

សម្រាប់ឆ្នាំ ២០២៣ នេះវិញ ការប្រកួតបានចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២៣ និងបានបញ្ចប់ ដោយបរិបូណ៌នៅរសៀលថ្ងៃអាទិត្យ ទី ១១ មិថុនា ២០២៣។ ការប្រកួតសម្រាប់រដូវកាល ២០២៣ ត្រូវបានបែងចែកជាច្រើនកម្រិតដូចជា៖ កម្រិតអាយុក្រោម ១០ ឆ្នាំ (U1០) កម្រិតអាយុក្រោម ១២ ឆ្នាំ (U12)កម្រិតអាយុក្រោម ១៤ ឆ្នាំ (U14)កម្រិតអាយុក្រោម ១៦ ឆ្នាំ (U16) កម្រិតអាយុក្រោម ១៨ ឆ្នាំ (U18) កម្រិតអាយុក្រោម ២០ ឆ្នាំ (U20) និងបាល់ទាត់ផ្នែកនារី។ ចំនួនក្រុមសរុបដែលចូលរួម មាន ៤៩ ក្រុម និងមានកីឡាករកីឡាការិនីសរុបចំនួនជាង ១៤០០ នាក់។
ជាក់ស្តែង នេះក៏ជាលើកទី ១ ដែរ ដែលមានបន្ថែមការប្រកួតបាល់ទាត់នារីក្នុងព្រឹត្តិការណ៍ពានរង្វាន់ បាល់ទាត់យុវជនស្មាត (Smart Youth League) ដែលនេះកាន់តែធ្វើឲ្យព្រឹត្តិការណ៍កីឡាមួយនេះ ពិសេសថែមមួយកម្រិតទៀត។

បន្ទាប់ពីការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេលជាងពីរខែ ជ័យលាភីជើងឯកសម្រាប់កម្រិត U20 បុរស ដែលជាកម្រិត ល្បីល្បាញជាងគេ បានទៅលើក្រុមបាល់ទាត់ហនុមានអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ ខណៈដែលជ័យលាភីបាល់ទាត់នារី បានទៅលើក្រុមនារីមកពីក្លឹបភ្នំពេញក្រោន។
ក្រុមជើងឯកនៃកម្រិតនីមួយៗទទួលបានពានរង្វាន់ ចំនួន ១ មេដាយមាសចំនួន ៣០ គ្រឿង ប្រាក់រង្វាន់ កាតបញ្ចូលទឹកប្រាក់តម្លៃ ១០ ដុល្លារ ចំនួន ២០ សន្លឹក និង រ៉ោតទ័រ Smart @Home ចំនួន ២ គ្រឿង ជាមួយការប្រើគម្រោង Premium ឥតគិតថ្លៃចំនួន ២ ខែ។
លោក រីន ពេជ្រមុនី ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន Smart Axiata បានលើកឡើងថា «ក្រុមហ៊ុន Smart ពិតជាមានមោទនភាព ដែលបានក្លាយជាដៃគូដ៏សំខាន់ ដែលតែងតែឧបត្ថម្ភគាំទ្រដល់ការប្រកួតបាល់ទាត់ យុវជនស្មាតតាំងពីដំបូងមក។ យើងពិតជារីករាយយ៉ាងក្រៃលែង ដែលបានឃើញថាភាពជាដៃគូនេះបាន ផ្តល់នូវអត្ថប្រយោជន៍យ៉ាងធំធេងក្នុងការជំរុញវិស័យកីឡាបាល់ទាត់នៅកម្ពុជាឲ្យកាន់តែឆ្ពោះទៅមុខ ក៏ដូចជាសកម្មភាពនៃការចូលរួមអភិវឌ្ឍធនធានថ្នាលយុវជនតាមរយៈការលើកកម្ពស់វិស័យកីឡានៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។»

ពានរង្វាន់បាល់ទាត់យុវជនស្មាត (Smart Youth League) បានខកខានអស់រយៈពេល ៣ រដូវកាល ពោលគឺឆ្នាំ ២០២០, ២០២១ និង ២០២២ ដោយសារតែបញ្ហាជំងឺកូវីដ-១៩ ខណៈ ពានរង្វាន់បាល់ទាត់យុវជនស្មាត (Smart Youth League) ២០១៩ គឺជាការរៀបចំលើកទី១ ដែលមានការចូលរួមពីយុវជនប្រមាណជាជាង ១១០០នាក់ ដោយបានប្រកួតប្រជែងលើសមរភូមិវាលស្មៅនៃកីឡដ្ឋាន Smart RSN ទៅតាមកម្រិតទាំង ៤ ។ ជាការកត់សម្គាល់ ក្នុងរដូវកាលទី ១ ក្រៅពីទទួលបានការគាំទ្រយ៉ាងផុសផុលហើយនោះ ព្រឹត្តិការណ៍នេះ បានក្លាយជាវេទិកាបញ្ចេញសមត្ថភាពរបស់កីឡាករវ័យក្មេងៗ ដោយនៅពេលនេះពួកគេមួយចំនួន កំពុងប្រែខ្លួនក្លាយជាកីឡាករអាជីពទាំងក្នុងកម្រិតក្លឹបព្រមទាំងជម្រើសជាតិកម្ពុជាថែមទៀតផង ដូចជាកីឡាករ លឹម ពិសុទ្ធ ជាដើម។

បន្ទាប់ពីទទួលបានជោគជ័យដ៏ត្រចះត្រចង់ក្នុងរដូវកាលទី ២ ក្នុងឆ្នាំ ២០២៣ ក្រុមហ៊ុន Smart Axiata ក្លឹបបាល់ទាត់ភ្នំពេញក្រោន និងកីឡដ្ឋាន Smart RSN សង្ឃឹមយ៉ាងម៉ុតមាំថា នឹងបន្តបង្កើតព្រឹត្តិការណ៍ ពានរង្វាន់បាល់ទាត់យុវជនស្មាត (Smart Youth League) នេះនៅរដូវកាលក្រោយៗទៀត ដើម្បីបន្ត លើកស្ទួយវិស័យកីឡា និងរួមចំណែកក្នុងការដឹកនាំយុវជនកម្ពុជាទៅរកអនាគត ប្រកបដោយភាពភ្លឺស្វាង និងក្លាយជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ៕