សារព័ត៌មាន The Star បានធ្វើសេចក្តីរាយការណ៍ថា មេដឹកនាំ សិង្ហបុរី និង វៀតណាមបានកំពុងតែជំរុញនិងធ្វើឲ្យដំណើរការនូវប្រព័ន្ធភស្តុភាកម្មរវាងប្រទេសទាំងពីរ សំដៅប្រែក្លាយ ប្រទេសទាំងពីរអោយក្លាយជាមជ្ឈមណ្ឌលភស្តុភារកម្មមួយដ៏សំខាន់នៅក្នុងតំបន់ ។
ប្រភពដដែលបានអះអាងថា មហិច្ឆតានេះ ត្រូវបានលើកឡើងនៅក្នុងអំឡុងពេលដែល លោក លី ស៊ៀនឡុង នាយករដ្ឋមន្រ្តីសិង្ហបុរី បានបំពេញទស្សនកិច្ចកាលពីចុងខែសីហា នៅក្នុងប្រទេសវៀតណាម។
នៅក្នុងអំឡុងពេលនៃទស្សនកិច្ចនេះ លោក លី និង សមភាគីវៀតណាម គឺលោក ផាម មិញជិញ បានកំពុងតែដាក់ចេញនូវផែនការធ្វើយ៉ាងណាឲ្យ ក្រុមហ៊ុនដឹកជញ្ជូនមកពីប្រទេសសិង្ហបុរី និង វៀតណាម អាចផ្តល់ឫបម្រើសេវាកម្មដឹកជញ្ជូនទំនិញទៅកាន់គោលដៅផ្សេងទៀតយ៉ាងរលូន និងកាន់តែរហ័ស ដោយមិនចាំបាច់មានការលើកដាក់ចុះឡើង នៅពេលប្រតិបត្តិការកំពុងផ្តល់សេវាឆ្លងកាត់នៅក្នុងប្រទេសណាមួយឡើយ។
លោកលី បាននិយាយកាលពីថ្ងៃទី២៩ ខែ សីហា ថា នេះគឺជាអត្ថប្រយោជន៍ដ៏សំខាន់មួយ ដែលប្រទេសទាំងពីរអាចទទួលបាន ប្រសិនបើទំនាក់ទំនងទ្វេភាគីរបស់ពួកគេ ត្រូវបានធ្វើឱ្យប្រសើរឡើងហើយឈានដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នាពេលអនាគត។
នៅក្នុងជំនួបមួយកាលពីថ្ងៃចន្ទ លោក និងសមភាគីវៀតណាម គឺ លោក ផាម បានព្រមព្រៀងគ្នាដើម្បីស្វែងយល់ពីលទ្ធភាពនៃការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគីនេះបន្ថែមទៀត ។
លោកបានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ចផ្លូវការរយៈពេលបីថ្ងៃទៅកាន់រដ្ឋធានីហាណូយរបស់វៀតណាមថា "ផ្នែកមួយដែលយើងចាប់អារម្មណ៍ ហើយដែលយើងបានស្នើទៅភាគីវៀតណាម គឺនៅក្នុងកិច្ចព្រមព្រៀងសេវាកម្មអាកាសចរណ៍ " ។
លោក លី បាននិយាយថា កិច្ចព្រមព្រៀងទាំងនេះ មិនមែនមានន័យថា គ្រាន់តែបង្កើនសេវាកម្មរវាងសិង្ហបុរី និងវៀតណាមនោះទេ ពោលគឺភាគីទាំងពីរកំពុងពិភាក្សាអំពីសេរីភាព នៅក្នុងវិស័យសេវាកម្មដឹកជញ្ជូនរវាងប្រទេសទាំងពីរ។
លោកបានបង្ហាញនូវសេចក្តីសង្ឃឹមថា សេរីភាពទាំងនេះ នឹងអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍មកពីប្រទេសទាំងពីរឆ្លងកាត់ប្រទេសណាមួយ ដោយរលូន ដូច្នេះពួកគេអាចដឹកជញ្ជូនទំនិញ និងអ្នកដំណើរ ទៅកាន់គោលដៅទីបីដោយរលូន ។
ចាប់តាំងពីឆ្នាំ២០១៧ មក ប្រទេសសិង្ហបុរី និងវៀតណាមបាននឹងកំពុងស្វែងរកមធ្យោបាយដើម្បីពង្រឹងការតភ្ជាប់ផ្លូវអាកាសនិងផ្លូវទឹក ដើម្បីពង្រឹងការធ្វើសេរីភាវូបនីយកម្មសេវាកម្មផ្លូវអាកាស និង ដឹកជញ្ជូនទៅ ។