លោក Lee បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយសិង្ហបុរី Channel News Asia ក្នុងការបិទបញ្ចប់ការចូលរួមរបស់លោកនៅក្នុងកិច្ចប្រជុំប្រមុខរដ្ឋាភិបាល Commonwealth នៅរដ្ឋធានីគីហ្កាលី (Kigali) ប្រទេសរវ៉ាន់ដា (Rwanda) ជាកន្លែងដែលលោកក៏បានជំរុញប្រទេសនានាកុំឱ្យក្លាយជាអ្នកការពារនិយមប្រឆាំងនឹងវិបត្តិខ្សែចង្វាក់ផ្គត់ផ្គង់ ដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ១៩។
លោកនាយករដ្ឋមន្ត្រីរូបនេះ កាលពីចុងសប្ដាហ៍មុននេះបានហៅស្ថានភាពនេះថា គួរឱ្យព្រួយបារម្ភ ប៉ុន្តែបានបន្ថែមថា វាមិនមែនជារឿងគួរណាភ្ញាក់ផ្អើលនោះទេ ដែលថាប្រទេសនានាកំពុងបិទទីផ្សារនាំចេញរបស់ពួកគេ ខណៈដែលការផ្គត់ផ្គង់ធ្លាក់ចុះ ហើយតម្លៃកើនឡើងនោះ។
លោក លី សៀនឡុង បានលើកនិងបង្ហាញឧទាហរណ៍ជាក់ស្ដែងពីរបៀបដែលសង្គ្រាមនៅអ៊ុយក្រែនបានរំខានដល់ការនាំចេញគ្រាប់ធញ្ញជាតិរាប់លានតោនបណ្តាលឱ្យមានការខ្វះខាតចំណីអាហារដូច្នេះហើយ បានជាធ្វើឱ្យតម្លៃសាច់មាន់ទារនៅសិង្ហបុរីមានការកើនឡើងខ្លាំងបែបនេះ។
តម្លៃសាច់មាន់នៅសិង្ហបុរីកើនឡើងនេះ គឺនៅក្រោយពេលដែលប្រទេសម៉ាឡេស៊ី ដែលជាទីផ្សារផ្គត់ផ្គង់សាច់មាន់ឲ្យសិង្ហបុរីនោះ បានហាមឃាត់ការនាំចេញសាច់មាន់របស់ខ្លួនទៅកាន់ទីផ្សារក្រៅប្រទេស។ ប៉ុន្ដែ ថ្មីៗនេះ សិង្ហបុរី ក៏កំពុងស្វែងរកទីផ្សារឥណ្ឌូនេស៊ី មកជំនួសម៉ាឡេស៊ី ក្នុងការផ្គត់ផ្គង់សាច់មាន់ផងដែរ។
លោកនាយករដ្ឋមន្ត្រីសិង្ហបុរី បានបន្ថែមថា ប្រទេសនានាកំពុងរងសម្ពាធ ហើយពួកគេនឹងធ្វើអ្វីមួយ ដែលមិនស្របតាមច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ។ ទោះយ៉ាងណា លោកលី សៀន ឡុង គូសបញ្ជាក់ថា ប្រទេសនានាមិនគួរបិទទីផ្សារនាំចេញរបស់ខ្លួននោះទេ ខណៈដែលការផ្គត់ផ្គង់ខ្វះខាត ក៏ប៉ុន្តែស្ថិតក្រោមសម្ពាធនេះ ការបិទបណ្ដោះអាសន្ននេះ ជាអ្វីមួយដែលរដ្ឋាភិបាលនានាត្រូវធ្វើដោយខានមិនបាន។
លោក លី សៀនឡុង បានបញ្ជាក់ថា តាំងពីមានផ្ទុះរាលដាលកូវីដ១៩មក ប្រទេសសិង្ហបុរីព្រួយបារម្ភពីការផ្គត់ផ្គង់សាច់ បន្លែ និងកាបូអ៊ីដ្រាត ហើយអាជ្ញាធរបានចាប់ផ្តើមពង្រីកកន្លែងស្ដុកចំណីអាហារ និងធ្វើពិពិធកម្មការនាំចូលពីកន្លែងជាច្រើនផ្សេងទៀតផងដែរ។
លោកបានបន្ថែមទៀតថា នេះជារឿងដែលសិង្ហបុរីត្រូវធ្វើ និងបាននិងកំពុងធ្វើអស់មួយរយៈពេលមកហើយ។ ដូច្នេះហើយនៅពេលការផ្គត់ផ្គង់សាច់មាន់ពីប្រទេសម៉ាឡេស៊ីត្រូវបានកាត់ផ្ដាច់កាលពីប៉ុន្មានសប្តាហ៍មុននោះ សិង្ហបុរីអាចរកវិធីដោះស្រាយបាន។ ប៉ុន្តែ នាយករដ្ឋមន្ត្រីសិង្ហបុរីរូបនេះ បានគិតថា បញ្ហានេះនឹងបន្តមានទៀត ហើយសិង្ហបុរីត្រូវធ្វើអ្វីមួយថែមទៀតខណៈក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម (MTI)របស់ប្រទេសនេះ កំពុងតែធ្វើការយ៉ាងសកម្មក្នុងការដោះស្រាយបញ្ហាស្បៀងអាហារនេះ។
សូមបញ្ជាក់ថា បន្ទាប់ពីប្រទេសម៉ាឡេស៊ីបានបញ្ឈប់ការនាំចេញសាច់មាន់ចាប់ពីថ្ងៃទី០១ ខែមិថុនាដើម្បីផ្តល់អាទិភាពដល់ការផ្គត់ផ្គង់ក្នុងស្រុកមកនោះ សិង្ហបុរីបានផ្លាស់ប្តូរការនាំចូលផលិតផលសាច់មាន់ និងសាច់ក្លាសេបន្ថែមទៀតពីប្រទេសផ្សេងទៀតដូចជាអូស្ត្រាលី និងថៃជាដើម។ ប្រទេសម៉ាឡេស៊ីបានលុបចោលបម្រាមរបស់ខ្លួនមួយផ្នែក ដោយអនុញ្ញាតឱ្យបន្តនាំចេញសត្វរស់ទៅឱ្យសិង្ហបុរីនិងមាន់ខ្មៅឡើងវិញចាប់ពីថ្ងៃទី១៤ ខែមិថុនាដែរ។
លោក Lee កាលពីថ្ងៃចុងសប្ដាហ៍មកនេះបានលើកទឹកចិត្តប្រជាជនសិង្ហបុរីឱ្យយល់កាន់តែច្បាស់អំពីស្ថានភាពបច្ចុប្បន្ន និងអាចបត់បែនបានជាមួយចំណូលចិត្តអាហាររបស់ពួកគេ ដោយនិយាយថា នេះនឹងមានប្រយោជន៍ជាងការគ្មានអ្វីបរិភោគ។
លោកបានបញ្ជាក់ថា ប្រសិនបើពលរដ្ឋសិង្ហបុរីអាចសម្របខ្លួនក្នុងទម្លាប់របស់ពួកគេកាន់តែច្រើនបន្តិច នោះវានឹងកាន់តែងាយស្រួលច្រើនក្នុងការឆ្លងកាត់ពេលវេលាដ៏លំបាកទាំងនេះ៕
អត្ថបទ៖ សុខ ជា