កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក

តើកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក សម្រេចបានលទ្ធផលផ្លែផ្កាអ្វីខ្លះ?


ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីពេលថ្មីៗ បានចេញសេចក្តីប្រព័ត៌មានស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចការងារ និងការចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក របស់សម្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋមន្ត្រីអាមេរិក។ ក្នុងនោះ ក្រសួងការបរទេសក៏បានលើកឡើងពីលទ្ធផលជាច្រើន នៃកិច្ចប្រជុំនេះផងដែរ។
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចក្នុងប្រជុំកំពូលពិសេស អាស៊ាន-សហរដ្ឋអាមេរិក រូបភាព៖ SPM Page

កិច្ចប្រជុំពិសេសនេះ បានពិភាក្សាគ្នាលើបញ្ហាសំខាន់ៗជាច្រើនរួមមានបញ្ហាវិបត្តិកូវីដ-១៩ បម្រែបម្រួលអាកាសធាតុ ទំនាក់ទំនងសេដ្ឋកិច្ច និងសហប្រតិបត្តិការលំហសមុទ្រ និងបញ្ហាជាច្រើនទៀត។ ទន្ទឹងនឹងនេះដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិកបានប្តេជ្ញារួមគ្នាក្នុងការធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនង និងភាពជាដៃគូអាស៊ាន-អាមេរិក ជាពិសេសប្តេជ្ញាធ្វើឲ្យទំនាក់ទំនងនៃដៃគូសន្ទនាទាំងពីរឲ្យក្លាយជាកិច្ចសន្ទនាគ្រប់ជ្រុងជ្រោយ ដែលមិនអាចខ្វះបាន ដើម្បីរួមចំណែកជួយរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពក្នុងតំបន់។

ក្រៅពីពិភាក្សាលើបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងបញ្ហាភូមិសាស្ត្រនយោបាយការទូតនានា កិច្ចប្រជុំពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដែលដឹកនាំដោយប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃឌិន និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាជាសហប្រធាន ក៏ធ្វើឡើងដើម្បីអបអរខួបលើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិកផងដែរ។ មេដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិកបានប្តេជ្ញាចិត្តរួមគ្នាជាថ្មីក្នុងការពង្រឹង និងកសាងទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិកឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ដែលមិនអាចខ្វះបានចំពោះអាស៊ាន និងសហរដ្ឋអាមេរិក ក៏ដូចជាសម្រាប់តំបន់ និងសហគមន៍អន្តរជាតិ។

ទន្ទឹមនឹងប្តេជ្ញាពង្រឹងនិងរក្សាទំនាក់ទំនងឲ្យកាន់តែប្រសើរ ភាគីទាំងពីរ ក៏បានប្តេជ្ញាពង្រីកភាពជាដៃគូសន្ទនាខាងលើឲ្យក្លាយជាកិច្ចសន្ទនា និងភាពដៃជាគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-សហរដ្ឋអាមេរិក ក្នុងការបម្រើផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ពេលកម្ពុជាធ្វើម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិកលើកទី១០នៅក្នុងខែវិច្ចិកា ឆ្នាំ២០២២ ខាងមុខនេះផងដែរ។ ទាំងថ្នាក់ដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិកសុទ្ធតែបានបង្ហាញពីសារសំខាន់នៃទំនាក់ទំនងនេះ ដោយបានចាត់ទុកទំនាក់ទំនងនេះជាមូលដ្ឋានគ្រឹះក្នុងការជួយលើកកម្ពស់ និងរក្សាស្ថិរភាព សន្តិភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់ និងពិភពលោក។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានដូច្នេះថា៖«សម្តេចតេជា និងមេដឹកនាំអាស៊ានដទៃទៀត បានសម្តែងការគាំទ្រដល់ការលើកកម្ពស់ទំនាក់ទំនងដៃគូសន្ទនាអាស៊ានសហរដ្ឋអាមេរិក ទៅជាភាពជាដៃគូយុទ្ឋសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយបានធ្វើការប្តេជ្ញាចិត្តរួមគ្ន ធ្វើការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ដើម្បីធានាថា កិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពទាំងអស់ ដែលបានលើកឡើងនៅក្នុងអំឡុងពេលពីរថ្ងៃនៃកិច្ចពិភាក្សា នឹងនាំមកនូវផលប្រយោជន៍ជាក់ស្ដែងទៅវិញទៅមកចំពោះប្រជាជនអាស៊ាន និងសហរដ្ឋអាមេរិក ក៏ដូចជាចូលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងកំណើនវិបុលភាពតំបន់»។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលចេញផ្សាយនៅថ្ងៃទី១៤ ឧសភា ក្នុងអំឡុងកិច្ចប្រជុំពិសេសអាស៊ាន-សហរដ្ឋអាមេរិកពីរថ្ងៃនៅទីក្រុងវ៉ាស៊ីនតោនសហរដ្ឋអាមេរិកភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរទស្សនៈគ្នាលើវិស័យនៃកិច្ចសហប្រតិបត្តិការសំខាន់ៗជាច្រើន។ បញ្ហាទាំងនោះរួមមានការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ និងការស្ដារឡើងវិញ ការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំ កិច្ចសហប្រតិបត្តិការលំហសមុទ្រ ការតភ្ជាប់រវាងប្រជាជន និងប្រជាជន ការគាំទ្រការអភិវឌ្ឍក្នុងអនុតំបន់ ការប្រើប្រាស់បច្ចេកវិទ្យា ការលើកកម្ពស់នវានុវត្តន៍ ការដោះស្រាយការប្រែប្រួលអាកាសធាតុ និងការរក្សាសន្តិភាព និងការកសាងទំនុកចិត្ត។ ភាគីទាំងពីរ ក៏បានប្តេជ្ញាធ្វើឲ្យវិស័យទាំងនេះមានភាពល្អប្រសើរផងដែរ។

បញ្ហាសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន និងបញ្ហាវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា និងបញ្ហាសមុទ្រចិនខាងត្បូងក៍ត្រូវបានកិច្ចប្រជុំពិសេសអាស៊ាន-សហរដ្ឋអាមេរិកលើកយកមកពិភាក្សាផងដែរ។ ជុំវិញសង្គ្រាមនៅអ៊ុយក្រែន សម្តេចតេជោ ហ៊ុន សែន បានបង្ហាញជំហរបស់កម្ពុជា ដោយទទូចឲ្យមានការបន្តកិច្ចសន្ទនានយោបាយទូលំទូលាយមួយ ដើម្បីបញ្ចប់ភាពប្រទូស្តរាយ និងស្ដារសន្តិភាពឡើងវិញ។ ហើយសម្តេចគាំទ្រទាំងស្រុងចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីដោះស្រាយវិបត្តិមនុស្សធម៌ និងដើម្បីស្វែងរកដំណោះស្រាយសន្តិភាពមួយដើម្បីបញ្ចប់ជម្លោះនេះ។

ពាក់ព័ន្ធនឹងស្ថានការណ៍នៅ មីយ៉ាន់ម៉ា សម្តេចតេជោនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់អំពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់កម្ពុជា ដើម្បីនាំមក នូវវឌ្ឍនភាពលើអាទិភាពបន្ទាន់បី ដែលរួមមាន បញ្ចប់អំពើហិង្សា សម្របសម្រួលជំនួយមុនស្សធម៌ ឲ្យទៅដល់ប្រជាជនដែលត្រូវការបំផុត ហើយបង្កើតបរិយាកាសអំណោយផលមួយ ដើម្បីឲ្យមានកិច្ចសន្ទនានយោបាយមួយក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់។ ចំណែកបញ្ហាចិនខាងត្បូង សម្តេច បានបង្ហាញជំហដោយចង់ឲ្យថែរក្សាសមុទ្រចិនខាងត្បូង ជាសមុទ្រសន្តិភាព ស្ថិរភាព និងសហប្រតិបត្តិការ។

ក្រៅពីធ្វើជាសហប្រធានកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានជួបពិភាក្សាការងារផ្សេងៗជាមួយមន្ត្រីជាន់ខ្ពស់សហរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំប្រទេសក្នុងតំបន់អាស៊ានមួយចំនួន និងជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដាផងដែរ។ ប្រតិភូជាន់ខ្ពស់ដែលនាំដឹកនាំដោយ សម្តេចតេជោ បានមកដល់កម្ពុជាកាលពីល្ងាចថ្ងៃទី១៥ ឧសភា បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិករយៈពេលពីរថ្ងៃទី១២-១៣ ខែឧសភា នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាជីវកម្មកាស៊ីណូនៅតាមព្រំដែន មានក្ដីសង្ឃឹមឡើងវិញ ក្រោយព្រំដែនជាមួយប្រទេសជិតខាងបើកឲ្យពលរដ្ឋធ្វើដំណើរឡើងវិញ

ព័ត៌មាន
យើងសង្កេតឃើញថា នៅមួយរយៈចុងក្រោយនេះកម្ពុជា និងថៃបានឯកភាពគ្នាបន្ធូរបន្ថយវិធានការកូវីដ-១៩ និងបើកច្រកព្រំដែនអន្តរជាតិឲ្យប្រជាពលរដ្ឋរវាងប្រទេស…

សេចក្តីព្រាងច្បាប់ស្តីពី«សុវត្ថិភាពម្ហូបអាហារ»ទទួលបានការគាំទ្រទាំងស្រុងពីគណៈកម្មការទី៩នៃព្រឹទ្ធសភា

ព័ត៌មាន
សេចក្តីព្រាងច្បាប់ស្តីពី«សុវត្ថិភាពម្ហូបអាហារ»របស់ក្រសួងពាណិជ្ជកម្មទទួលបានការគាំទ្រទាំងស្រុងពីគណៈកម្មការទី៩ នៃព្រឹទ្ធសភា។ សេចក្ដីព្រាងច្បាប់ន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ