ឥឡូវនេះ អ្នកស្រីបានជាប់ជាបេក្ខនារីម្នាក់ក្នុងចំណោមបុគ្គលដែលត្រូវបានជ្រើសតាំង ១០នាក់សម្រាប់វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីពានរង្វាន់ពលរដ្ឋគំរូនេះ ហើយបើអ្នកស្រីត្រូវបានគេជ្រើសរើសជាអ្នកទទួលជ័យលាភី អ្នកស្រីនឹងទទួលបានប្រាក់រង្វាន់ចំនួន ១ម៉ឺនដុល្លារ។
អ្នកស្រី ផាន់ លក្ខិណា ដែលកើតក្នុងគ្រួសារក្រីក្រក្នុងរាជធានីភ្នំពេញ គឺជាអតីតបុគ្គលិករបស់អង្គការមិនមែនរដ្ឋាភិបាលរយៈពេល ១០ឆ្នាំ។ ក្នុងអំឡុងពេលបំពេញការងារ អ្នកស្រីតែងតែងស្រម៉ៃចង់មានឱកាសមួយដើម្បីជួយយកអាសារពលរដ្ឋដែលជួបការលំបាក។
ជាក់ស្តែង ក្រោយការចាកចេញពលរដ្ឋសហគមន៍ដីក្រហមក្នុងរាជធានីភ្នំពេញនៅឆ្នាំ២០០៩ អ្នកស្រីជាមួយនឹងស្វាមីបានជួយពួកគេបន្ទាប់ពីពលរដ្ឋទាំងនោះបានផ្លាស់ប្តូរទីលំនៅទៅរស់នៅក្នុងភូមិស្រះពោធិ៍ ឃុំភ្នំបាទ ស្រុកពញាឮ ខេត្តកំពង់ស្ពឺ ឬហៅថាសហគមន៍តង់ខៀវ។
អ្នកស្រីបានថ្លែងថា៖ “នៅពេលនោះយើងបានជួយពួកគាត់ក្នុងនាមពួកខ្ញុំជាសប្បុរសជន។ ខ្ញុំបានចំណាយថវិកាផ្ទាល់ខ្លួន និងរៃអង្គាសប្រាក់ពីមិត្តភក្តិដើម្បីទិញសំពត់តង់ចែកជូនដល់ពលរដ្ឋទាំងនោះ ដោយសារឃើញពួកគាត់មានការលំបាក”។
នៅដើមឆ្នាំ២០១១ ដោយទទួលបានជំនួយពីសប្បុរសជននៅប្រទេសអូស្រ្តាលី អ្នកស្រីបានមកបង្កើតអង្គការមួយឈ្មោះថាអង្គការម៉ាណាជីវិតជាមួយស្វាមីរបស់អ្នកស្រី។ ក្រោយមក អង្គការរបស់អ្នកស្រីក៏ទទួលបានជំនួយបន្ថែមពីព្រះវិហារគ្រីស្ទសាសនានៅប្រទេសកាណាដា និងណូវែលសេឡង់។
អ្នកស្រីបន្ថែមថា៖ “ខ្ញុំកើតក្នុងគ្រួសារក្រីក្រ។ នៅពេលខ្ញុំឃើញពួកគាត់លំបាក វាធ្វើឱ្យខ្ញុំនឹកឃើញអតីតកាលរបស់ខ្ញុំុ។ ដូច្នេះ ខ្ញុំគិតថា ពួកគាត់គួរទទួលបានជំនួយដូចជាផ្ទះជាដើម។ ដូច្នេះខ្ញុំបានសម្រេចចិត្តបើកអង្គការនេះឡើងដើម្បីជួយពួកគាត់”។
បន្ទាប់មក អង្គការរបស់អ្នកស្រីបានសាងសង់កូនផ្ទះតូចៗចំនួន ៩៣ខ្នងជូនពលរដ្ឋសហគមន៍តង់ខៀវនិងអតីតពលរដ្ឋសហគមនបុរីកីឡា ដែលគម្រោងនេះបានបញ្ចប់នៅឆ្នាំ២០១៣ ហើយក្នុងពេលជាមួយគ្នានោះដែរក៏មានការបើកវគ្គបង្រៀនកុំព្យូទ័រដល់កុមារផងដែរ។
អ្នកស្រី ធី ស្រី អាយុ ៤៣ឆ្នាំ ដែលបានចាកចេញពីសហគមន៍ដីក្រហមទៅរកនៅក្នុងសហគមន៍តង់ខៀវ បានថ្លែងថា អ្នកស្រីនិងក្រុមគ្រួសារជួបការលំបាកខ្លាំងនៅពេលរស់នៅក្នុងសហគមន៍តង់ខៀវដំបូង។
អ្នកស្រីថ្លែងថា៖ “កាលពីពួកយើងមករស់នៅទីនេះដំបូង យើងរស់នៅក្នុងខ្ទមដែលយកឈើគងលើគ្នា ហើយប្រក់សំពត់តង់។ គាត់[អ្នកស្រី ផាន់ លក្ខិណា] ជួយសង់ផ្ទះឱ្យយើង”។
ក្រោយមកដើម្បីជួយដល់កុមារក្រីក្រនៅក្នុងតំបន់នោះឱ្យទទួលបានការសិក្សាចំណេះទូទៅ អង្គការរបស់អ្នកស្រីបានបង្កើតសាលារៀនមួយឈ្មោះថា សាលារៀនដើមស្វាយ នៅឆ្នាំ២០១៤ ដែលផ្តល់ការសិក្សាពីថ្នាក់ទី១ ដល់ទី ៦។
សាលាដើមស្វាយបានផ្តល់ការសិក្សាដល់សិស្សចំនួន ៣១៩ នាក់ក្នុងពេលបើកដំណើការពីឆ្នាំ២០១៤ ដល់២០១៩។ ជាអកុសល សាលាចំណេះទូទៅមួយនេះបានបិទនៅឆ្នាំ២០១៩ ដោយសារកង្វះខាតមូលនិធិ។
សម្រាប់ឆ្នាំសិក្សា២០២១នេះ អង្គការម៉ាណាជីវិតបានផ្តល់ការសិក្សាដល់សិស្សចំនួន៦៥ នាក់ តាមរយៈការផ្តល់អាហារូបករណ៍ដល់ពួកគេពី ៥០% ទៅ ១០០% ឱ្យទៅរៀននៅសាលាឯកជន។ ចំពោះគ្រួសារណាដែលមានការខ្វះខាតខ្លាំង អង្គការរបស់អ្នកស្រីក៏ផ្តល់ការឧបត្ថម្ភជាសាច់ប្រាក់ និងអង្ករផងដែរ។
អង្គការក៏ទទួលបានមូលនិធិពីសប្បុរសជនមួយចំនួនទៀតផងដែរ។ អ្នកស្រី លក្ខិណាបានអំពាវនាវស្វែងរកជំនួយបន្ថែមទៀតដើម្បីរក្សានិរន្តរភាពរបស់អង្គការ។ មានពេលខ្លះ អ្នកស្រីចំណាយថវិកាផ្ទាល់ខ្លួនដែលជាប្រាក់ចំណូលរបស់គ្រួសារ ដើម្បីរក្សាលំនឹងរបស់អង្គការក្នុងពេលខ្វះខាតមូលនិធិ ជាពិសេសក្នុងពេលកើតមានជំងឺកូវីដ-១៩ ដែលសប្បុរជននិងព្រះវិហារដែលជាម្ចាស់ជំនួយបានផ្អាក និងកាត់បន្ថយជំនួយ។
អំពើល្អទាំងនេះហើយដែលឆ្លើយតបទៅនឹងកម្មវិធីពានរង្វានពលរដ្ឋគំរូ Smart ដែលជាផ្នែកមួយនៃយុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា» របស់ក្រុមហ៊ុន Smart Axiata ដែលបានចាប់ផ្តើមនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។ កម្មវិធីនេះមានបំណងស្វែងរកពលរដ្ឋកម្ពុជាដែលបានធ្វើសកម្មភាពល្អៗក្នុងការជួយប្រទេសជាតិ អ្នកជិតខាង និង សហគមន៍របស់ខ្លួន។
ការប្រកាសជ័យលាភីរបស់កម្មវិធីពលរដ្ឋគំរូ Smart ដែលដើមឡើយគ្រោងធ្វើនៅថ្ងៃទី២៧ មីនា ឆ្នាំ២០២១ ត្រូវបានពន្យាពេល ដោយសារការរាតត្បាតជំងឺកូវីដ-១៩។ កាលបរិច្ឆេទថ្មីនឹងត្រូវជូនដំណឹងនៅពេលក្រោយ។
ដើម្បីចូលមើលវីដេអូអំពីអ្នកស្រី ផាន់ លក្ខិណា សូមចុចលើតំណភ្ជាប់ (Link) នេះ៖ https://www.facebook.com/watch/?v=736701273670822
សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartforcambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh។