កាលពីខែកក្កដាកន្លងទៅសហភាពអឺរ៉ុបធ្លាប់បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំក្នុងផែនការចាក់វ៉ាក់សាំងឱ្យបាន៧០%នៃពលរដ្ឋពេញវ័យមុនពេលរដូវក្ដៅឈានចូលមកដល់។ ហេតុដូចនេះការសម្រេចបានតាមគោលដៅមុនពេលកំណត់ បានបង្ហាញពីការសាមគ្គីជាធ្លុងមួយ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងរបស់សហភាពអឺរ៉ុប ពោលគឺការសាមគ្គីគ្នាយ៉ាងល្អរវាងប្រទេសជាសមាជិកសហភាពអឺរ៉ុបទាំងអស់ចំនួន ២៧ប្រទេស។
ប្រធានសហភាពអឺរ៉ុប លោកស្រី វ៉នឌឺ លីយ៉េន (von der Leyen) បាននិយាយថា ការសម្រេចបានគោលដៅចាក់វ៉ាក់សាំងនៅក្នុងខែសីហានេះគឺជាសមិទ្ធផលដ៏អស្ចារ្យមួយ។ ទន្ទឹមនេះយុទ្ធសាស្ត្ររបស់សហភាពអឺរ៉ុបដែលឆ្ពោះទៅមុខរួមគ្នា និងធ្វើឱ្យអឺរ៉ុបឈានទៅមុខមុនគេក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ ។ មិនតែប៉ុណ្ណោះ អឺរ៉ុបនឹងបន្តជួយគាំទ្រដល់ពិភពលោក ក៏ដូចជាប្រទេសដៃគូររបស់ខ្លួនក្នុងកិច្ចខិតខំប្រឹងប្រែងនេះជាពិសេសប្រទេសដែលមានចំណូលទាបនិងមធ្យម។ នេះបើយោងតាមសេចក្ដីប្រកាសរបស់គណៈកម្មការអឺរ៉ុប។
យ៉ាងណាមិញស្ថិតិនៃការចាក់វ៉ាក់ក្នុងចំណោមប្រទេសទាំង២៧នៅអឺរ៉ុបមិនទាន់មានអត្រាស្មើគ្នាទាំងអស់នៅឡើយទេ។ ជាក់ស្តែង ប្រទេសម៉ាល់តា បានចាក់វ៉ាក់សាំងគ្រប់២ដូសឱ្យពលរដ្ឋពេញវ័យរបស់ខ្លួនច្រើនជាងគេ រហូតដល់ជិត៩០% ខណៈប្រទេស អៀរឡង់ និងព័រទុយហ្កាល់ចាក់បានជាង៨០%ហើយ ដោយឡែកពលរដ្ឋពេញវ័យក្នុងប្រទេសរ៉ូម៉ានីវិញ ទើបតែចាក់បានជាង៣០%ប៉ុណ្ណោះ។
បច្ចុប្បន្នប្រទេសក្នុងតំបន់អឺរ៉ុបបាននិងកំពុងប្រើប្រាស់វ៉ាក់សាំងចំនួន៤ប្រភេទ ក្នុងការចាក់ជូនពលរដ្ឋពេញវ័យទាំងជាង ២៥៦លាននេះ ក្នុងនោះរួមមានដូចជា វ៉ាក់សាំង Pfizer/BioNTech, AstraZeneca, Moderna និង Johnson& Johnson។
គួររំឭកថា សហភាពអឺរ៉ុបដំបូងឡើយមានភាពយឺតយ៉ាវខ្លាំង ក្នុងការចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួន ដោយសារតែគ្រានោះ អឺរ៉ុបបានពឹងផ្អែកខ្លាំងពេកលើវ៉ាក់សាំង AstraZeneca របស់អង់គ្លេស ដែលសឹងតែផ្គត់ផ្គង់មិនទាន់តម្រូវសម្រាប់អង់គ្លេសខ្លួនឯងផងនោះ។
ដោយឡែកបើយើងក្រឡេកមើលយុទ្ធនាការចាក់វ៉ាក់សាំងនៅទូទាំងពិភពលោកវិញឃើញថា ប្រទេសចិននៅតែបន្តជាប្រទេសឈរកំពូលតារាង បានចាក់វ៉ាក់សាំងក្នុងចំនួនច្រើនជាងគេ ដល់ទៅជាង២ពាន់លានដូស ខណៈឥណ្ឌានៅលំដាប់លេខ២ មានចំនួនវ៉ាក់សាំងប្រើប្រាស់អស់ជាង ៦៤០លានដូស រីឯអឺរ៉ុបឈរនៅលេខ៣ ប្រើប្រាស់វ៉ាក់សាំងអស់ជាង៥៣០លានដូស ហើយសហរដ្ឋអាមេរិកឈរនៅលេខ៤ ប្រើប្រាស់អស់ប្រមាណ ៣៧០លានដូស។ នេះបើតាមទិន្នន័យដែលចងក្រងដោយសារព័ត៌មាន អាមេរិក Bloomberg៕
អត្ថបទ៖ ស៊ើង និមល់