
បច្ចុប្បន្ន កំពង់ផែតួសរបស់ប្រទេសសិង្ហបុរី មិនសូវជាមានកម្មករធ្វើការនៅទីនោះច្រើននោះទេ ដោយភាគច្រើនរាល់ទំនិញសព្វសារពើត្រូវបានលើកដាក់ដោយប្រើរថយន្តអគ្គិសនីស្វ័យប្រវត្តិ (AGV) ដែលមានសមត្ថភាពលើកដាក់ទំនិញក្នុងល្បឿន២៥គីឡូម៉ែត្រក្នុងមួយម៉ោងក្រោមការបញ្ជាពីចម្ងាយដោយប្រព័ន្ធបច្ចេកវិទ្យារបស់កំពង់ផែនេះ។
បើតាមក្រុមហ៊ុន PSA International ដែលជាប្រតិបត្តិករកំពង់ផែតួសគាំទ្រដោយរដ្ឋាភិបាល បានឱ្យដឹងថា ឧបករណ៍លើកដាក់ទំនិញនេះ អាចដំណើរការបានពី៦ទៅ៨ម៉ោង បន្ទាប់ពីការសាកថ្មបាន២០នាទីនៅស្ថានីយនានា ក្នុងកំពង់ផែនេះ ហើយស្ថានីយសាកថ្មទាំងនេះក៏ដំណើរការដោយស្វ័យប្រវត្តិ ដែលធ្វើឱ្យកំពង់ផែនេះអាចដំណើរការបាន២៤ម៉ោង។
ទោះជាយ៉ាងណា ប្រទេសសិង្ហបុរី កំពុងធ្វើការដើម្បីប្រែក្លាយកំពង់ផែនេះ ដោយរួមបញ្ចូលកំពង់ផែផ្សេងទៀតនៅប្រទេសសិង្ហបុរី ឱ្យទៅជាមជ្ឈមណ្ឌលកំពង់ផែស្វ័យប្រវត្តិពេញលេញ និងធំបំផុតនៅលើពិភពលោកនាពេលអនាគត ជាមួយការបំពាក់ប្រព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។
លោក នែលសុន ខេក (Nelson Quek) នាយកប្រតិបត្តិប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់ក្រុមហ៊ុនប្រតិបត្តិករ PSA បាននិយាយថា ក្រុមហ៊ុន PSA នឹងផ្តល់សមត្ថភាពថ្មីដែលពង្រឹងជំហររបស់ប្រទេសសិង្ហបុរី ឱ្យក្លាយជាតំណភ្ជាប់ពាណិជ្ជកម្មដ៏សំខាន់ និងជាមជ្ឈមណ្ឌលនៃជម្រើសអន្តរជាតិ ឈានមុខគេមួយនៅលើពិភពលោក។
ទោះបីជាមានទំហំតូចក៏ពិតមែន ប៉ុន្តែសិង្ហបុរី បានអភិវឌ្ឍជាមជ្ឈមណ្ឌលពាណិជ្ជកម្មតាំងពីសតវត្សទី១៩ ដោយប្រើប្រាស់ទីតាំងរបស់ខ្លួនធ្វើជាច្រកផ្លូវរវាងខាងកើត និងខាងលិច ហើយបុរីរដ្ឋមួយនេះក៏ជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់ការដឹកជញ្ជូនដោយផ្ទេរទំនិញពីកប៉ាល់តូចៗរបស់ប្រទេសជិតខាងទៅកាន់កប៉ាល់ធំៗដែលភ្ជាប់ទៅអឺរ៉ុប ឬសហរដ្ឋអាម៉េរិក៕
អត្ថបទ៖ សុខ មង្គល