អាហ្វ្រិកខាងត្បូង ដែលជាលើកប្រទេសដំបូងគេ ដែលបានរកឃើញមេរោគបំប្លែងថ្មីអូមីក្រុងនោះ ត្រូវបានគេរាយការណ៍ថា កំពុងមានការការស៊ើបអង្កេតតាមដានជាប្រព័ន្ធ នៃអ្វីដែលកើតឡើងនៅពេលដែលអ្នកផ្ទុកមេរោគអេដស៍ឆ្លងជំងឺកូវីដ១៩។
ការសិក្សាមួយចំនួន ដែលត្រូវបានចេញផ្សាយកាលពីសប្តាហ៍មុន បានរកឃើញថា អ្នកដែលមានប្រព័ន្ធការពាររាងកាយចុះខ្សោយ ដូចជាអ្នកជំងឺមានផ្ទុកមេរោគអេដស៍ដែលមិនបានព្យាបាល ជារឿយៗអាចទទួលរងពីការឆ្លងមេរោគរ៉ាំរ៉ៃ ឬជំងឺឱកាសនិយមមួយចំនួន។ ហេតុដូច្នេះហើយ បានជាអ្នកស្រាវជ្រាវខ្លះជឿថា នេះអាចជារបៀបដែលអូមីក្រុង និងមេរោគកូវីដ១៩បំប្លែងថ្មីៗផ្សេងៗទៀត បានវិវត្តខ្លួនចេញជាមេរោគបំប្លែងថ្មី ពីមេរោគកូវីដ១៩ដើម បើទោះបីជាអ្នកវិទ្យាសាស្ត្រផ្សេងទៀតជឿថា មេរោគនេះ អាចកើតមាននៅក្នុងខ្លួនសត្វ មុនពេលត្រូវបានឆ្លងចូលមកកាន់មនុស្សក៏ដោយ។
ទោះយ៉ាងណា ក្រុមអ្នកវិទ្យាសាស្ត្រអាហ្វ្រិកខាងត្បូង បាននិងកំពុងពិភាក្សាគ្នាអំពីការសិក្សាស៊ីជម្រៅបន្ថែមទៀត ដើម្បីគាំទ្រសម្មតិកម្ម ដែលបានលើកឡើងខាងលើនេះ។ គួរជម្រាបថា ការសិក្សាពីទំនាក់ទំនងនៃមេរោគកូវីដ១៩ និង មេរោគអេដស៍នឹងផ្តោតសំខាន់លើធាតុផ្សំពីរយ៉ាង គឺលើអ្នកជំងឺ និងរបៀបដែលប្រព័ន្ធការពាររបស់ពួកគេទប់ទល់ជាមួយនឹងការឆ្លងមេរោគកូវីដ១៩។ និងមួយទៀត គឺសង្កេតមើលលើការបញ្ជាក់ថា តើមេរោគបំប្លែងថ្មីទំនងជាកំពុងលេចឡើងតាមរបៀបនេះដែរ ឬទេ។
យ៉ាងណាមិញ ប្រសិនបើការសិក្សានេះ ត្រូវបានបញ្ជាក់ថា ករណីមេរោគកូវីដបំប្លែងថ្មីៗ កើតចេញពីទំនាក់ទំនងរវាងមេរោគកូវីដ១៩ និងមេរោគអេដស៍ពិតមែន នោះក្រុមអ្នកជំនាញវិទ្យាសាស្ត្រអាហ្វ្រិកខាងត្បូង ត្រូវបង្កើនការខិតខំប្រឹងប្រែងក្នុងការធ្វើរោគវិនិច្ឆ័យលើមនុស្សមានផ្ទុកមេរោគទាំងនោះ និងធានាថា ពួកគេទទួលបានការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ និងការព្យាបាលបានទាន់ពេលវេលា។
សូមជម្រាបថា អាហ្វ្រិកខាងត្បូងជាកន្លែងមានការរីករាលដាលមេរោគអេដស៍ដ៏ធំបំផុតរបស់ពិភពលោក ពោលគឺមានមនុស្ស ៨លាន ២សែននាក់បានឆ្លង ហើយមានប្រហែល ៧១% នៃមនុស្សពេញវ័យ និង ៤៥% នៃកុមារដែលកំពុងត្រូវបានព្យាបាល៕
អត្ថបទ ស៊ើង និមល់