អ្នកវិនិយោគ

តើអ្នកជំនាញយល់យ៉ាងណាចំពោះការបង្កើតគណៈកម្មាធិការជំរុញការដោះស្រាយបញ្ហាវិស័យឯកជន?


រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតគណៈកម្មាធិការជំរុញការដោះស្រាយបញ្ហាវិស័យឯកជន ដើម្បីសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈម ឬសំណូមពររបស់វិស័យឯកជនលើទិដ្ឋភាពច្បាប់ បច្ចេកទេស និងបញ្ហាផ្សេងៗទៀត ក៏ដូចជារាយការណ៍ជូននាយករដ្ឋមន្រ្តីនូវរាល់បញ្ហាប្រឈមនានា សំដៅជួយលើកកម្ពស់បរិយាការវិនិយោគនៅកម្ពុជា។
អ្នកវិនិយោគ
ដោយ

តើការបង្កើតគណៈកម្មាធិការជំរុញការដោះស្រាយបញ្ហាវិស័យឯកជន អាចចូលរួមលើកកម្ពស់បរិយាការវិនិយោគនៅកម្ពុជាបានកម្រិតណា? ហើយអ្នកជំនាញមានការយល់ឃើញយ៉ាងណាដែរ?

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យ​សភាកម្ពុជា យល់ឃើញថា ការបង្កើតគណៈកម្មាធិការជំរុញការដោះស្រាយបញ្ហាវិស័យឯកជននឹងរួមចំណែកធ្វើឱ្យការដោះស្រាយបញ្ហាវិវាទកាន់តែងាយស្រួល និងចំណាយកាន់តែតិច ហើយក៏ជាផ្នែកមួយនៃការរួមចំណែកក្នុងការទាក់ទាញអ្នកវិនិយោគពីក្រៅប្រទេសផងដែរ។

​ជាមួយគ្នានេះ លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព យល់ឃើញថា ការបង្កើតគណៈកម្មាធិការជំរុញការដោះស្រាយបញ្ហាវិស័យឯកជន អាចជាជម្រើសមួយនៅក្នុងការពន្លឿនការដោះស្រាយបញ្ហានៅក្នុងវិស័យឯកជន។ តែយ៉ាងណា មន្រ្តីអង្គការសង្គមស៊ីវិលរូបនេះ បានលើកឡើងថា ការសម្រួល ឬក៏ពន្លឿនបានបែបណា គឺអាស្រ័យលើការប្ដេជ្ញាចិត្តក្នុងការអនុវត្តន៍ ហើយបើសជិកនៃគណៈកម្មាធិការនេះគ្មានឆន្ទៈ នោះការដោះស្រាយក៏ទំនងជាគ្មានប្រសិទ្ធភាពនោះដែរ។ សម្រាប់លោក យង់ គិមអេង ដើម្បីដោះស្រាយបញ្ហាណាមួយឱ្យទទួលប្រសិទ្ធភាព គឺទាមទារឱ្យមានការកសាងប្រព័ន្ធមួយ ដែលមានអភិបាលកិច្ចល្អ មានតម្លាភាព មានការចូលរួមតាមដានពីប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលជាដើម។

​បើតាមការសង្កេតឃើញរបស់ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ការដោះស្រាយបញ្ហាវិវាទជូនវិស័យឯកជន នាពេលកន្លងមក ហាក់នៅមានសភាពយឺតយ៉ាវ ជាហេតុធ្វើឱ្យវិស័យឯកជនមួយចំនួនបានត្អូញត្អែរក្នុងការចំណាយថវិកាក្រៅផ្លូវការ ក្នុងពេលពួកគេត្រូវការពន្លឿនការដោះស្រាយវិវាទ។

សូមបញ្ជាក់ថា គណៈកម្មាធិការជំរុញការដោះស្រាយបញ្ហាវិស័យឯកជនមានភារកិច្ច ដឹកនាំ សម្របសម្រួល និងជំរុញការដោះស្រាយបញ្ហាប្រឈម ឬសំណូមពររបស់វិស័យឯកជន លើទិដ្ឋភាពច្បាប់ បច្ចេកទេស ឬបញ្ហាផ្សេងទៀត ដែលស្ថិតក្នុងដែនសមត្ថកិច្ចចម្រុះ ដែលត្រូវដោះស្រាយដោយអន្តរក្រសួង ឬអន្តរស្ថាប័ន និងដែលលើសពីដែនសមត្ថកិច្ច ឬលទ្ធភាពសម្រេចរបស់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គណៈកម្មាធិការវិនិយោគកម្ពុជា ក្រុមការងារតាមវិស័យសម្រាប់ធ្វើជាដៃគូពិភាក្សាការងារជាមួយវិស័យឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និងយន្តការដទៃទៀត រួមទាំងយន្តការក្រុមការងារជំរុញការវិនិយោគក្នុង ខេត្តព្រះសីហនុ។ ក្រៅពីនេះ ក៏ធ្វើការពិនិត្យ តាមដាន វាយតម្លៃ និងរាយការណ៍ជូននាយករដ្ឋមន្ត្រីចំពោះរាល់បញ្ហាប្រឈម និងសំណូមពរ ដើម្បីជំរុញការដោះស្រាយ និងលើកកម្ពស់បរិយាកាសវិនិយោគ និងធុរកិច្ចផងដែរ៕

អត្ថបទ៖ បូ ដូឡា

None



អត្ថបទបន្ទាប់


ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន ស្នើឱ្យក្រសួងរៀបចំដែនដី ចេញមុខជួយដោះស្រាយបញ្ហាប្រឈមនៅក្នុងវិស័យសំណង់ និងអចលនទ្រព្យ

ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានអះអាងថា បើទោះបីជាសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានរួមចំណែកជួយអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅកម្…

សេដ្ឋកិច្ចថៃ កំពុងដាំក្បាលចុះយ៉ាងខ្លាំង ខណៈបំណុលគ្រួសារឡើងដល់ជិត ៨៧% នៃ ផលិតផលក្នុងស្រុកសរុប

សេដ្ឋកិច្ចរបស់ប្រទេសថៃ កំពុងដាំក្បាលចុះ ខណៈមិត្តក្នុងតំបន់អាស៊ានផ្សេងទៀត រួមមាន ហ្វីលីពីន វៀតណាម និងឥណ្ឌូនេស៊ី បានវ៉ាដាច់បាត់ទៅហើយ ស្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ