ដោយមានចំនួនប្រជាជនវ័យក្មេងអាយុជាមធ្យម ៣០ ឆ្នាំកើនឡើងច្រើន និងភាគរយខ្ពស់នៃការប្រើប្រាស់អ៊ីនធឺណិត និងទូរស័ព្ទចល័តនោះ តំបន់អាស៊ីអាគ្នេយ៍បានសម្លឹងមើលទៅលើការចាប់ផ្តើមផែនការជាច្រើននៅក្នុងការទូទាត់តាមប្រព័ន្ធឌីជីថល ពាណិជ្ជកម្មតាមអេឡិចត្រូនិក និង និងរូបិយបណ្ណឌីជីថលជាដើម។
លោកស្រី ប៊ីនីឌិច ណូឡិន (Benedicte Nolens) ជាប្រធានមជ្ឈមណ្ឌលនវានុវត្តនៃធនាគារសម្រាប់ការទូទាត់អន្តរជាតិនៅទីក្រុងហុងកុង (BIS) បានប្រាប់ក្រុមប្រឹក្សាដែលរៀបចំសន្និសីទចិនស្ដីពី«អាស៊ីអាគ្នេយ៍»ថា តំបន់អាស៊ីអាគ្នេយ៍គឺ ជាទឹកដីដែលអំណោយផលសម្រាប់ការបង្កើតថ្មីនៃការទូទាត់តាមប្រព័ន្ធឌីជីថល។ នៅពេលគេបានឃើញពាណិជ្ជកម្មតាមអ៊ីនធើណែតកើនឡើង តាមធម្មតា គឺវាដំណើរការល្អជាមួយយន្តការទូទាត់តាមប្រព័ន្ធថ្មីបែបនេះហើយ។
រូបិយប័ណ្ណឌីជីថលរបស់ធនាគារកណ្តាល (CBDCs) បាននិងកំពុងមានភាពពេញនិយមកាន់តែកើនឡើងនៅក្នុងតំបន់អាស៊ី។ តួយ៉ាង ប្រទេសចិនបានចាប់ផ្តើមបង្កើតរូបិយបណ្ណឌីជីថលរបស់ខ្លួនដែលហៅថា e-yuan នៅក្នុងឆ្នាំ២០១៤ ប៉ុន្តែឥឡូវនេះ ក្រុងហុងកុងក៏កំពុងសិក្សាពីការចាប់ផ្តើមនៃការបង្កើតប្រាក់ឌីជីថល អ៊ីដុល្លារហុងកុង (e-HKD) ផងដែរ។
អាជ្ញាធររូបិយវត្ថុហុងកុង ដែលជាធនាគារកណ្តាលបច្ចុប្បន្នរបស់ទីក្រុងនេះ បាននិងកំពុងធ្វើការជាមួយធនាគារកណ្តាលចិន (PBOC) និងធនាគារកណ្តាលនៃប្រទេសថៃព្រមទាំងជាមួយប្រទេសអារ៉ាប់រួមលើគម្រោងដែលគេហៅថា «ស្ពានរូបិយវត្ថុ ឬហៅថា mBridge» ដើម្បីបង្កើតកម្មវិធីទូទាត់រូបិយបណ្ណឌីជីថលរបស់ធនាគារកណ្តាល។
នៅប្រទេសផ្សេងទៀតដូចជាសិង្ហបុរីកាលពីឆ្នាំមុន បានសហការជាមួយធនាគារកណ្តាលនៅប្រទេសអូស្ត្រាលី ម៉ាឡេស៊ី និងអាហ្វ្រិកខាងត្បូងរួមជាមួយមជ្ឈមណ្ឌលនវានុវត្តន៍ (BIS) ផងដែរ ដើម្បីស្វែងរកការបង្កើតគម្រោង Project Dunbar សម្រាប់ការអភិវឌ្ឍកម្មវិធីទូទាត់ឆ្លងដែននៃរូបិយបណ្ណឌីជីថលរបស់ធនាគារកណ្ដាលផ្សេងៗគ្នា។
ត្រូវបានស្រង់សម្ដីមកចុះផ្សាយដោយសារព័ត៌មាន South China Morning Post លោកជំទាវ ជា សេរី ឧបការីទេសាភិបាល និងជាអគ្គនាយិកាបច្ចេកទេសធនាគារជាតិនៃកម្ពុជាបានមានប្រសាសន៍ថា មានឱកាសច្រើនដើម្បីធ្វើឱ្យសេដ្ឋកិច្ចអ៊ីនធឺណិតរីកចម្រើននៅតំបន់អាស៊ីអាគ្នេយ៍។ ប្រទេសកម្ពុជា ជាប្រទេសតូចមួយ ដែលមានប្រជាជនចំនួន១៦លាននាក់ ដែលមានអ្នកប្រើប្រាស់ទូរស័ព្ទចល័តប្រហែល ២០ លានគ្រឿង។
លោកជំទាវ ជា សេរី បានបន្ថែមទៀតថា ជំងឺកូវីដ១៩ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះបានជំរុញឱ្យមានឌីជីថលនីយកម្ម នៃសេដ្ឋកិច្ចបន្ទាប់ពីរដ្ឋាភិបាលជាច្រើនបានដាក់វិធានការបិទខ្ទប់ និងលើកទឹកចិត្តប្រជាពលរដ្ឋខ្លួនឱ្យទិញទំនិញតាមអ៊ីនធឺណិត។ បញ្ហានេះបានជំរុញឱ្យមានការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថលនៅក្នុងប្រទេសកម្ពុជា និងពិភពលោកទាំងមូលកើនឡើងកាន់តែខ្លងផងដែរ៕អត្ថបទ៖ សុខ ជា