គ្រោះមហន្តរាយនេះបានកើតឡើងនៅព្រឹកថ្ងៃទី២៦ ខែសីហា បន្ទាប់ពីផ្នែកមួយនៃផ្ទាំងទឹកកក និងថ្មភ្នំនៅតំបន់ហិម៉ាឡៃយ៉ា បានបាក់រលំ និងបង្កឱ្យមានលំហូរទឹកលាយជាមួយថ្ម ទឹកកក ភក់ និងកម្ទេចកម្ទីយ៉ាងច្រើនសន្ធឹកសន្ធាប់ ហូរចុះតាមប្រព័ន្ធទន្លេភ្នំ ឆ្លងកាត់តំបន់មានប្រជាជនរស់នៅ និងតំបន់ទេសចរណ៍ ដោយបំផ្លាញផ្ទះសម្បែង ផ្លូវ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើន។
អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយរបស់នេប៉ាល់បានព្រមានថា បឹងមួយដែលកើតឡើងដោយសារកម្ទេចកម្ទីស្ទះផ្លូវទន្លេ Bhote Koshi កំពុងកើនកម្ពស់ទឹក និងប្រឈមនឹងហានិភ័យហូរហៀរ ឬបាក់របាំងធម្មជាតិ។
នៅផ្នែកម្ខាងទៀតនៃព្រំដែន ប្រទេសចិនក៏បានព្រមានអំពីបឹង ដែលមានរបាំងធម្មជាតិមួយទៀត ប្រឈមនឹងការបាក់របាំងដូចគ្នាដែរ។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ ដោយដកស្រង់ក្រសួងធនធានទឹកថា ក្នុងរយៈពេល៣ថ្ងៃ បរិមាណទឹកប្រមាណ ៣លានម៉ែត្រគូប ត្រូវបានរំពឹងថា នឹងហូរចូលទៅក្នុងបឹងនេះ ដែលធ្វើឱ្យហានិភ័យនៃការហូរហៀរ ឬបាក់របាំងកាន់តែខ្ពស់។
លំហូរទឹកខ្ពស់បំផុតត្រូវបានរំពឹងថា នឹងកើតឡើងប្រមាណថ្ងៃទី ១ ខែកញ្ញា។
អាជ្ញាធរបានណែនាំឱ្យប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេផ្នែកខាងក្រោម អ្នកធ្វើដំណើរ ក្រុមអ្នកជួយសង្គ្រោះ និងអ្នកពាក់ព័ន្ធទាំងអស់ បង្កើនការប្រុងប្រយ័ត្ន និងស្នាក់នៅកន្លែងមានសុវត្ថិភាព ដោយនៅឱ្យឆ្ងាយពីច្រាំងទន្លេ និងតំបន់ដែលមានហានិភ័យ។