សេដ្ឋកិច្ចរុស្ស៊ី

ហេតុអ្វីសេដ្ឋកិច្ចរុស្ស៊ីអាចនឹងធ្លាក់ចុះធ្ងន់ធ្ងរ ដោយសារតែទណ្ឌកម្ម ហើយមិនអាចពឹងផ្អែកលើចិននិងឥណ្ឌាបានទាំងស្រុង?


សេដ្ឋកិច្ចរបស់ប្រទេសរុស្ស៊ីបច្ចុប្បន្ន កំពុងហ៊ុមព័ទ្ធជុំជិត ដោយទណ្ឌកម្មពីសំណាក់ប្រទេសជាច្រើននៅទូទាំងពិភពលោក ពិសេសប្រទេសមហាអំណាចធំៗនៅលោកខាងលិចតែម្ដង បើទោះបីជាមហាអំណាច ចិន និងឥណ្ឌាត្រូវបានគេមើលឃើញថា ហាក់នៅបន្ដមានទំនាក់ទំនងពាណិជ្ជកម្មជិតស្និទ្ធជាមួយទីក្រុងម៉ូស្គូក៏ដោយ។
ហេតុអ្វីសេដ្ឋកិច្ចរុស្ស៊ីអាចនឹងធ្លាក់ចុះធ្ងន់ធ្ងរ ?
ដោយ

តួយ៉ាង ប្រទេស​អា​ល្លឺ​ម៉​ង់​បាន​អះអាង​នា​ចុង​ស​ប្ដា​ហ៍​មុន​នេះ​ថា មហាអំណាច​សេដ្ឋកិច្ច​តំបន់​អឺរ៉ុប​មួយ​នេះ ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​បញ្ឈប់​ការ​ទិញ​ប្រេង​ពី​រុ​ស្ស៊ី ដើម្បី​ចូលរួម​ជាមួយ​សហភាព​អឺរ៉ុប​លើ​ការ​ដាក់​ទណ្ឌកម្ម​កាន់តែ​ខ្លាំងក្លា​ហ៊ុម​ព័ទ្ធ​ចំពោះ​ការ​នាំ​ចេញ​ប្រេង​រុ​ស្ស៊ី ដើម្បី​ការ​ដាក់​សម្ពាធ​ឲ្យ​កាន់តែ​ធ្ងន់ធ្ងរ​ថែម​ទៀត​ទៅ​លើ​ទីក្រុង​ម៉ូ​ស្គូ ដែល​បាន​ឈ្លានពាន​អ៊ុយ​ក្រែ​ន​។ នេះ​បើ​តាម​ការ​រាយការណ៍​ពី​សារព័ត៌មាន Business Insider​។

លោក Matt Smith អ្នកវិភាគ​ប្រេង​នាំមុខ​នៅ​ក្រុមហ៊ុន​វិភាគ​ទីផ្សារ ខេ​ភ្ល័​រ (Kpler) បាន​អះអាង​ថា សេដ្ឋកិច្ច​របស់​រុ​ស្ស៊ី​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​ធ្លាក់​ចុះ​ជាង ១០% នៅ​ឆ្នាំ​នេះ​។ ក៏​ប៉ុន្តែ​ប្រសិនបើ​ទណ្ឌកម្ម​ប្រេង​ត្រូវ​ហ៊ុម​ព័ទ្ធ​ដោយ​សហភាព​អឺរ៉ុប​កើនឡើង​មែន នោះ​វា​ទំនងជា​នឹង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ទីក្រុង​ម៉ូ​ស្គួ​អាច​នឹង​ធ្លាក់​ចុះ​កាន់តែ​ខ្លាំង​ជាង​នេះ​ទៅ​ទៀត​។

ក្នុង​សេណា​រី​យោ​គ្មាន​ការ​ទិញ​ប្រេង​ពី​អ៊ឺ​រ៉ុ​ប រុ​ស្ស៊ី​នឹង​ត្រូវ​ស្វែងរក​កន្លែង​ណាមួយ ដើម្បី​លក់​ប្រេង​ប្រហែល ២​លាន​៥ សែន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​។ លោក Smith បាន​និយាយ​ទៀត​ថា លុះត្រាតែ​ទីក្រុង​ម៉ូ​ស្គូ​អាច​លក់​ការ​ផ្គត់ផ្គង់​នោះ​បាន​លឿន ឬ យ៉ាង​ហោច​ណាស់​រក​កន្លែង​រក្សា​ទុក​ប្រេង​ឲ្យ​បាន​ឆាប់ នោះ​រុ​ស្ស៊ី​នឹង​មានឱកាស​អាច​កាត់​បន្ថយ​ការ​ផលិត​ប្រេង​ក្នុងស្រុក​របស់​ខ្លួន ដើម្បី​ឲ្យ​សមាមាត្រ​នឹង​ស្ដុក​ប្រេង​។

មែនទែន​ទៅ ប្រទេស​រុ​ស្ស៊ី​អាច​ប្រើប្រាស់​បណ្តាញ​បំពង់​បង្ហូរ​ប្រេង​ដ៏​ធំ​ទូលាយ​របស់​ខ្លួន​ធ្វើ​ជា​កន្លែង​ស្តុក​ទុក​ប្រេង ប៉ុន្តែ​ទំហំ​នៃ​ការ​ផ្ទុក​គឺ​មាន​ចំនួន​កំណត់​។ ដោយឡែក ប្រេង​ឆៅ​ដែល​មិន​ទាន់​បាន​លក់​ក៏​អាច​ផ្ទុក​នៅ​លើ​កា​ប៉ា​ល់​ដឹក​ប្រេង និង​រក្សា​ទុក​នៅ​ឯ​សមុទ្រ​ផង​ដែរ​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ ដំណោះស្រាយ​ទាំងនេះ មិន​អាច​ជួយ​ដោះស្រាយ​សេដ្ឋកិច្ច​របស់​រុ​ស្ស៊ី ដែល​ត្រូវ​បាន​ហ៊ុម​ព័ទ្ធ​ដោយ​ទណ្ឌកម្ម​សហភាព​អឺរ៉ុប​យ៉ាង​ចាស់ដៃ​បាន​ទេ​។

យោង​តាម​ក្រុមហ៊ុន Rhodium Group បានឱ្យ​ដឹង​ថា ប្រាក់​ចំណូល​ពី​ការ​នាំ​ចេញ​ប្រេង​ទៅ​កាន់​អឺរ៉ុប​របស់​រុ​ស្ស៊ី​មាន​ចំនួន ១១% នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​រុ​ស្ស៊ី​ក្នុង​ឆ្នាំ ២០២១ ដែល​ច្រើន​ជាង ២,៣% ទៅ ២,៦% នៃ​ការ​នាំ​ចេញ​ឧស្ម័ន​ទៅ​កាន់​អឺរ៉ុប​។

លោក Smith បាន​និយាយ​ថា ការ​ធ្លាក់​ចុះ​នៃ​ប្រាក់​ចំណូល​ពី​ការ​នាំ​ចេញ​យ៉ាងធ្ងន់ធ្ងរ​នេះ នឹង​បណ្តាល​ឱ្យ​មានការ​ថយ​ចុះ​គួរ​ឱ្យ​កត់សម្គាល់​នៅ​ក្នុង​សេដ្ឋកិច្ច​របស់​ប្រទេស​រុ​ស្ស៊ី ហើយ​ទីក្រុង​ម៉ូ​ស្គួ​រ​ហាក់បីដូចជា​មាន​ផ្លូវ​នៃ​ការ​តស៊ូ​តិច​តូច​បំផុត ដោយ​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅពី​ត្រូវ​កាត់​បន្ថយ​ការ​ផលិត​នោះ​ទេ​។

ហេតុ​អ្វី​បានជា​ពូ​ទី​ន មិន​អាច​ពឹង​ចិន ឬ ឥណ្ឌា​ទាំងស្រុង​បាន?

ប្រទេស​ឥណ្ឌា​គ្រោង​នឹង​នាំ​ចូល​ប្រេង​ឆៅ​ពី​រុ​ស្ស៊ី ប្រហែល​៦០​ម៉ឺន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ ដោយសារ​តែ​រុ​ស្ស៊ី​លក់​ជូន​ក្នុង​តម្លៃ​ទាប​ជាង​ទីផ្សារ​។

ការ​ដាក់​ទណ្ឌកម្ម​ផ្តាច់​ឈប់​ទិញ​ប្រេង​ពី​ទីក្រុង​ម៉ូ​ស្គួ ពី​សំណាក់​សហភាព​អឺរ៉ុប ក៏​អាច​នឹង​ជំរុញ​ឲ្យ​ប្រទេស​ចិន និង ឥណ្ឌា នឹង​នឹង​បង្កើន​ការ​នាំ​ចូល​ប្រេង​ពី​រុ​ស្ស៊ី​បន្ថែម ១ លាន​បារ៉ែល​ទៀត​ក្នុង​មួយ​ថ្ងៃ ខណៈ​ដែល​មានការ​ទាក់ទាញ​នៃ​ការ​លក់​ប្រេង​បញ្ចុះតម្លៃ​ពី​រុ​ស្ស៊ី ដែល​បណ្តាល​មក​ពី​សម្ពាធ​អន្តរជាតិ​ក្នុង​ការ​កាត់​ផ្តាច់​ការ​នាំ​ចូល​ពី​ប្រទេស​នេះ​។ ក៏​ប៉ុន្តែ​តាម​វិធីសាស្ត្រ​នេះ ទីក្រុង​ម៉ូ​ស្គូ​អាច​នឹង​បង្កើត​ប្រាក់​ចំណូល​ពី​ប្រេង​បាន​តិច​តូច​ប៉ុណ្ណោះ​។ ម្យ៉ាងទៀត អ្នកជំនាញ​ប៉ាន់​ប្រមាណ​ថា ទោះបី​មហា​យក្ស​ចិន និង​ឥណ្ឌា ទិញ​ប្រេង​ពី​រុ​ស្ស៊ី​បន្ថែម​ក្ដី ក៏​ប្រទេស​ទាំង​ពីរ​នេះ នៅ​តែ​មិន​អាច​ជំនួស​ទីផ្សារ​អឺរ៉ុប​បាន​១០០%​នោះ​ដែរ​។

យ៉ាងណាមិញ បញ្ហា​ការ​ដឹក​ជ​ញ្ជួ​ន ដូច​ជា​ការ​ទទួល​បានការ​ធានា​រ៉ាប់រង​សម្រាប់​ទំនិញ​ថ្មី ឬ ស្វែងរក​នាវា​គ្រប់គ្រាន់ ដើម្បី​សម្រួល​ដល់​លំហូរ​ដឹក​ប្រេង​ពី​រុ​ស្ស៊ី ក៏​ជា​បញ្ហា​ប្រឈម​សម្រាប់​ប្រទេស​ចិន និង​ឥណ្ឌា​ផង​ដែរ​។ ទន្ទឹម​នឹង​នេះ តម្រូវការ​ថាមពល​របស់​ប្រទេស​ចិន​បាន​ធ្លាក់​ចុះ ក្រោម​គោលនយោបាយ​គ្មាន​កូ​វី​ដ របស់​ទីក្រុង​ប៉េ​កាំ​ង ហើយ​រោងចក្រ​ចម្រាញ់​ប្រេង​របស់​ប្រទេស​នេះ ក៏​បាន​ងើបឡើង​ត្រឡប់​មក​វិញ​ផង​ដែរ​៕

អត្ថបទ​៖ វ៉ា​ន់ ស្រី​រ័​ត្ន

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញព្រមានថា គោលនយោបាយទប់ស្កាត់កូវីដ១៩តឹងរ៉ឹងពេក នឹងធ្វើឲ្យសេដ្ឋកិច្ចចិនដើរយឺតជាងសេដ្ឋកិច្ចអាមេរិក

ព័ត៌មាន
ក្រោយមើលឃើញពីសម្ទុះឆ្លងកូវីដ១៩នៅក្នុងប្រទេសចិន ពិសេសក្នុងទីក្រុងពាណិជ្ជកម្មសំខាន់ៗ គួបផ្សំនឹងគោលនយោបាយគ្មានកូវីដ១៩ដ៏តឹងរ៉ឹងបំផុត ដែលគេស្…

អូស្ត្រាលីចោទចិនថា បានជ្រៀតជ្រែកនៅក្នុងកិច្ចការគោលនយោបាយបរទេសរបស់ខ្លួន

ព័ត៌មាន
នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក ស្គុត ម៉ូរីសិន (Scott Morrison) នាចុងសប្ដាហ៍នេះបានចោទចំៗទៅកាន់ចិនថា បានបង្ហាញទម្រង់ជ្រៀតជ្រែកនៅក្នុងកិច្ចកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ