រដ្ឋាភិបាលថ្មីរបស់នាយករដ្ឋមន្ត្រីឆែក លោក អង់ដ្រេ បាប៊ីស (Andrej Babis) ដែលបានចូលកាន់តំណែងកាលពីខែធ្នូ ឆ្នាំ២០២៥ បានបង្ហាញសញ្ញាក្នុងការស្តារទំនាក់ទំនងឡើងវិញជាមួយក្រុងប៉េកាំង។ ជាក់ស្តែងទីប្រឹក្សាសន្តិសុខជាតិរបស់ប្រទេសនេះ លោក ហៃនេក ខម៉ូនីសេក (Hynek Kmonicek) បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីខែមករា ថា ការបោះបង់ចោលទីផ្សារចិន គឺជាទង្វើមិនសមហេតុសមផលទាល់តែសោះ។
ដោយឡែកនាយករដ្ឋមន្ត្រីលីទុយអានី លោកស្រី អ៊ីនហ្គា រូហ្គីនីនេ (Inga Ruginiene) ដែលបានចូលកាន់តំណែងកាលពីខែកញ្ញា ឆ្នាំ២០២៥ ក៏បានលើកឡើងដែរថា ការអនុញ្ញាតឱ្យបើកការិយាល័យតំណាងតៃវ៉ាន់ នៅទីក្រុង វីលនីអ៊ុស (Vilnius)កាលពីឆ្នាំ២០២១ នោះ គឺជាកំហុសឆ្គងធំមួយ។ កាលនោះចិន មានការប្រតិកម្មយ៉ាងខ្លាំងចំពោះទង្វើរបស់លីទុយអានី នេះ ដោយក្រុងប៉េកាំង បានសម្រេចបន្ទាបកម្រិតទំនាក់ទំនងទ្វេភាគីភ្លាមៗ, បណ្តេញឯកអគ្គរដ្ឋទូតលីទុយអានី ចេញពីទីក្រុងប៉េកាំង និងលុបឈ្មោះលីទុយអានីចេញពីបញ្ជីប្រទេសប្រភពទំនិញ ដែលធ្វើឱ្យទំនិញមិនអាចឆ្លងកាត់គយចិនបាន។
និន្នាការស្រដៀងគ្នានេះ ក៏បានកើតឡើងនៅក្នុងប្រទេសស្លូវ៉ាគី ផងដែរ ដោយរដ្ឋាភិបាលបច្ចុប្បន្នរបស់ក្រុងប្រាទីស្លាវ៉ា ដែលកាន់អំណាចតាំងពីចុងឆ្នាំ២០២៣ បានសម្រេចលុបចោលកិច្ចពិគ្រោះយោបល់ប្រចាំឆ្នាំថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចជាមួយតៃវ៉ាន់ ដែលបានបង្កើតឡើងតាំងពីឆ្នាំ២០២១។
ជាទូទៅស្ថានទូត ឬការិយាល័យតំណាងរបស់តៃវ៉ាន់នៅបរទេស តែងតែប្រើប្រាស់ឈ្មោះថា តៃប៉ិ ដើម្បីចៀសវាងជម្លោះជាមួយចិន ដែលតែងតែអះអាងថា តៃវ៉ាន់ គឺជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។ ការប្រើប្រាស់ឈ្មោះ តៃវ៉ាន់ នេះ ក៏កំពុងក្លាយជាបញ្ហាចម្រូងចម្រាសនៅក្នុងផែនការបង្កើតការិយាល័យតំណាងនៅក្នុងប្រទេសអេស្តូនីផងដែរ៕
អត្ថបទៈ សួន ឡង់ទី