កម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង SmartStart ដែលត្រូវបានផ្តួចផ្តើមដោយក្រុមហ៊ុន Smart Axiata សហការជាមួយ Impact Hub Phnom Penh គឺជាកម្មវិធីអភិវឌ្ឍន៍អ្នកមានទេពកោសល្យផ្នែកឌីជីថលឈានមុខគេនៅកម្ពុជា ដើម្បីស្វែងរក និងបណ្ដុះបណ្ដាលអនាគតអ្នកដឹកនាំផ្នែកសហគ្រិនភាពឌីជីថលនៃព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីនេះគឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Smart ចំពោះមូលនិធិកសាងសមត្ថភាព ការស្រាវជ្រាវ និងអភិវឌ្ឍន៍ដែលផ្តួចផ្តើមដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងអប់រំ យុវជន និងកីឡា។
ក្រុមទាំង៥ ដែលនឹងត្រូវឡើងទៅកាន់វគ្គបន្តគឺវគ្គ Incubation and Internship រួមមាន៖-
KAKVEI៖ ជាបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (Al) ដែលធ្វើឱ្យការសរសេរភាសាខ្មែរមានភាពប្រសើរឡើងតាមរយៈបំប្លែងការសរសេរអក្សរខ្មែរបែបរ៉ូម៉ាំងទៅជាអក្សរខ្មែរ ដោយមានការកែតម្រូវវេយ្យាករណ៍ខ្មែរ និងកំហុសអក្ខរាវិរុទ្ធដោយស្វ័យប្រវត្តិ។ ឧទាហរណ៍ “nh der lg” ដែលនឹងបំប្លែងទៅជា “ខ្ញុំដើរលេង” ។
MOVERY៖ ជាកម្មវិធីដែលផ្តល់សេវាកម្មផ្លាស់ទី ឬរើសទីលំនៅ ដែលផ្តល់ជូនភាពងាយស្រួល ភាពទុកចិត្តបាន និងវិជ្ជាជីវៈសម្រាប់ទាំងគ្រួសារ និងក្រុមហ៊ុន។
HOMATIC៖ ជាប្រព័ន្ធសុវត្ថិភាពគេហដ្ឋានស្វ័យប្រវត្តិ ដែលប្រកាសអាសន្នពេលមានចោរកំពុងធ្វើសកម្មភាព និង ផ្តល់ដំណឹងដល់ប៉ូលិសមូលដ្ឋានដោយស្វ័យប្រវត្តិ។
DOLFIN៖ ជាកម្មវិធីបរិយាបន្នហិរញ្ញវត្ថុ ដែលផ្តល់ព័ត៌មានជូនអ្នកប្រើប្រាស់អំពីផលិតផលកម្ចី ការតភ្ជាប់ទំនាក់ទំនងដោយផ្ទាល់ទៅកាន់មន្រ្តីឥណទាន និងការប្រឹក្សាអំពីកម្ចីផ្ទាល់ខ្លួន។
SKINOREA៖ កម្មវិធីទីផ្សារថែរក្សាស្បែកតាមទូរស័ព្ទសម្រាប់ប្រជាជនដែលកើតនៅចន្លោះចុងទសវត្សរ៍ឆ្នាំ១៩៩០ ដល់ដើមទសវត្សរ៍ឆ្នាំ២០១០ (Gen Z) ដែលជួយផ្តល់ជម្រើសផ្សេងៗតាមរយៈ Machine learning។
លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីរបស់ក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «យើងសូមអបអរសាទរដល់ក្រុមទាំងអស់ដែលបានឈានដល់វគ្គ Incubator ដ៏រំភើបនេះ។ យើងក៏សូមកោតសរសើរផងដែរចំពោះអ្នកទាំងអស់គ្នាដែលបានចូលរួមក្នុងកម្មវិធីឆ្នាំនេះ។ ជាមួយនឹងកម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង SmartStart យើងមានគោលបំណងពង្រីកគំនិតរបស់សិស្សជំនាន់ក្រោយរបស់យើងតាមរយៈបច្ចេកវិទ្យា និងភាពជាសហគ្រិន ដោយផ្តល់ឱ្យពួកគេនូវឱកាសបញ្ចេញសមត្ថភាព អភិវឌ្ឍ និងបង្កើតគំនិតអនាគតរបស់ពួកគេ»។
បន្ទាប់ពីឆ្លងកាត់វគ្គជម្រុះមួយចំនួនរួចមកដែលរួមមានការប្រកួតប្រជែងក្នុងវគ្គ “Hatch” និង “Digithon” ដែលពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាប្រឈមក្នុងជីវិតពិតដោយប្រើបច្ចេកវិទ្យា Internet of Things និងបង្ហាញគំនិតរបស់ពួកគេសម្រាប់វគ្គ “Technopreneurship Challenge” រួចមក ក្រុមដែលទទួលបានជោគជ័យទាំង៥ ឥឡូវនេះនឹងធ្វើកម្មសិក្សាដោយទទួលបានប្រាក់ខែរយៈពេល ៣ខែជាមួយនឹងការបណ្តុះបណ្តាលនៅក្រុមហ៊ុនបង្កើតថ្មីក្នុងស្រុកខាងផ្នែកបច្ចេកវិទ្យា ដើម្បីយល់កាន់តែច្បាស់អំពីដំណើរការអាជីវកម្ម និងពង្រីកមូលដ្ឋានចំណេះដឹងរបស់ពួកគេ។
បន្ទាប់ពីបញ្ចប់កម្មវិធីកម្មសិក្សារយៈពេល ៣ខែរបស់ពួកគេដោយជោគជ័យរួច ក្រុមទាំង៥ នឹងបន្តឡើងទៅកាន់វគ្គទី៥ គឺវគ្គ Grand Final Pitch នៃកម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង SmartStart ដើម្បីប្រកួតប្រជែងដណ្តើមយករង្វាន់ធំជាទឹកប្រាក់ ១ម៉ឺនដុល្លារ និងមានឱកាសឈ្នះដំណើរទស្សនកិច្ចកម្សាន្តទៅចូលរួមក្នុងសន្និសិទ្ធបច្ចេកវិទ្យាក្នុងតំបន់ដោយទទួលបានការឧបត្ថម្ភទាំងស្រុង។
កញ្ញា Mélanie Mossard នាយកប្រតិបត្តិ Impact Hub Phnom Penh បានមានប្រសាសន៍ថា៖ «យើងមានក្តីសោមនស្សរីករាយយ៉ាងខ្លាំងក្នុងការផ្តល់ឱកាសដល់សហគ្រិនវ័យក្មេងខាងផ្នែកបច្ចេកវិទ្យាទាំងនេះ ដើម្បីបង្ហាញជំនាញប្រកបដោយភាពច្នៃប្រឌិតសំខាន់ៗរបស់ពួកគេ ហើយផ្តល់ឱកាសឱ្យពួកគេធ្វើតេស្តជំនាញរបស់ពួកគេ។ ចាប់តាំងពីឆ្នាំ២០១៧មក តាមរយៈកម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង SmartStart យើងបានគាំទ្រដល់និស្សិតជាង ៥៨០នាក់នៅក្នុងប្រទេសកម្ពុជា ហើយនឹងបន្តគាំទ្រថែមទៀតសម្រាប់យុវជនទាំងនេះ ដោយសារភាគច្រើននៃយុវជនទាំងនេះ កម្មវិធីនេះបានក្លាយជាឱកាសផ្លាស់ប្តូរជីវិតមួយជាទីដែលពួកគេពិតជាអាចបង្ហាញនូវអ្វីដែលពួកគេមានសមត្ថភាពធ្វើ។ កម្មវិធីនេះមិនត្រឹមតែផ្តល់ឱ្យពួកគេនូវវេទិកា និងការណែនាំប្រកបដោយវិជ្ជាជីវៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យពួកគេមានអនាគតកាន់តែភ្លឺស្វាងថែមទៀត»។
កម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង SmartStart រដូវកាលទី៥ នៅឆ្នាំនេះបានចាប់ផ្តើមនៅក្នុងខែមិថុនា ហើយនឹងអាចបញ្ចប់នៅខែធ្នូ។ អ្នកចូលរួមប្រមាណ ១២០នាក់បានទទួលអត្ថប្រយោជន៍ពីកម្មវិធីនៅឆ្នាំ២០២២នេះ តាមរយៈការសិក្សា ការណែនាំ និងបទពិសោធផ្ទាល់។
ក្រោយពីបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាល “Digithon” រួចមក ក្រុមចំនួន១២ បានឆ្លងទៅវគ្គ “Technopreneurship Challenge” ដែលមានរយៈពេលចំនួន ៥ថ្ងៃអំឡុងពេល ៣ចុងសប្ដាហ៍ ដែលពួកគេបានបង្កើតគំនិតរបស់ខ្លួន និងបង្កើតគំនិតអាជីវកម្មដ៏ល្អឥតខ្ចោះដើម្បីបង្ហាញទៅកាន់ក្រុមគណៈកម្មការ ដែលបានជ្រើសរើសក្រុមឈ្នះចំនួន៥ ក្រុម ដើម្បីឡើងទៅវគ្គបន្តទៀត។
ដោយត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៧ កម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង SmartStart បានបណ្ដុះបណ្ដាលនិស្សិត សាកលវិទ្យាល័យនៅប្រទេសកម្ពុជាឱ្យផ្តើមដំណើរការអាជីវកម្មឌីជីថលទើបបង្កើតថ្មី ដោយផ្តល់នូវបទពិសោធសិក្សាល្អៗបំផុតតាមរយៈផ្ដល់ការណែនាំ និងការគាំទ្រផ្នែកហិរញ្ញវត្ថុ។ កម្មវិធី SmartStart បានពង្រីកវិសាលភាពដើម្បីផ្តល់ការអប់រំផ្នែកសហគ្រិនភាពដល់យុវជនកម្ពុជាបន្ថែមទៀត និងបានផ្ដល់អត្ថប្រយោជន៍ដល់និស្សិតប្រហែលមួយពាន់នាក់។
សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងគំនិតផ្តួចផ្តើមទំនួលខុសត្រូវរបស់ក្រុមហ៊ុន និងគំនិតផ្តូចផ្តើមនិរន្តរភាពផ្សេងៗរបស់ក្រុមហ៊ុន Smart សូមតាមដានទំព័រហ្វេសប៊ុក Smart for Cambodia តាមរយៈគេហទំព័រ www.facebook.com/smartforcambodia ៕