យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Nikkei Asia លោក គូ យុនឆូល (Koo Yun-cheol) រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូង បានប្រកាសកាលពីថ្ងៃទី២៦ ខែមីនា ថា រដ្ឋាភិបាលនឹងចាប់ផ្តើមអនុវត្តវិធានការបញ្ចេញថវិកាបន្ថែមនៅខែក្រោយនេះហើយ ដោយផ្ដោតសំខាន់លើការជួយជ្រោមជ្រែងផ្នែកហិរញ្ញវត្ថុឱ្យបានឆាប់រហ័សបំផុត។
រដ្ឋមន្ត្រីរូបនេះបានសង្កត់ធ្ងន់ថា ទីក្រុងសេអ៊ូលនឹងប្រើប្រាស់កញ្ចប់ថវិកាជិត១៧ពាន់លានដុល្លារ ដែលបានមកពីចំណូលពន្ធលើស ដើម្បីដោះស្រាយវិបត្តិនេះឱ្យបានពេញលេញនៅក្នុងខែមេសា ខាងមុខជាមួយក្តីរំពឹងថា នឹងទទួលបានកិច្ចសហប្រតិបត្តិការយ៉ាងសកម្មពីរដ្ឋសភា។
ការសម្រេចចិត្តនេះ ឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រគ្រប់គ្រងវិបត្តិដ៏មុតស្រួចរបស់ទីក្រុងសេអ៊ូល ខណៈដែលសង្គ្រាមនៅមជ្ឈិមបូព៌ាឈានចូលដល់សប្តាហ៍ទី៤ ដែលបានធ្វើឱ្យតម្លៃប្រេងសកលឡើងថ្លៃយ៉ាងគំហុក និងរង្គោះរង្គើដល់ទីផ្សារហិរញ្ញវត្ថុពិភពលោក។ ជាក់ស្តែងតម្លៃប្រេងឆៅប្រភេទ Brent បានហក់ឡើងជាង ៤០% ចាប់តាំងពីចុងខែកុម្ភៈ មក ក្រោយមានក្តីបារម្ភពីការស្ទះចរន្តផ្គត់ផ្គង់តាមច្រកសមុទ្រ Hormuz។
ក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូង បានបន្ថែមថា ថវិកាមហិមានេះនឹងត្រូវបែងចែកទៅជួយដល់ប្រជាជនដែលងាយរងគ្រោះដោយសារថ្លៃថាមពលកើនឡើងខ្ពស់ ពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ឱ្យមានស្ថិរភាព និងសង្គ្រោះអាជីវកម្មខ្នាតតូច ដែលកំពុងប្រឈមនឹងការកើនឡើង នៃថ្លៃដើមផលិតកម្ម ដើម្បីទប់ស្កាត់កុំឱ្យសេដ្ឋកិច្ចជាតិធ្លាក់ក្នុងស្ថានភាពដុនដាប៕
អត្ថបទៈ សួន ឡង់ទី