ប្រមុខការទូតចិន លោក វ៉ាង យី បានអះអាងពីសារសំខាន់ នៃការដោះស្រាយជម្លោះនៅសមុទ្រចិនខាងត្បូង ដោយសន្ដិភាពនេះ នៅក្នុងជំនួបកិច្ចប្រជុំតាមអនឡាញជាមួយ មន្ត្រីការទូតរបស់ហ្វីលីពីន ដោយកិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដោយស្ថានទូតចិនប្រចាំនៅទីក្រុងម៉ានីល។ រដ្ឋមន្ត្រីការបរទេស និងជាទីប្រឹក្សារដ្ឋចិន លោក វ៉ាង យី បានគូសបញ្ជាក់ប្រាប់ទៅកាន់ប្រទេសហ្វីលីពីនទៀតថា ចិននឹងមិនប្រើអំណាចរបស់ខ្លួន ដើម្បីធ្វើបាបទៅលើប្រទេសជិតខាងដែលទន់ខ្សោយជាងខ្លួននោះទេ រួមទាំងប្រទេសហ្វីលីពីនផងដែរ។
លោក វ៉ាង យី បាននិយាយយ៉ាងដូច្នេះថា «ការសង្កត់ធ្ងន់ទៅលើការទាមទាររបស់ភាគីម្ខាង និងបង្ខំទៅលើភាគីម្ខាងទៀត គឺមិនមែនជាវិធីត្រឹមត្រូវសម្រាប់ប្រទេសដែលជាអ្នកជិតខាងគ្នាត្រូវធ្វើដាក់គ្នាទៅវិញទៅមកនោះទេ។ ហើយវាគឺផ្ទុយទាំងស្រុងពីទស្សនវិជ្ជា ដែលមនុស្សគួរតែរស់នៅចុះសម្រុងនឹងគ្នា»។
ការលើកឡើងយ៉ាងដូច្នេះ របស់ប្រមុខការទូតចិន លោក វ៉ាង យី គឺធ្វើឡើងមិនដល់ ២ខែផង បន្ទាប់ពីប្រទេសហ្វីលីពីន បានចេញមុខថ្កោលទោសចិនចំៗ ដែលបានរារាំងនាវាផ្គត់ផ្គង់យោធារបស់ហ្វីលីពីននៅសមុទ្រចិនខាងត្បូង ប្រការនេះ ក៏បានជំរុញឲ្យអាមេរិកដែលជាសម្ព័ន្ធមិត្តហ្វីលីពីន បានចេញមកព្រមានខ្លាំងៗទៅកាន់ប្រទេសចិនដែរ។មែនទែនទៅ ក្នុងបញ្ហាជម្លោះសមុទ្រចិនខាងត្បូងនេះ ប្រទេសចិនបានទាមទារកាន់កាប់យកដែនសមុទ្រយ៉ាងធំ ដែលខ្លួនផ្អែកលើផែនទីប្រវត្តិសាស្ត្រ ហើយវាបានធ្វើឲ្យមានការប្រទាំងប្រទើសគ្នាជាមួយនឹងប្រទេសប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន កោះតៃវ៉ាន់ និង ប្រទេសវៀតណាម ដែលពួកគេក៏កំពុងប្រជែងទាមទារដែនសមុទ្រ ដែនកោះ នៅទីនោះដូចគ្នាដែរពេលនេះ។
ប្រទេសចិនក៏ត្រូវបានប្រទេសលោកខាងលិចចោទប្រកាន់ថា បានឈ្លានពាន និងបង្កហេតុដោយដាក់ពង្រាយឆ្មាំសមុទ្រ និងនាវានេសាទរាប់រយ នៅឆ្ងាយពីទឹកដីគោករបស់ខ្លួន ដោយការដាក់ពង្រាយនេះ គឺមាននៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខនៃប្រទេសជិតខាងរួមមានហ្វីលីពីនផងដែរ។
ទោះយ៉ាងណាប្រទេសចិនបានអះអាងថា ទង្វើរបស់ខ្លួន គឺត្រឹមត្រូវ ព្រោះនាវាទាំងនោះ ស្ថិតនៅក្នុងដែនទឹករបស់ខ្លួន។
លោក វ៉ាង យី បាននិយាយថា ចិនមានសង្ឃឹមរួមគ្នាជាមួយហ្វីលីពីនថា នឹងអាចគ្រប់គ្រប់ និងដោះស្រាយបញ្ហាជម្លោះនៅដែនសមុទ្រចិនខាងត្បូងនេះបានត្រឹមត្រូវក្នុងស្មារតីសុច្ឆន្ទៈ និងការអនុវត្តជាក់ស្ដែង៕