
នៅក្នុងកម្មវិធីសម្ភោធ Skate School ទីតាំងថ្មី ស្ថិតក្នុង Factory Phnom Penh លោក ហ៊ាប សុខហួច ប្រធានគ្រប់គ្រងកម្មវិធីអង្គការ Skateistan Cambodia បានថ្លែងថា អង្គការ Skateistan បានប្រតិបត្តិការដំបូងនៅអាហ្គានីស្ថាន និងបន្ទាប់មកនៅអាហ្រ្វិចខាងត្បូង ហើយបានមកដល់កម្ពុជាជាច្រើនឆ្នាំមកហើយ។ អង្គការអន្តរជាតិមួយនេះ បានបង្កើតឡើងដើម្បីបង្រៀនក្មេងពីអាយុ៥ឆ្នាំដល់១៧ឆ្នាំ ជាពិសេសនារី ជនពិការ និងជនក្រីក្រ ឲ្យមានចេះកីឡាជិះស្គី។

លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «តាមពិត មិនថាតែស្គីទេ កីឡាទាំងអស់ ជាផ្នែកមួយនៃការអប់រំរបស់មនុស្ស។ ពេលខ្លះ បើគាត់ទៅរៀនតែមួយផ្នែក មិនប្រាកដថា គាត់អាចអភិវឌ្ឍន៍ខ្លួនគាត់ឲ្យបានពេញលេញនៃសក្តានុពលដែលគាត់មាននោះទេ។ ដូច្នេះ កីឡាជាសកម្មភាពមួយ ដែលធ្វើឲ្យលូតលាស់ទាំងរាងកាយ ខួរក្បាល និង ផ្នែកស្មារតី»។
ដូចគ្នាដែរ លោក សំណាង រតនៈ គ្រូបង្រៀនជិះស្គីដល់កុមារៗ បានប្រាប់ខេមបូណូមីសថា កីឡាប្រភេទនេះ គឺគ្រាន់តែជាការកម្សាន្ដ មិនមែនរៀនយកជាធ្វើជាអាជីពនោះទេ។

លោកគ្រូដែលមានបទពិសោធរយៈពេល៤ឆ្នាំរូបនេះ អះអាងថា៖ «ជិះស្គី បានបណ្តុះបណ្តាលទឹកចិត្តឲ្យយើងមានភាពក្លាហាន វាដូចជាកីឡាបាល់ទាល់ ឬកីឡាផ្សេងៗដែរ ប៉ុន្តែ កីឡាផ្សេង គេត្រូវការក្រុម ហើយជិះស្គី យើងអាចជិះតែម្នាក់ឯងបាន»។

លោកបន្តថា៖ «កីឡាជិះស្គី ប្រឈមច្រើនជាមួយការឈឺចាប់ ដែលទាមទារឲ្យមានភាពអត់ធ្មត់ ព្រោះ ពេលខ្លះយំម្តងៗដែរ។ ប៉ុន្តែ ជាធម្មតាទេ កីឡាពិបាកគេចផុសណាស់ អារឿងដួល ថ្លោះ គ្រិចហ្នឹង តែបើព្យាយាម នោះយើងនឹងសប្បាយរីករាយនៅពេលបានលេងវា»។

សូមបញ្ជាក់ថា Skate School បើកបង្រៀនសិស្សដោយមិនគិតថ្លៃ និងបើកឲ្យសិស្សចូលលេងចាប់ពីម៉ោង២ដល់ម៉ោង៤ ព្រមទាំងអនុញ្ញាតឲ្យអ្នកចូលចិត្តកីឡាស្គីចូលលេងទាំងក្មេង និងមនុស្សធំចូលលេងនៅទីនេះចាប់ពីម៉ោង៥ទៅ៧ល្ងាច៕