កម្ពុជា-ម៉ាឡេស៊ី

កម្ពុជា ស្នើឱ្យម៉ាឡេស៊ីបង្កើនការទិញអង្ករ និងផលិតផលកសិកម្មកម្ពុជាបន្ថែម


សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានស្នើឱ្យប្រទេសម៉ាឡេស៊ីបង្កើនការទិញអង្ករ និងផលិតផលកសិកម្មរបស់កម្ពុជាបន្ថែមទៀត តាមរយៈការបង្កើតក្រុមហ៊ុនប្រមូលទិញ និងកែច្នៃនៅកម្ពុជា។ ការស្នើនេះធ្វើឡើងនាឱកាស លោក ដាតុ ស៊េរី អាន់វ៉ាប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៣នេះ។
កម្ពុជា ស្នើឱ្យម៉ាឡេស៊ីបង្កើនការទិញអង្ករ និងផលិតផលកសិកម្មកម្ពុជាបន្ថែម រូបភាព ៖ SPM Page
ដោយ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចផ្លូវការជាលើកដំបូង របស់លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីនាពេលនេះ ភាគីទាំងពីរបានពិភាក្សាគ្នាលើកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ និងបានប្តេជ្ញាបន្តលើកកម្ពស់ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រួមមានពាណិជ្ជកម្ម វិនិយោគ អប់រំ ទេសចរណ៍ ថាមពល ការតភ្ជាប់ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។

នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឱ្យប្រទេសម៉ាឡេស៊ី បង្កើនការទិញអង្ករ និងផលិតផលកសិកម្មរបស់កម្ពុជាបន្ថែមទៀត តាមរយៈការបង្កើតក្រុមហ៊ុនប្រមូលទិញ និងកែច្នៃនៅកម្ពុជា សម្រាប់លក់នៅទីផ្សារកម្ពុជា និងនាំចេញទៅទីផ្សារម៉ាឡេស៊ី និងទីផ្សារផ្សេងទៀតតាមផ្លូវដឹកជញ្ជូនត្រង់ពីកំពង់ផែខេត្តព្រះសីហនុ និងរដ្ឋប៉េណាំងប្រទេសម៉ាឡេស៊ី។ ជាការឆ្លើយតប នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានបញ្ជាក់ថា លោកនឹងលើកទឹកចិត្តអ្នកផលិតអង្ករម៉ាឡេស៊ី និងក្រុមហ៊ុនម៉ាឡេស៊ី ដើម្បីឲ្យពួកគេពិចារណាអំពីលទ្ធភាពនៃការនាំចូលអង្ករ និងស្វាយចន្ទីពីកម្ពុជាផងដែរ។

បើតាមសម្តេចតេជោ ហ៊ុន សែន ប្រទេសទាំងពីរ បានឯកភាពបន្តជំរុញអនុវត្តឱ្យមានប្រសិទ្ធភាពនូវអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការការអភិវឌ្ឍឧស្សាហកម្មឫស្សីនៅកម្ពុជាផងដែរ។

លើសពីនេះ កម្ពុជាក៏បានស្នើនូវការទិញទំនិញដែលបំពេញតម្រូវការឱ្យគ្នាទៅវិញទៅមក និងបានលើកទឹកចិត្តឱ្យវិនិយោគិនម៉ាឡេស៊ីមកធ្វើធុរកិច្ចនិងវិនិយោគនៅកម្ពុជាឱ្យបានកាន់តែច្រើនទៀត។ ដោយឡែក ក្នុងវិស័យថាមពល សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យរដ្ឋមន្ត្រីម៉ាឡេស៊ី ផ្តល់ការគាំទ្រ ដល់ការស្ថាបនាខ្សែកាបអគ្គិសនីតាមបាតសមុទ្រដែលត្រូវឆ្លងកាត់ប្រទេសម៉ាឡេស៊ី សម្រាប់គម្រោងពាណិជ្ជកម្មថាមពលបៃតង រវាងកម្ពុជា និងសិង្ហបុរីផងដែរ។

ជាមួយគ្នានេះ ប្រមុខដឹកនាំទាំង២ ក៏បានអញ្ជើញធ្វើជាសហធិបតី ចុះហត្ថលេខាលើឯកសារចំនួន០២ ផងដែរ ក្នុងនោះរួមមាន អនុសារណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលនៃប្រទេសម៉ាឡេស៊ី និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាស្ដីពីការជ្រើសរើស ការប្រើប្រាស់ និងការធ្វើមាតុភូមិនិវត្តន៍របស់ពលករ។ និងអនុសារណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលនៃប្រទេសម៉ាឡេស៊ី និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាស្ដីពីការជ្រើសរើស ការប្រើប្រាស់ និងការធ្វើមាតុភូមិនិវត្តន៍របស់ពលករធ្វើការងារផ្ទះ។

សូមបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ម៉ាឡេស៊ី នៅក្នុងឆ្នាំ២០២២ សម្រេចបានក្នុងទំហំទឹកប្រាក់ចំនួន ៦២០លានដុល្លារ កើនឡើង ២៤% ធៀបនឹងឆ្នាំ២០២១ ដែលសម្រេបានត្រឹមជាង ៥០០លានដុល្លារ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនធំមួយទៀត សម្រេចនាំចូលកង់ និងម៉ូតូអគ្គិសនី មកកាន់ទីផ្សារកម្ពុជា ខណៈសម្ទុះប្រើប្រាស់កំពុងកើនឡើង

ព័ត៌មាន
ក្រុមហ៊ុន យ៉ាឌា គឺជាក្រុមហ៊ុនឈានមុខគេខាងផលិត កង់ និងម៉ូតូអគ្គិសនី ដែលទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អតិថិជនច្រើនជាងគេនៅលើពិភ…

រាជរដ្ឋាភិបាលមានផែនការកាត់បន្ថយការប្រើប្រាស់ថាមពលយ៉ាងតិចឲ្យបាន១៩% ត្រឹមឆ្នាំ២០៣០

ព័ត៌មាន
តាមរយៈគោលនយោបាយជាតិស្ដីពីប្រសិទ្ធភាពថាមពលឆ្នាំ ២០២២-២០៣០ បានកំណត់ចក្ខុវិស័យរបស់ខ្លួន កែប្រែការប្រើប្រាស់ថាមពលនៅកម្ពុជាឲ្យកាន់តែមានប្រសិទ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ