សម្រាប់ប្រទេសនៅអាហ្រ្វិកទាំង៧ដែលសិង្ហបុរីនឹងធ្វើការហាមឃាត់រួមមាន ប្រទេសប៊ូស្វាណា អេសស្វាទីនី ឡេសសូតូ ម៉ូហ្សំប៊ិច ណាមីប៊ី ហ្សេមបាវ៉េ និង អាហ្វ្រិចខាងត្បូងផ្ទាល់តែម្តង។
បម្រាមនេះ នឹងឈានទៅហាមឃាត់អ្នកដែលធ្លាប់ធ្វើដំណើរឆ្លងកាត់ ឬចេញចូល ប្រទេសទាំង៧ខាងលើ មិនឲ្យចូលទឹកដីសិង្ហបុរីនោះឡើយ។ ការរិតត្បិតនេះ ត្រូវអនុវត្តចាប់ពីម៉ោង ១២រំលងអាធ្រាត្រថ្ងៃសៅរ៍ឈានចូលថ្ងៃអាទិត្យ ម៉ោងនៅសិង្ហបុរី។
ដោយឡែក សម្រាប់ប្រជាជនសិង្ហបុរី និងអ្នកដែលមិនមែនប្រជាជនសិង្ហបុរីតែបានរស់នៅក្នុងប្រទេសជាអចិន្ត្រៃយ៍ ហើយបានចេញចូលប្រទេសទាំង៧ខាងលើ តម្រូវឲ្យធ្វើចត្តាឡីស័កដោយខ្លួនឯងរយៈពេល ១០ថ្ងៃ។គួរកត់សម្គាល់ថា អាហ្វ្រិកខាងត្បូង បានរកឃើញមេរោគកូវីដ-១៩បំប្លែងថ្មីមួយប្រភេទទៀត កាលពីថ្ងៃទី២៥ វិច្ឆិកានេះ ដែលមានឈ្មោះកាត់ហៅថា B.1.1.529 ហើយវាត្រូវបានគេដាក់ការព្រួយបារម្ភថា ទំនងជាអាចឈានទៅកាត់ផ្ដាច់ប្រព័ន្ធការពារ របស់វ៉ាក់សាំងដែលពិភពលោកកំពុងប្រើប្រាស់សព្វថ្ងៃនេះ។
យ៉ាងណាមិញ អ្នកវិទ្យាសាស្ត្រអាហ្វ្រិចខាងត្បូង និងនៅទូទាំងពិភពលោក កំពុងបន្តស្វែងរកព័ត៌មានបន្ថែមទៀតនៃមេរោគថ្មីនេះ ថាតើវាមានគ្រោះថ្នាក់ខ្លាំងកម្រិតណា។
សូមជម្រាថា សិង្ហបុរីជាប្រទេសដំបូងគេហើយ ដែលបានចាត់វិធានការឆ្លើយតបនឹងការរកឃើញមេរោគកូវីដបំប្លែងថ្មីនេះ ខណៈបម្រាមដែលគេបានដាក់ នឹងមានប្រសិទ្ធិភាពរហូតដល់៤សប្តាហ៍ឯណោះ ខណៈដែលបន្ទាប់ពីនោះ ក្រសួងសុខាភិបាលសិង្ហបុរី នឹងធ្វើការសម្រេចម្តងទៀត៕