ទីផ្សារ​គ្រាប់ស្វាយចន្ទី

គ្រាប់ស្វាយចន្ទី កំពុង​ត្រូវការ​​រោងចក្រកែច្នៃ​ថែមទៀត ដើម្បីជំរុញ​ការ​នាំចេញ​ជាផលិតផល​សម្រេច​


ក្នុងមួយឆ្នាំៗ កម្ពុជាបាននាំចេញផលិតផលកសិកម្មបានរាប់លានតោន ប៉ុន្ដែ ក្នុងចំណោមផលិតផលទាំងនោះ ត្រូវបាន​គេមើលឃើញថា គឺមាន​ភាគច្រើនជាផលិតផលវត្ថុធាតុដើម និងពាក់កណ្ដាលសម្រេច ខណៈដែលផលិតផលសម្រេច សម្រាប់ការនាំចេញ គឺនៅមានតិចតួចនៅឡើយ។ អ្នកជំនាញ បានមើលឃើញថា ក្នុងចំណោមផលិតផលកសិកម្មសំខាន់ៗជាច្រើនមុខ គ្រាប់ស្វាយចន្ទី ជាផលិតផលសក្ដានុពលមួយសម្រាប់ផលិតជាផលិតផលសម្រេចដើម្បីនាំចេញលើ​ទីផ្សារ។
គ្រាប់ស្វាយចន្ទី ជាផលិតផលកសិកម្មសក្ដានុពលសម្រាប់ការផលិតជាផលិតផលសម្រេច ដើម្បីនាំចេញ (រូបថត៖ ចាន់ មង្គល)
ដោយ

ឯកឧត្តម ហេង​ សុខគង់ រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម និងសិប្បកម្ម បាន​លើកឡើងថា រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈក្រសួង​ឧស្សាហកម្ម និងសិប្បកម្ម បន្តលើកទឹកចិត្ត ដល់​សហគ្រាស​ក្នុងស្រុក​ឲ្យបង្កើន​សមត្ថភាព​របស់ខ្លួន​ដើម្បី​ឈាន​ទៅផលិត​កែច្នៃ​ផលិតផល​កសិកម្ម​សម្រេច ដើម្បី​នាំចេញ​ទៅលក់នៅក្រៅប្រទេស ដ្បិតថា នៅពេល​សហគ្រាសក្នុងស្រុក អាចផលិត​ផលិតផលសម្រេច​នាំចេញ នាំវា​នឹង​បង្កើត​តម្លៃបន្ថែម​កាន់តែខ្ពស់​ក្នុង​សង្វាក់ផលិតកម្ម ក៏ដូចជា​ជា​សេដ្ឋកិច្ច​ផងដែរ។

ឯកឧត្តម បន្ថែមទៀតថា ពិសេស បន្ទាប់ពីអង្ករទៅ ផលិតផលគ្រាប់ស្វាយចន្ទី គឺជា​ផលិតផល​កសិកម្ម​ដ៏សំខាន់មួយ ដែល​រដ្ឋាភិបាល​កំពុង​ជំរុញ​ឲ្យមាន​ការផលិត​ជាផលិតផល​សម្រេច​ដើម្បីនាំចេញ ព្រោះវា​មានតម្លៃបន្ថែមខ្ពស់​ក្នុងសង្វាក់ផលិតកម្ម។

ឯកឧត្តម ហេង សុខគង់ មានប្រសាសន៍​យ៉ាងដូច្នេះថា  «គ្រាប់ស្វាយចន្ទី​មាន​តម្លៃបន្ថែមខ្ពស់ណាស់ ប្រសិនបើយើង​អាច​យកមកកែច្នៃ​ជាផលិតផល​សម្រេច​ដើម្បីនាំចេញ ដូចជាផ្លែ​ស្វាយចន្ទី អាច​យកទៅផលិត​ជាប្រេង ឬជាស្រាស ហើយសម្បក​គ្រាប់ស្វាយចន្ទី​គេអាចយកទៅ​ផលិត​កែច្នៃ​ជា​ថាមពល​អគ្គិសនីក៏បាន។ ទាំងអស់នេះ យើងឃើញថា ជាតម្លៃផលិតកម្មមួយដ៏វែង ដែលយើង​ចង់ជំរុញ»។ 

គ្រាប់ស្វាយចន្ទី ត្រូវបានគេដឹងថា គឺមានភាគច្រើន​ត្រូវបាន​នាំចេញគ្រាប់ស្រស់​ទៅកាន់ទីផ្សារ​ប្រទេស​វៀតណាម ហើយវៀតណាម​បាន​យកទៅកែច្នៃ​បន្ត​ដើម្បីវេចខ្ចប់នាំចេញ​ទៅលក់​នៅក្រៅប្រទេស។ ហើយភាគច្រើន វៀតណាមទិញ​គ្រាប់ស្វាយចន្ទីពីអាហ្វ្រិក តែបើតាម​ការបញ្ជាក់ពីឈ្មួញ គ្រាប់ស្វាយចន្ទី ពីតំបន់អាហ្វ្រិក គឺមិនមាន​គុណភាពល្អ ដូចគ្រាប់ស្វាយចន្ទី​ពីកម្ពុជាយើងនោះទេ។ តួយ៉ាង នៅ ៧ខែឆ្នាំនេះ វៀតណាម​បានទិញ​គ្រាប់ស្វាយចន្ទី​ពីកម្ពុជា ជាង​១៧ម៉ឺនតោន មានតម្លៃជា​ទឹកប្រាក់​ប្រមាណ ជាង​២៩០ លានដុល្លារ​អាមេរិក នេះបើតាម​របាយការណ៍ពី គយវៀតណាម។

លោក ប៊ុន ហេង ប្រធាន​គ្រប់គ្រង​ចង្វាក់ផលិតកម្ម​នៃរោងចក្រ​កែច្នៃគ្រាប់ស្វាយចន្ទី Wel Willing Agricultural Technology បានលើកឡើងថា សម្រាប់ឆ្នាំនេះ តម្លៃគ្រាប់ស្វាយចន្ទី​គឺមាន​តម្លៃខ្ពស់​គួរសម​បើធៀបនឹង​ឆ្នាំកន្លងទៅ ដោយក្នុងឆ្នាំនេះ ក្រុមហ៊ុន​បានបញ្ជាទិញ​គ្រាប់ស្វាយចន្ទី​ពីកសិករ​ក្នុងតម្លៃចន្លោះពី ជាង​១.៦៥០ ដុល្លារទៅ ២.០០០ ដុល្លារ ក្នុងមួយតោន។ លោកបន្តថា រោងចក្រនេះ គឺមានផលិត​គ្រាប់ស្វាយចន្ទី​ពាក់កណ្ដាល​សម្រេចផង និងសម្រេចផង ដើម្បីនាំចេញ​ផ្ទាល់ជាចម្បង​ទៅកាន់​ប្រទេសចិន និងទីផ្សារផ្សេងទៀត ហើយក៏មាន​ការផ្គត់ផ្គង់ក្នុងស្រុកផងដែរ។ 

កម្មករកំពុង​បកសម្បកគ្រាប់ស្វាយចន្ទី នៅក្នុងរោងចក្រ​ (រូបថត៖ ចាន់ មង្គល)

លោក ប៊ុន ហេង បន្ថែមទៀតថា គ្រាប់ស្វាយចន្ទី​ភាគច្រើន​ត្រូវបាន​បញ្ជាទិញ​ពីប្រជាកសិករ​ក្នុងខេត្ត​កំពង់ចាម រតនគីរី ស្ទឹងត្រែង និងព្រះវិហារ ខណៈដែល​ខាង​ក្រុមហ៊ុន​ក៏ទើបតែ​មាន​ការនាំដុះ​ស្វាយចន្ទី ប្រមាណ ៣៥០ ហិកតា​ដោយខ្លួន នៅខេត្ត​កំពត​ផងដែរ។

បើតាម អ្នកគ្រប់គ្រង​រោងចក្រ​កែច្នៃគ្រាប់ស្វាយចន្ទី​រូបនេះ ក៏បាន​គូសបញ្ជាក់ទៀតថា នៅឆ្នាំ៣ឆ្នាំ​ខាងមុខនេះ រោងចក្រនេះ​នឹងពង្រីកសមត្ថភាព​ផលិត​របស់ខ្លួន​រហូតដល់ ៥ដង តាមរយៈ​ការបង្កើតនូវ​រោងចក្រ​កែច្នៃ​គ្រាប់ស្វាយចន្ទីថ្មី ២ បន្ថែមទៀត ដោយមួយនៅ​តំបន់សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ អាច​នឹង​បើកដំណើរការ​នៅឆ្នាំក្រោយ និងមួយទៀត​នៅខេត្ត​កំពង់ចាម​អាចនឹង​រួចរាល់​នៅឆ្នាំ២០២១។ 

កម្មករ​កំពុង​លើកគ្រាប់ស្វាយចន្ទ ចូលក្នុង​ម៉ាស៊ីន (រូបថត៖ ចាន់ មង្គល)

គួរបញ្ជាក់ដែរថា របាយការណ៍ ពីក្រសួង​កសិកម្ម បានឲ្យដឹងថា ក្នុងមួយឆ្នាំៗ កម្ពុជា​មានសមត្ថភាព​ផលិត​ផលិតផល​កសិកម្ម​បានប្រមាណ ៣០​លាន​តោន​ក្នុងមួយឆ្នាំៗ ដោយក្នុងនោះ ការនាំចេញមាន​ប្រមាណ ជាង​៤លានតោន កាលពីឆ្នាំ២០១៨។ របាយការណ៍ ក្រសួង​កសិកម្ម​បាន​ឲ្យដឹងទៀតថា សម្រាប់​តែរយៈពេល ៧ខែ នៅឆ្នាំនេះ កម្ពុជាបាន​នាំចេញ​ផលិតផល​កសិកម្មប្រមាណ ២,៣លាន​តោន។ ប៉ុន្ដែ ក្នុងចំណោម​ផលិតផលកសិកម្ម​នាំចេញ​ទាំងនោះ ត្រូវបាន​គេ​មើលឃើញថា មានភាគតិច​ណាស់​ ដែលជាផលិតផល​សម្រេច។  

ដោយសារតែ​តម្រូវការ​គ្រាប់ស្វាយចន្ទី មានការកើនឡើង ប្រទេសវៀតណាម​តាមរយៈសមាគម​គ្រាប់ស្វាយចន្ទីវៀតណាម ក៏ធ្លាប់បាន​សន្យា​ជួយ​កម្ពុជា​ក្នុងការដាំ​ស្វាយចន្ទី ឲ្យបាន១លានដើម នៅលើផ្ទៃដី​ប្រមាណ​៥០ម៉ឺនហិកតា នៅត្រឹម​ឆ្នាំ២០២២​ខាងមុខ។ នេះបើតាមការចុះផ្សាយពីគេហទំព័រ Vietnam News ។ មិនតែប៉ុណ្ណោះ វៀតណាម​ក៏នឹង​សន្យា​ប្រមូលទិញ​គ្រាប់ស្វាយ​ចន្ទី​ពីកម្ពុជា​​វិញ​ផងដែរ។

ទោះយ៉ាងណា អ្នកជំនាញ​យល់ឃើញថា វាមិនមែនជា​ទីផ្សារ​ប្រកបដោយ​ចីរភាពនោះទេ នៅពេល​ដែលកម្ពុជា​នាំចេញ​ផលិតផល​វត្ថុធាតុដើម គ្រាប់ស្វាយចន្ទីស្រស់ទៅវៀតណាម ដោយមិនមាន​ការផលិត​កែច្នៃ​ដោយខ្លួនឯង ព្រោះការនាំចេញ​វត្ថុធាតុដើម មានការខាតបង់​តម្លៃបន្ថែម​របស់​ផលិតផលនោះ ហើយទីផ្សារ​ក៏មិនអាចស្ថិតស្ថិរដែរ បើសិនជាយើង​ត្រូវពឹង​តែលើទីផ្សារប្រទេស​វៀតណាម​តែមួយនោះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


នាយក​រដ្ឋមន្រ្តី​ហាម​ប្រាម​អាជីវកម្ម​ល្បែង​"អនឡាញ"​ព្រោះ​ឧក្រិដ្ឋជន​មួយ​ចំនួន​ធ្វើ​សកម្មភាព​ជំរិត​ទារ​ប្រាក់

ព័ត៌មាន
នាយក​​រដ្ឋមន្រ្តី​​កម្ពុជា សម្តេច ហ៊ុន សែន នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ​២០១៩ បាន​ចុះ​ហត្ថលេខា​លើ​សារាចរ​ណែនាំ​ ឲ្យ​បញ្ឈប់​ការ​ផ្តល់​អាជ្ញាប័ណ្…

គ្រឹះស្ថានធនាគារកាន់តែច្រើន បន្ដ​ចាប់ដៃគ្នាជាមួយភ្នាក់ងារផ្ទេរប្រាក់ ដើម្បីពង្រីកបរិយាប័នហិរញ្ញវត្ថុ

ព័ត៌មាន
នៅមួយរយៈចុងក្រោយនេះ មានធនាគារពាណិជ្ជកម្មធំៗមួយចំនួន បាននិងកំពុងបន្តកិច្ចសហប្រតិបត្តិការគ្នាជាមួយនឹងស្ថាប័នភ្នាក់ងារផ្ទេរប្រាក់ ដើម្បីផ្ដល់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ