ធនធានមនុស្ស

សិង្ហបុរី កំពុងជួបបញ្ហាកំណើនមនុស្សវ័យចំណាស់ខ្ពស់ជាងគេនៅតំបន់អាស៊ាន


ស្ថិតិផ្លូវការបានបង្ហាញថា ចំនួនប្រជាជនសិង្ហបុរី អាយុចាប់ពី៦៥ឆ្នាំឡើងទៅបានកើនឡើងដល់ជិត២១% នៃចំនួនប្រជាជនសរុបរបស់ខ្លួនជាង៦លាននាក់ ដែលជាចំនួនមួយខ្ពស់ជាងគេបើធៀបនឹងបណ្តាប្រទេសអាស៊ានទាំង១០។ ជាមួយគ្នានេះក្រុមអ្នកបង្កើតគោលនយោបាយរបស់សិង្ហបុរី កំពុងព្យាយាមដោះស្រាយបញ្ហាកំណើនមនុស្សវ័យចំណាស់នេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន នីកេអេស៊ា។
ធនធានមនុស្ស
ដោយ

សិង្ហបុរី ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏ល្បីល្បាញមួយនៅក្នុងតំបន់ និងលើពិភពលោកកំពុងជួបបញ្ហាការកើនឡើងចំនួនមនុស្សវ័យចំណាស់។ បើយោងតាមរបាយការណ៍ស្ដីពីចំនួនប្រជាជនក្នុងឆ្នាំ២០២៥ របស់រដ្ឋាភិបាលសិង្ហបុរី ប្រជាពលរដ្ឋសិង្ហបុរី ដែលមានអាយុចាប់ពី៦៥ឆ្នាំឡើងទៅបានកើនឡើងជិតដល់២១%នៃចំនួនប្រជាជនសរុបរបស់ប្រទេសដែនកោះមួយនេះ ខណៈកាលពីឆ្នាំមុនមានប្រមាណ២០% ប៉ុណ្ណោះ។ តួលេខនេះមានការកើនឡើងយ៉ាងខ្លាំងក្នុងអត្រាជាង១៣% នៅមួយទសវត្សរ៍ចុងក្រោយនេះ ដែលជំរុញឱ្យគេព្យាករថា ចំនួនមនុស្សចាស់នៅសិង្ហបុរីនឹងឈានដល់ជិត២៤% នៅត្រឹមឆ្នាំ២០៣០។

របាយការណ៍ដដែលនេះបានបង្ហាញទៀតថា ប្រជាជនសិង្ហបុរី ដែលមានអាយុចាប់ពី៨០ឆ្នាំឡើងទៅបានកើនឡើងប្រមាណ៦០% ដោយកើនពីចំនួនជាង៩ម៉ឺននាក់ក្នុងឆ្នាំ២០១៥ ដល់ជាង១៤ម៉ឺននាក់នៅឆ្នាំ២០២៥។ ដោយឡែកចំនួនប្រជាជនដែលមានអាយុចន្លោះពី២០-៦៤ឆ្នាំមានប្រមាណជិត៦០%នៃប្រជាជនសរុប ដោយទាបជាងកាលពីឆ្នាំ២០២៤ ដែលមានជាង៦០%។

ការផ្លាស់ប្តូរប្រជាសាស្រ្តនេះ ត្រូវបានជំរុញដោយសារអត្រាកំណើតទាប។ អត្រានៃការមានកូនសរុបរបស់ប្រជាជនសិង្ហបុរី មានប្រមាណជិត១% ប៉ុណ្ណោះ កាលពីឆ្នាំមុន។ ជាមួយគ្នានេះថៃ បានក្លាយជាប្រទេសទីពីរនៅអាស៊ាន ដែលមានមនុស្សចាស់អាយុចាប់ពី៦៥ឆ្នាំឡើងទៅមានការកើនឡើងខ្លាំង ដោយមានអត្រាប្រមាណ១៥%នៃចំនួនប្រជាជនសរុបក្នុងឆ្នាំ២០២៤ រីឯវៀតណាមជាប់លេខរៀងទី៣ ជាមួយអត្រាកំណើន៩%។

ចំណែកប្រទេសកម្ពុជា ស្ថិតឈរនៅលេខរៀងទី៩ ជាមួយអត្រាកំណើនមនុស្សចាស់ក្នុងរង្វង់៦% ប៉ុន្តែតួលេខនេះត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ជាង១៤% នៅត្រឹមឆ្នាំ២០៣២ និងបន្តកើនឡើងដល់២៧% នៅត្រឹមឆ្នាំ២០៥០៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


តើការបិទផ្អាកដំណើរការដ្ឋាភិបាលអាម៉េរិក អាចជះផលប៉ះពាល់ដល់ទីផ្សារពិភពលោកធ្ងន់ធ្ងរកម្រិតណា?

សហរដ្ឋអាម៉េរិក បានឈានដល់ការបិទផ្អាកដំណើរការរដ្ឋាភិបាលសហព័ន្ធជាបណ្ដោះអាសន្ន កាលពីថ្ងៃពុធ ទី១ ខែតុលា ក្រោយពីសភាអាម៉េរិក ដែលមានសមាជិកមក…

ទុនបម្រុងអន្តរជាតិ ជាលុយយន់ចិន និងដុល្លារអូស្ត្រាលី កំពុងកើនឡើង ខណៈទុនបម្រុងជាលុយដុល្លារអាម៉េរិក ធ្លាក់ចុះ

ទិន្នន័យពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបង្ហាញថា ទុនបម្រុងអន្តរជាតិ ជារូបិយប័ណ្ណយន់របស់ចិន និងដុល្លារអូស្ត្រាលី នៅក្នុងពិភពលោកមាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ