ស្ថានភាពកូវីដ១៩នៅសិង្ហបុរី

សិង្ហបុរី ដាក់ចេញវិធីសាស្ត្រ៧ចំណុចដើម្បី «រស់នៅជាមួយកូវីដ-១៩»


បើទោះបីជាប្រទេសសិង្ហបុរីជាប្រទេសនាំមុខគេក្នុងតំបន់អាស៊ានដែលបានចាក់វ៉ាក់សាំងជូនពលរដ្ឋច្រើនជាងគេក៏ដោយចុះ ប៉ុន្ដែ ក្នុងរយៈពេល ៥ ថ្ងៃជាប់ៗគ្នាកន្លងមកនេះ ប្រទេសសឹង្ហបុរី ត្រូវបានរាយការណ៍ថា មានករណីឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃហក់ឡើងដល់ជាង ៣ ពាន់នាក់ក្នុងមួយថ្ងៃ ដែលជាតួលេខខ្ពស់បំផុតមិនធ្លាប់មានក្នុងមួយរយៈពេលកន្លងមកនេះ។ ទោះយ៉ាងណា រដ្ឋាភិបាលសិង្ហបុរី កំពុងចាត់វិធានការឆ្លើយតបនឹងជំងឺផ្ទុះរាតត្បាតកម្រើកឡើងវិញនេះ ដោយអនុញ្ញាតឱ្យពលរដ្ឋជាច្រើនអាចព្យបាលនៅផ្ទះបាន។
ពលរដ្ឋសិង្ហបុរីកំពុងធ្វើដើរក្នុងផ្សរទំនើប

ស្រប​ពេល​ដែល ការ​ចាក់​វ៉ាក់សាំង​កើនឡើង​ដល់​ទៅ​ជាង ៨០% ប៉ុន្ដែ ករណី​ឆ្លង​ថ្មី នៅ​តែ​បន្ដ​កក្រើក​ឡើង​វិញ ប្រទេស​សិង្ហ​បុរី​បាន​ដាក់​ចេញ​នូវ វិធីសាស្ត្រ ៧​ចំណុច ដើម្បី​រៀន​រស់នៅ​ជាមួយ​កូ​វី​ដ ១៩​។ តើ​វិធានការ និង វិធីសាស្ត្រ ៧​ចំណុច នោះ មាន​អ្វីខ្លះ?

វិធីសាស្ត្រ​ទី​១. អ្នក​មិន​បាន​ចាក់​វ៉ាក់សាំង​នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​កន្លែង​សារ​ធារ​ណៈ​នោះ​ឡើយ

ពលរដ្ឋ ដែល​មិន​បាន​ចាក់​វ៉ាក់សាំង​នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ទទួលទាន​អាហារ​នៅ​ក្នុង​ភោជនីយដ្ឋាន និង ហាង​កាហ្វេ​ឡើយ ហើយ​មិន​ត្រូវ​ចូល​ទៅ​ក្នុង​ផ្សារ​ទំនើប​នោះ​ដែរ ចាប់ពី​ថ្ងៃ ទី ១៣ ខែតុលា នេះ​តទៅ​។

វិធីសាស្ត្រ​ទី​២. គ្មាន​ការ​ធ្វើ​ច​ត្តា​ឡី​ស័​ក្ត​សម្រាប់​អ្នក​ជិត​ស្និត​នឹង​អ្នកជំងឺ

អ្នក​ជិត​ស្និត​នឹង​អ្នក​ជំ​ងី​កូ​វី​ដ​-១៩ នឹង​មិន​ត្រូវ​បាន​តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នោះ​ឡើយ ប៉ុន្តែ ពួក​គេ​ត្រូវ​ទទួលខុសត្រូវ និង គ្រប់គ្រង​តាមដាន​ស្ថានភាព​អាកា​រៈ​ដោយ​ខ្លួនឯង​ផ្ទាល់​។ ប្រសិនបើ​លទ្ធផល​តេស្ត​អវិជ្ជមាន ពួក​គេ​អាច​បន្តសកម្មភាព​ធម្មតា ហើយ​ពួក​គេ​ត្រូវធ្វើ​តេស្ត​រយៈពេល​៧​ថ្ងៃ​ជាប់​ៗ​គ្នា​។ សិង្ហ​បុរី​នឹង​អនុវត្ត​វិធានការ​នេះ ចាប់ពី​ថ្ងៃ​ទី ១១ ខែតុលា​នេះ​តទៅ​។

វិធីសាស្ត្រ​ទី​៣. ធ្វើតេស្ត PCR ឬ​ហៅ​ថា​ធ្វើតេស្ដ​ម៉ាស៊ីន​ធំ គឺ​សម្រាប់​តែ​មនុស្ស ដែល​មាន​អាកា​រៈ​សង្ស័យ​មាន​កូ​វី​ដ​១៩​តែ​ប៉ុណ្ណោះ

ការ​ធ្វើតេស្ត PCR នឹង​ត្រូវ​បាន​បម្រុង​ទុកជា​ចម្បង​សម្រាប់​មនុស្ស​ដែល​មាន​អាកា​រៈ​មិន​ស្រួលខ្លួន និង​មាន​ចេញ​រោគ​សញ្ញាណ ដូច​ជា​គ្រុនក្តៅ ក្អក អស់កម្លាំង បាត់បង់​រសជាតិ​ឬ​ក្លិន និង​ហៀរ​សំបោរ​ជាដើម​។ ដូចនេះ​ដើម្បី​គាំទ្រ​ដល់​ការ​ធ្វើតេស្ត​ខ្លួនឯង ឱ្យ​បាន​ទៀងទាត់​គ្រួសារ​នីមួយ​ៗ​នឹង​ទទួល​បាន​ឧបករណ៍​តេស្ដ​រហ័ស​ចំនួន ១០ បន្ថែម​ទៀត នៅ​ក្នុង​ការ​ចែកចាយ​មួយ​ផ្សេង​ទៀត ដែល​រៀបចំ​ដោយ​រដ្ឋ ចាប់ពី​ថ្ងៃ​ទី ២២ ខែតុលា​ដល់​ថ្ងៃ​ទី ៧ ខែធ្នូ​។

វិធីសាស្ត្រ​ទី​៤.​រៀន​រស់​ជាមួយ​កូ​វី​ដ គឺ ការ​ដាក់​ឱ្យ​ព្យាបាល​អ្នកជំងឺ​តាម​ផ្ទះ

ការ​ព្យ​បាល​អ្នកជំងឺ​តាម​ផ្ទះ នៅ​ប្រទេស​សិង្ហ​បុរី​អនុញ្ញាត​ចំពោះតែ ករណី​អ្នក​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង​ដែល​មាន​អាយុ​ពី ១២ ទៅ ៤៩ ឆ្នាំ​ក៏​ដូច​ជា​កុមារ​ដែល​មាន​អាយុ​ពី ៥ ទៅ ១១ ឆ្នាំ ប៉ុណ្ណោះ ព្រោះ​កម្រិត​វិវត្តន៍​ទៅ​រក​សភាព​ធ្ងន់ធ្ងរ​ក្នុង​ខ្លួន​ពួក​គេ​គឺ​មាន​កម្រិត​ទាប​។ ក្នុង​នោះ ករណី​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​មាន​អាយុ​ពី ៧០ ទៅ ៧៩ ឆ្នាំ ក៏​នឹង​ព្យាបាល​នៅផ្ទះ​ផង​ដែរ​បន្ទាប់​ពី​ការ​សង្កេត​វាយតម្លៃ​ពី​មន្ទីរពេទ្យ​។

វិធីសាស្ត្រ​ទី​៥. ដំណើរការ​ចាក់​វ៉ាក់សាំង​សម្រាប់​ក្មេង​ៗ

នាយក​រដ្ឋមន្ត្រី​សឹ​ង្ហ​បុរី លោក​លី សៀន​ឡុ​ង បាន​និយាយ​ថា ការ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វី​ដ​ជូន​កុមារ​តូច​អាយុ​ក្រោម ១២ ឆ្នាំ​នឹង​ចាប់ផ្ដើម​ធ្វើ​ឡើង​នៅ​ដើមឆ្នាំ​ក្រោយ​នេះ​។ ប្រទេស​សិង្ហ​បុរី កំពុង​តាមដាន​ការ​សាកល្បង​វ៉ាក់សាំង​លើ​កុមារ​នៅ​សហរដ្ឋអាមេរិក ហើយនឹង​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​កុមារ​នៅ​ពេល​ដែល​វ៉ាក់សាំង​ត្រូវ​បាន​អនុម័ត​សម្រាប់​ពួក​គេ ហើយ​នៅ​ពេល​អ្នកជំនាញ​ទទួលស្គាល់​ថា​មាន​សុវត្ថិភាព ។

វិធានការ និង វិធីសាស្ត្រ​ទី​៦ រៀន​រស់​ជាមួយ​កូ​វី​ដ គឺ ការ​ចាក់​ដូ​ស​ជំរុញ​សម្រាប់​ពលរដ្ឋ

សិង្ហ​បុរី​បាន​កំណត់​យក មនុស្ស​មាន​អាយុ​ចាប់ពី ៣០ ឆ្នាំ​ឡើង​ទៅ ដែល​បាន​ចាក់​វ៉ាក់សាំង​គ្រប់​២​ដូ​ស​ក្រោយ​រយៈពេល​៦​ខែ គឺជា​ក្រុម​ដែល​ត្រូវ​ទទួល​បានការ​ចាក់​ដូ​ស​ជំរុញ ឬ​ដូ​ស​ទី​៣​។

វិធីសាស្ត្រ​ទី​៧. ការ​ចំណាយពេល ៣-៦ ខែ​សម្រាប់ «​ការ​រស់នៅ​តាម​បែប​គន្លង​ថ្មី​»

នាយករ​ដ្ដ​មន្ត្រី​សិង្ហ​បុរី លោក លី សៀន ឡុ​ង បាន​និយាយ​ថា សិង្ហ​បុរី​នឹង​ចំណាយពេល​ពី ៣ ទៅ ៦ ខែ​ដើម្បី​ឈាន​ទៅ​សម្រេច​បាន​នូវ “​ការ​រស់នៅ​តាម​បែប​គន្លង​ថ្មី​” នោះ​រដ្ឋាភិបាល​នឹង​អាច​បន្ធូរបន្ថយ​ការ​រឹតត្បិត និង​មាន​វិធានការ​គ្រប់គ្រង​ប្រកបដោយ​សុវត្ថិភាព ប្រជាជន​អាច​បន្តសកម្មភាព​ជា​ធម្មតា​ដូច​មុន​ពេល​មាន​ជំងឺ​កូ​វី​ដ ដោយ​មិន​មានការ​ព្រួយបារម្ភ​។

គួរ​បញ្ជាក់​ថា សិង្ហ​បុរី​បាន​ប្រកាស​កាលពី​ថ្ងៃ​សៅរ៍​ស​ប្ដា​ហ៍​មុន​នេះ​ថា នឹង​បើក​ប្រទេស​របស់​ខ្លួន​ឡើង​វិញ សម្រាប់​អ្នកដំណើរ​ចាក់​វ៉ាក់សាំង​រួច ដែល​មក​ពី​ប្រទេស​ចំនួន ៨ បន្ថែម​ទៀត ដែល​ធ្វើ​ឱ្យ​ចំនួន​សរុប​មាន​ដល់ ១១​ប្រទេស​ហើយ ភាគច្រើន​ជា​ប្រទេស​នៅ​តំបន់​អឺរ៉ុប​។

គិត​មក​ទល់​ពេល​នេះ សិង្ហ​បុរី​មាន​អ្នក​ឆ្លង​កូ​វី​ដ​១៩​សរុប​ជាង​១២​ម៉ឺន​នាក់ និង​ស្លាប់មាន​ជាង​១៥០​នាក់​៕ 

អត្ថបទ៖ ស៊ើង និមល់

None



អត្ថបទបន្ទាប់


តើពិភពលោកពិតជាត្រូវប្រឈមនឹងវិបត្តិថាមពលធ្ងន់ធ្ងរក្នុងពេលឆាប់ៗនេះ ឬយ៉ាងណា?

ពិភពលោកកំពុងប្រឈមមុខនឹងវិបត្តិថាមពល ដែលបណ្តាលមកពីកត្តាអាកាសធាតុ និងតម្រូវការប្រើប្រាស់កើនឡើងវិញកាន់តែខ្ពស់ទៅៗ ជាពិសេសនៅអំឡុងរដូវរងារ…

ក្រុមហ៊ុនអន្តរជាតិធំៗនឹងត្រូវបង់ពន្ធសាជីវកម្មអប្បបរមា ១៥% ចាប់ពីឆ្នាំ២០២៣

ប្រទេស និងដែនដីចំនួន ១៣៦ ដែលតំណាងឲ្យជាង៩០% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក បានព្រមព្រៀងគ្នាកាលនៅសប្ដាហ៍មុននេះ ដោយនឹងកំណត់យកពន្ធសាជី…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ