គម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េ

គម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េស្ថិតក្នុងនីតិវិធីដោះស្រាយផលប៉ះពាល់ និងស្វែងរកក្រុមហ៊ុនសាងសង់


គម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េពីផ្សារចាស់ទៅជ្រោយចង្វារបន្តទៅអរិយក្សត្រមិនទាន់កំណត់កាលបរិច្ឆេទក្នុងការបើកការដ្ឋានសាងសង់នៅឡើយទេ ពោលគឺគម្រោងនេះកំពុងស្ថិតក្នុងនីតិវិធីដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ និងស្វែងរកក្រុមហ៊ុនសាងសង់។ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង ដែលទើបតែងតាំងថ្មីកាលពីពេលថ្មីៗ។
គម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េស្ថិតក្នុងនីតិវិធីដោះស្រាយផលប៉ះពាល់ និងស្វែងរកក្រុមហ៊ុនសាងសង់

ក្នុងជំនួបនោះដែរឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងបានបង្ហាញការចាប់អារម្មណ៍លើវិស័យភស្តុភារកម្មកម្ពុជា និងប្តេជ្ញាជំរុញវិនិយោគិនកូរ៉េខាងត្បូងឲ្យមកសម្លឹងឱកាសវិនិយោគលើវិស័យមួយនេះ។ ពាក់ព័ន្ធគម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េនេះដែរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានគូសបញ្ជាក់ថា គម្រោងនេះអាចនឹងបើកការដ្ឋានសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ។

នាជំនួបជាមួយឯកឧត្តម Park Jung-Wook ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំកម្ពុជា ដែលទើបតែងតាំងថ្មីកាលពីថ្ងៃទី៣១ ឧសភា ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្ហាញពីវឌ្ឍនភាពនៃគម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េ និងសក្តានុពលនៃវិស័យដឹកជញ្ជូន និងភស្តុភារកម្មរបស់កម្ពុជាដល់ថ្នាក់ដឹកនាំរូបនេះ។ ពាក់ព័ន្ធគម្រោស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា គម្រោងនេះកំពុងស្ថិតក្នុងនីតិវិធីស្វែងរកក្រុមហ៊ុនសាងសង់ និងដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ ដើម្បីឈានទៅកំណត់កាលបរិច្ឆេទបើកការដ្ឋានសាងសង់នាពេលខាងមុខ។

សម្រាប់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល គម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េពីផ្សារចាស់ភ្ជាប់ទៅជ្រោយចង្វារ និងអរិយក្សត្រនឹងក្លាយជាចំណុចទាក់ទាញមួយនៅកណ្តាលរាជធានី និងជានិមិត្តរូបនៃចំណងមិត្តភាពរវាងកម្ពុជា និងកូរ៉េខាងត្បូង។ ក្នុងឱកាសនោះឯកឧត្តមទេសរដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់ភាគីកូរ៉េខាងត្បូង ដែលបានជួយកម្ពុជាស្ទើរគ្រប់វិស័យ ជាពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍន៍ធនធានមនុស្ស។

ពាក់ព័ន្ធគម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានគូសបញ្ជាក់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានបេតុងខ្សែកាបឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវកាលពីពេលថ្មីៗថា គម្រោងស្ពានឆ្លងទន្លេសាប និងទន្លេមេគង្គនេះអាចនឹងបើកការដ្ឋានសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ។ សម្តេច អះអាងថា ទម្រាំទទួលបានគម្រោងស្ពានឆ្លងទន្លេនេះសម្តេចបានស្នើសុំប្រធានាធិបតីកូរ៉េខាងត្បូងរហូតដល់ពីររូបឯណោះ។ ស្ពាននេះមិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងជាផ្នែកមួយជួយជំរុញវិស័យទេសចរណ៍ និងទាក់ទាញការវិនិយោគផងដែរ។

នាជំនួបជាមួយឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ខាងលើឯកឧត្តម Park Jung-Wook ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំកម្ពុជា ដែលទើបតែងតាំងថ្មីបានកោតសរសើរចំពោះការរីកចម្រើនលើវិស័យហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជានិងបង្ហាញការចាប់អារម្មណ៍លើវិស័យដឹកជញ្ជូននិងភស្តុភារកម្មរបស់កម្ពុជា។ ការបង្ហាញចំណាប់អារម្មណ៍លើវិស័យភស្តុភារកម្មរបស់ឯកអគ្គរដ្ឋទូតរូបនេះធ្វើឡើងបន្ទាប់ពីឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងអំពីការបញ្ចប់ផែនការមេស្តីពី ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្មរបស់កម្ពុជា ដែលនឹងធ្វើឱ្យវិស័យភស្តុភារកម្ម និងថ្លៃដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជា កាន់តែមានការប្រកួតប្រជែងជាងមុន។ ទន្ទឹមនឹងនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានបង្ហាញឆន្ទៈយ៉ាងមុតមាំក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរ និងប្តេជ្ញាជួយជំរុញវិនិយោគិនកូរ៉េឲ្យមកសម្លឹងមើលឱកាសវិនិយោគនៅកម្ពុជា ជាពិសេសភស្តុភារកម្មតែម្តង។

គួរបញ្ជាក់ថា គម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូងនឹងសាងសង់ចេញពីម្តុំផ្សារចាស់ឆ្លងកាត់ទន្លេសាបឆ្ពោះទៅជ្រោយចង្វារ ហើយបន្តទៅអរិយក្សត្រដោយឆ្លងកាត់ទន្លេមេគង្គ។ គម្រោងនេះគ្រោងចំណាយថវិកាប្រមាណ២៤៦លានដុល្លារ ដែលជាកម្ចីហិរញ្ញប្បទានរបស់សាធាររណរដ្ឋកូរ៉េ ដែលបានចុះហត្ថលេខាផ្តល់ និងទទួលកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនដំបូងគេមួយ ទទួលបានសិទ្ធិនាំចេញផលិតផលជលផលធម្មជាតិចំនួន១២មុខ ទៅកាន់ទីផ្សារចិន

ព័ត៌មាន
ក្រុមហ៊ុនដំបូងគេមួយក្នុងប្រទេសកម្ពុជាបានបញ្ចប់ការត្រួតពិនិត្យ និងត្រូវបានអនុញ្ញាតដោយរដ្ឋបាលគយចិនហើយ ដើម្បីនាំចេញផលិតផលជលផលធម្មជាតិសំខាន់…

ក្រុមអ្នកជំនាញថា អាស៊ានងាកទៅរកកូរ៉េខាងត្បូងឱ្យជួយផ្គត់ផ្គង់អាវុធទំនើបៗក្នុងតម្លៃសមរម្យ

ព័ត៌មាន
ក្រុមអ្នកវិភាគបាននិយាយថា កូរ៉េខាងត្បូងកំពុងក្លាយជាអ្នកផ្គត់ផ្គង់សព្វាវុធថ្មីសម្រាប់បណ្តាប្រទេសអាស៊ីអាគ្នេយ៍មួយចំនួន បន្ទាប់ពីការទិញនាពេលថ្ម…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ