វិស័យ SME

អ្នករកស៊ីក្នុងវិស័យ SME មួយចំនួននៅតែពិបាកក្នុងការទទួលបានកម្ចីពីគ្រឹះស្ថានធនាគាររដ្ឋ និងឯកជន តើមកពីមូលហេតុអ្វី?


រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការជាច្រើនក្នុងការជួយលើកកម្ពស់ និងជំរុញការអភិវឌ្ឍវិស័យសហគ្រាសធុនតូច និងមធ្យម(SME)នៅកម្ពុជា ព្រោះវិស័យនេះជាវិស័យឆ្អឹងខ្នងដ៏សំខាន់មួយសម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ច។ តែយ៉ាងណាអ្នកនៅក្នុងវិស័យនេះនៅតែជួបឧបសគ្គមួយចំនួន ដែលរាំងស្ទះដល់ការរីកចម្រើនរបស់ពួកគេ ជាពិសេសបញ្ហាកង្វះលទ្ធភាពក្នុងការទទួលបានកម្ចីសម្រាប់ធ្វើជាដើមទុនតែម្តង។
វិស័យ SME
ដោយ

ជាមួយគ្នានេះ អ្នកជំនាញក្នុងវិស័យ SME ស្នើឱ្យរាជរដ្ឋាភិបាល និងគ្រឹះស្ថានហិរញ្ញវត្ថុរបស់រដ្ឋជួយបន្ធូរបន្ថយលក្ខខណ្ឌលើការផ្តល់កម្ចី និងផ្តល់ការលើទឹកចិត្តបន្ថែមទៀតដល់វិស័យ SME អាទិភាពមួយចំនួន ជាពិសេសវិស័យកសិកម្ម និងកសិឧស្សាហកម្ម។

ក្នុងគោលដៅជួយជំរុញការអភិវឌ្ឍវិស័យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈធនាគារសហគ្រាសធុនតូច និងមធ្យម (SME Bank) បានដាក់ទុនរាប់រយលានដុល្លារសម្រាប់ផ្តល់កម្ចីហិរញ្ញប្បទានជូនដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ ទោះរាជរដ្ឋាភិបាលមានការទម្លាក់ទុន ហើយភាគីពាក់ព័ន្ធមួយចំនួនមានការជួយសម្របសម្រួលនីតិវិធីខ្លះក៏ដោយ តែម្ចាស់សហគ្រាសក្នុងវិស័យ SME មួយចំនួននៅតែជួបការក្នុងការទទួលបានកម្ចីសម្រាប់ពង្រីក ឬទ្រទ្រង់ប្រតិបត្តិការរបស់ពួកគេ។ ហេតុអ្វីមកទល់ពេលនេះអ្នករកស៊ីក្នុងវិស័យ SME នៅតែជួបបញ្ហាប្រឈមក្នុងការទទួលបានកម្ចីពីគ្រឹះស្ថានធនាគារទាំងរដ្ឋ និងឯកជន?

ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជាបានឱ្យដឹងថា អ្នករកស៊ីនៅក្នុងវិស័យ SME មួយចំនួននៅតែពិបាកក្នុងការទទួលបានកម្ចីក្នុងអត្រាការប្រាក់ទាបយកទៅប្រើប្រាស់ ពិសេសនៅក្នុងវិស័យកសិកម្មតែម្តង ដែលជំរុញឱ្យពួកគេងាកទៅរកកម្ចីឯកជនដែលមានអត្រាការប្រាក់ខ្ពស់ និងធ្វើឱ្យបន្ទុកចំណាយរបស់ពួកគេកាន់តែធ្ងន់ធ្ងរ។ ដើម្បីដោះស្រាយបញ្ហានេះ ឧកញ៉ា តែ តាំងប៉ បានអះអាងថា សមាគមបាននិងកំពុងប្រមូលបញ្ហាប្រឈមនានា ដើម្បីដាក់ប្រជុំជាមួយភាគីពាក់ព័ន្ធក្នុងគោលដៅជំរុញឱ្យវិស័យអាទិភាពរបស់ SME បានទទួលកម្ចីក្នុងអត្រាការប្រាក់ទាបសម្រាប់ប្រើប្រាស់។

ជុំវិញបញ្ហានេះដែរ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានគូសបញ្ជាក់ថា កត្តាដែលធ្វើឱ្យអ្នករកស៊ីវិស័យ SME ពិសេសក្នុងឧស្សាហកម្មស្វាយចន្ទីមួយចំនួនពិបាកក្នុងការទទួលបានកម្ចីយកមកប្រើប្រាស់ គឺដោយសារធនាគារ ដែលផ្តល់កម្ចីក្នុងអត្រាការប្រាក់អនុគ្រោះមួយចំនួនមានលក្ខខណ្ឌតម្រូវតឹងរ៉ឹងពេក គួបផ្សំសហគ្រាសមួយចំនួនមិនមានរបាយការណ៍ហិរញ្ញវត្ថុច្បាស់លាស់។ កត្តានេះបានធ្វើឱ្យអ្នករកស៊ីក្នុងវិស័យស្វាយចន្ទីមួយចំនួន ខ្វះទុនក្នុងការទិញគ្រាប់ស្វាយចន្ទីយកមកស្តុកទុកសម្រាប់កែច្នៃ។ យ៉ាងណាមិញប្រធានសមាគមស្វាយចន្ទីរូបនេះ ស្នើឱ្យគ្រឹះស្ថានធនគារទាំងរដ្ឋ និងឯកជនបន្ធូរបន្ថយលក្ខខណ្ឌកម្ចីមួយចំនួន ដើម្បីផ្តល់លទ្ធផលភាពឱ្យអ្នករកស៊ីក្នុងវិស័យ SME ដែលគ្មានលទ្ធភាព អាចមានលទ្ធភាពទទួលបានកម្ចី បើមិនដូច្នេះទេគោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧ ទំនងជាពិបាកនឹងអាចសម្រេចបាន។

ជុំវិញការផ្តល់កម្ចីក្នុងវិស័យSME នេះដែរ លោកបណ្ឌិត លឹម អូន អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) បានគូសបញ្ជាក់ថា កត្តាដែលធ្វើឱ្យម្ចាស់សហគ្រាសមួយចំនួនពិបាកក្នុងការទទួលបានដើមទុនជាកម្ចី គឺដោយសារពួកគេមិនមានរបាយការណ៍ហិរញ្ញវត្ថុ ឬផែនការអាជីវកម្មច្បាស់លាស់ ដូច្នេះហើយធនាគារមានការព្រួយបារម្ភអំពីហានិភ័យនៃអាជីវកម្មរបស់ពួកគេ និងហានិភ័យនៃការសងត្រឡប់មកវិញជាដើម។ គិតមកទល់ពេលនេះ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានផ្តល់ហិរញ្ញប្បទានក្នុងទំហំទឹកប្រាក់ជាង៥០០លានដុល្លារអាម៉េរិក ដល់សហគ្រាសជាង៣ពាន់តាមរយៈគម្រោងហិរញ្ញប្បទានដោយផ្ទាល់ និងគម្រោងសហហិរញ្ញប្បទាន ដែលសហការជាមួយស្ថាប័នហិរញ្ញវត្ថុចូលរួម។ ក្នុងនោះវិស័យអាទិភាពសំខាន់ គឺវិស័យដែលទាក់ទងនឹងការកែច្នៃ និងកម្មន្តសាល ដែលបានរួមចំណែករហូតដល់ជាង៥០% នៃទំហំទឹកប្រាក់ដែលបានផ្តល់ជូនសរុប៕




អត្ថបទបន្ទាប់


ធនាគារ ខេប៊ីប្រាសាក់ ចូលរួមក្នុងពិធីបុណ្យសមុទ្រ នៅខេត្តកំពត

ខេត្តកំពត ប្រទេសកម្ពុជា៖ ធនាគារ ខេប៊ីប្រាសាក់ មានសេចក្តីសោមនស្សរីករាយក្នុងការចូលរួម ពិធីបុណ្យសមុទ្រ ដែលប្រារព្ធឡើងពីថ្ងៃទី 13 ដល់ 15 ខែធ្…

ធនាគារកណ្ដាលអឺរ៉ុបសម្រេចបញ្ចុះអត្រាការប្រាក់ជាលើកទី៤ ក្រោយសេដ្ឋកិច្ចនៅប្លុកនេះកំពុងរងហានិភ័យពីវិបត្តិនយោបាយ

ធនាគារកណ្តាលអឺរ៉ុប (ECB) បានបញ្ចុះអត្រាការប្រាក់ក្នុងរង្វង់០,២៥%កាលពីថ្ងៃទី១២ ខែធ្នូ ដែលជាការបញ្ចុះលើកទី៤នៅក្នុងឆ្នាំ២០២៤ នេះ ហើយរំពឹងធ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ