យោងតាមទូរទស្សន៍រដ្ឋកូរ៉េខាងត្បូង SBS ប៉ូឡូញនឹងទទួលបានគ្រាប់កាំភ្លើងយន្តចំនួន ៣,៤ លានរបុំ និងគ្រាប់រថក្រោះចំនួន ៥ ម៉ឺនគ្រាប់។ អ្នកនាំពាក្យក្រសួងការពារជាតិបានសង្កត់ធ្ងន់ថា ប៉ូឡូញនឹងក្លាយជាអ្នកសម្រេចចាត់ចែងគ្រាប់កាំភ្លើងទាំងនេះ។ គោលបំណងសម្រាប់ការបញ្ជូនសព្វាវុធទៅប្រទេសប៉ូឡូញ គឺដើម្បីបំពេញឃ្លាំងគ្រាប់រំសេវឡើងវិញ។ ប៉ុន្តែ ពុំទាន់មានការបញ្ជាក់ថា ការបញ្ជូនគ្រាប់រំសេវទៅប្រទេសប៉ូឡូញ នឹងធ្វើឡើងនៅពេលជាក់លាក់ណាមួយទេ។
មុននេះ ទីក្រុងសេអ៊ូលបាននឹងកំពុងបញ្ជូនសញ្ញាថា ខ្លួនអាចនឹងពិចារណាបញ្ជូនអាវុធទៅឱ្យអ៊ុយក្រែនផ្ទាល់តែម្តង។ ជាក់ស្ដែង ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុក យើល កាលពីថ្ងៃពុធ បាននិយាយថា៖ «ប្រសិនបើមានស្ថានការណ៍មួយដែលសហគមន៍អន្តរជាតិមិនអាចទទួលយកបាន ដូចជាការវាយប្រហារទ្រង់ទ្រាយធំលើជនស៊ីវិលជាដើម វាប្រហែលជាលំបាកណាស់ដែលយើងនៅតែនិយាយត្រឹមតែថាផ្ដល់ជំនួយមនុស្សធម៌ ឬជំនួយហិរញ្ញវត្ថុនោះ»។
ទោះបីជាមានសំពាធខ្លាំងឡើងពីបស្ចិមប្រទេសឱ្យខ្លួនជួយផ្គត់ផ្គង់អាវុធក៏ដោយ ក៏សម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់សហរដ្ឋអាមេរិកនៅអាស៊ីមួយនេះ បានព្យាយាមចៀសវាងធ្វើឱ្យរុស្ស៊ីក្នក់ចិត្តដែរ ត្បិតអីមានក្រុមហ៊ុនកូរ៉េខាងត្បូងជាច្រើនដែលកំពុងរកស៊ីនៅរុស្ស៊ី ហើយទីក្រុងមូស្គីមានឥទ្ធិពលលើប្រទេសកូរ៉េខាងជើង។
ការផ្លាស់ប្ដូរជំហររបស់កូរ៉េខាងត្បូងត្រូវបានគេសង្ស័យថាមានបំណងយកចិត្តសហរដ្ឋអាមេរិក មុនពេលលោក យូន ស៊ុក យើល និងលោក ចូ បៃឌិន ជួបគ្នា។ ប្រធានាធិបតីកូរ៉េខាងត្បូងគ្រោងធ្វើដំណើរទៅសហរដ្ឋអាមេរិកនៅសប្តាហ៍ក្រោយ ក្នុងឱកាសអបអរខួបលើកទី ៧០ នៃសម្ព័ន្ធភាពរវាងប្រទេសទាំងពីរ៕