡើងនៃជំងឺកូវីដ ១៩។
ទោះជាសិង្ហបុរីបានព្យាករបន្ទាបផលិតផលក្នុងស្រុកសរុបរបស់ខ្លួនក៏ពិតមែន ប៉ុន្តែ ប្រទេសនេះក៏បានបង្កើនការព្យាករពីកំណើនពាណិជ្ជកម្មរបស់ខ្លួនរហូតដល់ ៩,១%នៅក្នុងត្រីមាសទី២សម្រាប់ឆ្នាំ២០២២នេះផងដែរ។
សហគ្រាសសិង្ហបុរី (ESG) បាននិយាយរបាយការណ៍ពិនិត្យមើលឡើងវិញរបស់ខ្លួនថា កត្តាដែលជំរុញឱ្យមានកំណើនពាណិជ្ជកម្មនេះ គឺដោយសារការធ្វើពាណិជ្ជកម្មប្រេងនិងគ្រឿងអេឡិចត្រូនិកព្រមទាំងតម្លៃប្រេងឡើងខ្ពស់ជាងការរំពឹងទុកផងដែរ ហើយការនាំចេញផលិតផលក្នុងស្រុកដែលមិនមែនជាប្រេង (NODX) អាចកើនឡើង ៥% ដល់ ៦% គឺខ្ពស់ជាងការព្យាករកាលពីខែឧសភាទៅទៀត ដែលកាលនោះបានព្យាករថានឹងមានត្រឹមចន្លោះពី ៣ ទៅ ៥%តែប៉ុណ្ណោះ៕
អត្ថបទ៖ សុខ ជា