លោក Loh Chin Hua នាយកប្រតិបត្តិរបស់ក្រុមហ៊ុនសាជីវកម្ម Keppel Corporation របស់សិង្ហបុរី បានកត់សម្គាល់នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Nikkei Asia ថា អាជីវកម្មមួយចំនួនរបស់ក្រុមហ៊ុននេះ បាននិងកំពុងពឹងផ្អែកលើយុទ្ធសាស្រ្ត «ចិនបូកមួយ» ដែលជាការប្រឹងប្រែងមួយដើម្បីធ្វើពិពិធកម្មការវិនិយោគពីប្រទេសចិន ដោយងាកទៅរកគោលដៅជំនួសមួយផ្សេងទៀត ដើម្បីកាត់បន្ថយហានិភ័យនៃការប្រមូលផ្តុំជំនួញនៅតែកន្លែងតែមួយ។
ការធ្វើពិពិធកម្មបែបនេះបានកើនឡើងនៅពេលដែលភាពតានតឹងពាណិជ្ជកម្មរវាងអាមេរិក និងចិន បានកើនឡើង តាំងតែពីនៅក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ហើយវាបានកើនឡើងកាន់តែខ្លាំងថែមទៀត នៅចំពេលជំងឺកូវីដ១៩បានផ្ទុះឡើងដែលធ្វើឱ្យចិនដាក់ចេញវិធានការបិទខ្ទប់ដ៏តឹងរ៉ឹង ធ្វើឱ្យរាំងស្ទះឧស្សាហកម្ម និងជំរុញឱ្យអ្នកវិនិយោគត្រូវគិតយ៉ាងល្អិតល្អន់ ចំពោះការពឹងផ្អែកច្រើនពេកទៅលើប្រទេស ដែលមានសេដ្ឋកិច្ចធំបំផុតទីពីរក្នុងពិភពលោកមួយនេះ។
នាយកប្រតិបត្តិរបស់ក្រុមហ៊ុនសាជីវកម្ម Keppel Corporation បាននិយាយថា មានសកម្មភាពផលិតជាច្រើនដែលក្រុមហ៊ុនចម្រុះជាតិសាសន៍មួយចំនួនជាពិសេសក្រុមហ៊ុនបច្ចេកវិទ្យាបានចាប់ផ្តើមចូលទៅក្នុងប្រទេសវៀតណាម ដោយសម្លឹងឃើញប្រទេសនេះអាចជាមូលដ្ឋានផលិតកម្មមួយ ហើយពួកគេបានព្យាករថា ពួកគេនឹងស្ថិតក្នុងស្ថានភាពដ៏ល្អមួយក្នុងការវិនិយោគកាន់តែច្រើនទៅក្នុងប្រទេសនោះ។
មែនទែនទៅក្រុមហ៊ុន Keppel Corporation ក៏មានក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនកំពុងវិនិយោគនៅក្នុងប្រទេសវៀតណាមខ្លះៗរួចមកហើយ ពិសេសនៅក្នុងវិស័យអចលនទ្រព្យតែម្ដង ដូចជាការទិញលក់ដីធ្លី និងអភិវឌ្ឍលំនៅដ្ឋាន ក្រោមការចាប់ដៃជាមួយនឹងក្រុមហ៊ុនក្នុងស្រុកវៀតណាម។ ថ្នាក់ដឹកនាំ ក្រុមហ៊ុនសិង្ហបុរីដដែលនេះ បានគូសបញ្ជាក់ទៀតថា ក្រៅតែពីវិស័យអចលនទ្រព្យ ក្រុមហ៊ុនក៏សម្លឹងឃើញពីឱកាសវិនិយោគលើការកែច្នៃកាកសំណល់ទៅជាថាមពលនៅប្រទេសវៀតណាមផងដែរ៕
អត្ថបទ ៖ សុខ ជា រូបភាព Nikkei Asia