សមត្ថភាពកំពង់ផែស្វយ័តព្រះសីហនុ

ក្រោយបញ្ចប់គម្រោងពង្រីកនិងលើកកម្ពស់គុណភាពដំណាក់កាលទី១ សមត្ថភាពកំពង់ផែស្វយ័តព្រះសីហនុនឹងកើនឡើង៣៥%


ដើម្បីឆ្លើយតបនឹងកំណើនទូរកុងតឺន័រ និងទំនិញចេញចូលកំពង់ផែព្រះសីហនុ នាពេលកន្លងមក និងទៅអនាគត រាជរដ្ឋាភិបាលកម្ពុជា ក្រោមការសហការជាមួយអង្គការ JICA របស់ជប៉ុនកំពុងស្តារ និងលើកកម្ពស់គុណភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុដើម្បីឲ្យមានជម្រៅទឹកជ្រៅជាងមុន។
ក្រោយបញ្ចប់គម្រោងពង្រីកនិងលើកកម្ពស់គុណភាពដំណាក់កាលទី១ សមត្ថភាពកំពង់ផែស្វយ័តព្រះសីហនុនឹងកើនឡើង៣៥%

មន្រ្តីស្វយ័តកំពង់ផែព្រះសីហនុ អះអាងថា ក្រោយបញ្ចប់គម្រោងពង្រីក និងលើកកម្ពស់គុណភាពដំណាក់កាលទី១ សមត្ថភាពកំពង់ផែស្វយ័តព្រះសីហនុនឹងកើនឡើង៣៥% លើសសមត្ថភាពរបស់កំពង់ផែនាពេលបច្ចុប្បន្ន ខណៈសព្វថ្ងៃ កំពង់ផែនេះមានសមត្ថភាពអាចផ្ទុកទូកុងតឺន័របានតែក្រោម៧០ម៉ឺនទូកុងតឺន័រក្នុង១ឆ្នាំ។ ជុំវិញគម្រោងសាងសង់ពង្រីកនិងលើកកម្ពស់គុណភាពកំពង់ផែក្រុងព្រះសីហនុដំណាក់កាលទី១នេះ ត្រូវបានរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន អះអាងថានឹងចាប់ផ្ដើមបើកការដ្ឋានសាងសង់ នៅដើមខែឧសភា ឆ្នាំ២០២៣នេះ ព្រមទាំងមានការអញ្ជើញចូលរួមជាអធិបតីពីសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ។

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេស ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ បានអះអាងថា នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ គម្រោងសាងសង់ពង្រីកនិងលើកកម្ពស់គុណភាពកំពង់ផែក្រុងព្រះសីហនុដំណាក់កាលទី១ នឹងត្រូវបើកការដ្ឋានសាងសង់ជាផ្លូវ ក្រោមអធិបតីភាពសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា ការពង្រីកកំពង់ផែក្រុងព្រះសីហនុ ជំហានទី១ មានជម្រៅទឹក ១៤,៥ម៉ែត្រ ដែលអាចឲ្យនាវាផ្ទុកកុងតឺន័រខ្នាតធំៗ ចំណុះដល់ ៦ម៉ឺនតោនអាចចូលចតបាន។ បើតាមឯកឧត្តម ស៊ុន ចាន់ថុល តាមរយៈការពង្រីកសមត្ថភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុនេះ នឹងធ្វើឲ្យកម្ពុជាមានលទ្ធភាពដឹកជញ្ជូនទំនិញទៅកាន់ទីផ្សារគោលដៅផ្ទាល់ដោយពុំចាំបាច់ឆ្លងកាត់ប្រទេសដទៃទៀត នោះទេ តួយ៉ាងដូចជា ការដឹកទំនិញពីកម្ពុជាទៅកាន់ប្រទេសក្នុងតំបន់អឺរ៉ុប និងសហរដ្ឋអាមេរិក ជាដើម។

ដោយឡែក លោកស្រី ជ័យ សុគន្ធា នាយិកាទីផ្សារនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានកត់សម្គាល់ឃើញថា ទោះបីកន្លងមក មានការរំខានពីការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ប៉ុន្ដែទំនិញនិងទូរកុងតឺន័រចេញ-ចូលកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅតែមានសកម្មភាពនិងរក្សាបាននូវកំណើន វិជ្ជមាន។ ទោះយ៉ាងណា កំពង់ផែស្វយ័តក្រុងព្រះសីហនុ តែងជួបប្រទះនូវបញ្ហាមួយចំនួន ពិសេសទាក់ទងនឹងសមត្ថភាពកំពង់ផែនៅមានកម្រិតដែលធ្វើឲ្យមានការកកស្ទះទូកុងតឺន័រ តែម្ដង។ ដូច្នេះ ដើម្បីឆ្លើយតបនឹងកំណើនទូរកុងតឺន័រ និងទំនិញចេញចូលកំពង់ផែព្រះសីហនុ ក៏ដូចជា ដើម្បីបង្កើនសមត្ថភាព និងត្រៀមឆ្លើយតបនឹងកំណើនទំនិញ និងទូកុងតឺន័រចេញចូលកំពង់ផែ នាពេលបច្ចុប្បន្ន និងទៅអនាគត កំពង់ផែស្វយ័តក្រុងព្រះសីហនុក្រោមជំនួយបច្ចេកទេស និងហិរញ្ញប្បទានរបស់ជប៉ុន កំពុងលើកកម្ពស់គុណភាព និងជម្រៅទឹកនៃកំពង់ផែនេះឲ្យកាន់តែប្រសើរបន្ថែមទៀត។ បើតាមលោកស្រី ជ័យ សុគន្ធា ក្រោយបញ្ចប់គម្រោងសាងសង់ពង្រីកនិងលើកកម្ពស់គុណភាពកំពង់ផែក្រុងព្រះសីហនុដំណាក់កាលទី១ សមត្ថភាពកំពង់ផែស្វយ័តព្រះសីហនុនឹងកើនឡើងចំនួន៣៥%។

គួរបញ្ជាក់ថា កាលពីពេលកន្លងទៅ ជប៉ុន បានផ្តល់ហិរញ្ញប្បទានជាង២០០លានដុល្លារដល់កម្ពុជា ដើម្បីពង្រីកទំហំចរាចរណ៍កប៉ាល់ដឹកទំនិញ និងលើកកម្ពស់គុណភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ បើតាមផែនការអភិវឌ្ឍន៍ឆ្នាំ២០២០-២០៣០ ការពង្រីកកំពង់ផែក្រុងព្រះសីហនុគ្រោងធ្វើឡើង៥ជំហាន ដោយជំហានទី១ គ្រោងបញ្ចប់នៅឆ្នាំ២០២៥ មានជម្រៅ១៤,៥ម៉ែត្រ ដែលអាចឲ្យនាវាផ្ទុកកុងតឺន័រខ្នាតធំៗចំណុះដល់៦ម៉ឺនតោនអាចចូលចតបាន។ ចំណែកជំហានទី២ និងទី៣មានជម្រៅ១៦ម៉ែត្រ និង១៧,៥ម៉ែត្រ ខណៈអង្គការ JICA កំពុងសិក្សាលើជំហានទាំងនេះ។ ជាមួយគ្នានេះជំហានទី៤ និងទី៥ គ្រោងពង្រីកដល់ជម្រៅ១៨,៥ម៉ែត្រ និង១៩ម៉ែត្រ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនបណ្ដាញសង្គម ទ្វីតធឺ ចាប់ផ្តើមដកសញ្ញាពណ៌ខៀវចេញពីអ្នកប្រើប្រាស់ដែលមិនបង់ប្រាក់

ព័ត៌មាន
មនុស្សល្បីៗជាច្រើនដែលប្រើប្រព័ន្ធផ្សព្វផ្សាយតាមបណ្ដាញ ទ្វីតធឺ កំពុងបាត់សញ្ញាពណ៌ខៀវដែលបានជួយផ្ទៀងផ្ទាត់អត្តសញ្ញាណពិតប្រាកដពួកគេ ឱ្យប្លែកពីអ្នកក្លែ…

កូរ៉េខាងត្បូងនាំចេញអាវុធទៅប៉ូឡូញ និងបង្ហើបឱ្យដឹងពីលទ្ធភាពផ្ដល់ឱ្យអ៊ុយក្រែនដែរ

ព័ត៌មាន
ក្រសួងការពារជាតិកូរ៉េខាងត្បូងកាលពីថ្ងៃព្រហស្បតិ៍ បានឱ្យដឹងថា កូរ៉េខាងត្បូងនឹងបញ្ជូនគ្រាប់កាំភ្លើងទៅឱ្យប្រទេសប៉ូឡូញ ខណៈពេលដែលមន្ត្រីរដ្ឋាភិប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ