
គណបក្សសកម្មភាពប្រជាជន ដែលកំពុងកាន់អំណាចនៅប្រទេសសិង្ហបុរី ទទួលបានសំឡេងភាគច្រើន លើសពីរភាគបីនៃអាសនៈនៅក្នុងសភានៅក្នុងការបោះឆ្នោតសកល កាលពីថ្ងៃសៅរ៍ សប្តាហ៍មុន ដោយរក្សាការគ្រប់គ្រងប្រទេសរយៈពេល៥ឆ្នាំបន្តទៀត បន្ទាប់ពីគណបក្សនេះបានកាន់អំណាចរហូតមកតាំងពីទទួលបានឯករាជ្យនៅឆ្នាំ១៩៦៥។ គណបក្ស PAP ទទួលបានអាសនៈចំនួន៨៧ ក្នុងចំណោមអាសនៈសរុបចំនួន៩៧ ខណៈគណបក្សកម្មករ ដែលជាគណបក្សប្រឆាំងធំបំផុតទទួលបានអាសនៈសរុបតែ១០ប៉ុណ្ណោះ។
ក្រោយការប្រកាសលទ្ធផលលោក ឡូរ៉េន វង្ស នាយករដ្ឋមន្ត្រីសិង្ហបុរី បានចេញមកថ្លែងអំណរគុណដល់អ្នកគាំទ្រ ដែលបន្តជឿទុកចិត្តលើការដឹកនាំរបស់រដ្ឋាភិបាលសិង្ហបុរី តាមរយៈការបោះឆ្នោតគាំទ្រគណបក្សសកម្មភាពប្រជាជន ក្នុងនាមលោកជានាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការបក្សជាលើកដំបូង។
ភាពជោគជ័យរបស់គណបក្ស PAP បានកើតឡើងក្រោយគណបក្សនេះបានបញ្ចូលបេក្ខជនវ័យក្មេងកាន់តែច្រើនក្នុងការបោះឆ្នោតនេះ ហើយសឹងតែពាក់កណ្តាលនៃបេក្ខជន គឺសុទ្ធសឹងតែជាអ្នកដែលមានអាយុជាង៣០ឆ្នាំ ដើម្បីទាក់ទាញអ្នកបោះឆ្នោតវ័យក្មេង។
គួរបញ្ជាក់ថា នៅក្នុងអំឡុងពេលយុទ្ធនាការឃោសនារកសំឡេងឆ្នោតរយៈពេល៩ថ្ងៃ គណបក្ស PAP បានផ្តោតសំខាន់លើការពង្រឹងអភិបាលកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ច ស្របពេលភាពមិនប្រាកដប្រជានៃពាណិជ្ជកម្មសកលបានគំរាមកំហែងដល់សេដ្ឋកិច្ចប្រទេសតូច និងបើកចំហដូចជាសិង្ហបុរី ។
ក្រោយការបោះឆ្នោត ប្រធានគណបក្សប្រឆាំង លោក ទ្រីតាម ស៊ីង (Pritam Singh) បាននិយាយនៅក្នុងសុន្ទរកថាទៅកាន់អ្នកគាំទ្រថា នេះជាការបោះឆ្នោតដ៏លំបាក តែគណបក្សលោកនឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀត៕
ដោយៈ សរ សុជាតិ