កូរ៉េខាងត្បូង-អាមេរិក

កូរ៉េខាងត្បូងនិយាយថា ខ្លួនកំពុងចរចាលក់គ្រាប់កាំភ្លើងធំទៅឲ្យអាមេរិកវិញ ក្រោយពីមានការបែកធ្លាយដំណឹងថាចង់លក់ទៅអាវុធឱ្យអ៊ុយក្រែន


ក្រសួងការពារជាតិកូរ៉េខាងត្បូងកាលពីថ្ងៃសុក្រ ទី ១១ វិច្ឆិកា បានចេញមុខអះអាងថា ខ្លួនកំពុងចរចាដើម្បីលក់គ្រាប់កាំភ្លើងធំទៅឱ្យសម្ព័ន្ធមិត្តសហរដ្ឋអាមេរិក ដែលជាអ្នកផ្គត់ផ្គង់អាវុធដ៏ធំដល់អ៊ុយក្រែនក្នុងការធ្វើសង្គ្រាម បន្ទាប់ពីកាសែតអាមេរិក Wall Street បានចុះផ្សាយដោយរាយការណ៍ថា ទីក្រុងសេអ៊ូលបានយល់ព្រមលក់អាវុធទៅឱ្យប្រទេសអ៊ុយក្រែនដោយផ្ទាល់។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន រ៉យទ័រ។
កូរ៉េខាងត្បូងយល់ព្រមលក់គ្រាប់កាំភ្លើងធំឱ្យអាមេរិក!

ក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជំហររបស់កូរ៉េខាងត្បូងក្នុងការមិនផ្តល់ជំនួយយោធាកម្រិតធ្ងន់ដល់អ៊ុយក្រែនគឺមិនផ្លាស់ប្តូរទេ។ ប៉ុន្តែ សេចក្តីថ្លែងការណ៍ដដែលនោះបានបន្ថែមថា «ដើម្បីជៀសវាងការខ្វះខាតគ្រាប់រំសេវកាំភ្លើងធំ ក្រុមហ៊ុនផលិតសព្វាវុធរបស់អាមេរិក និងកូរ៉េខាងត្បូងកំពុងចរចាគ្នានាំចេញគ្រាប់រំសេវបន្ថែមទៀតសម្រាប់អ៊ុយក្រែន តែវាស្ថិតនៅលើសហរដ្ឋអាមេរិកប៉ុណ្ណោះ ជាអ្នកសម្រេចនៅចុងក្រោយ»។

បើយោងតាមមន្ត្រីសហរដ្ឋអាមេរិកដែលដឹងអំពីកិច្ចព្រមព្រៀងនេះ បានបញ្ជាក់ប្រាប់កាសែត Wall Street ថា កិច្ចព្រមព្រៀងនេះនឹងអនុញ្ញាតឱ្យសហរដ្ឋអាមេរិកទិញគ្រាប់កាំភ្លើងធំចំនួន១០ម៉ឺនគ្រាប់ ពីកូរ៉េខាងត្បូងទៅឱ្យអ៊ុយក្រែន។ គួរជម្រាបថា កាលពីខែមុន ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បាននិយាយថា ទីក្រុងសេអ៊ូលមិនបានផ្តល់អាវុធកម្រិតធ្ងន់ណាមួយដល់អ៊ុយក្រែនទេ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក ពូទីន បានព្រមានថា បើសេអ៊ូលហ៊ានជួយសព្វាវុធដល់អ៊ុយក្រែននោះ វាដូចជាបំផ្លាញទំនាក់ទំនងទ្វេភាគីរវាងកូរ៉េខាងត្បូង និងរុស្ស៊ីដូច្នោះដែរ។

មែនទែនទៅ សម្ព័ន្ធមិត្តជិតស្និតបំផុតរបស់សហរដ្ឋអាមេរិកមួយនេះ គឺកូរ៉េខាងត្បូង បានព្យាយាមជៀសវាងការបង្កជម្លោះជាមួយរុស្ស៊ី ក៏ដូចជាការចូលរួមដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាមួយប្រទេសលោកខាងលិចប្រឆាំងនឹងទីក្រុងម៉ូស្គូផងដែរ ព្រោះទីក្រុងសេអ៊ូលព្រួយបារម្ភថា វិមានក្រឹមឡាំងអាចប្រើកូរ៉េខាងជើងដើម្បីដាក់សម្ពាធយោធា ឬបង្កការគំរាមគំហែងកាន់តែខ្លាំងមកលើខ្លួនដូចជាការសាកល្បងមីស៊ីល និងនុយក្លេអ៊ែរជាដើម។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby បាននិយាយកាលពីសប្តាហ៍មុនថា ក្រុងវ៉ាស៊ីនតោនមានព័ត៌មានថា កូរ៉េខាងជើងកំពុងផ្គត់ផ្គង់រុស្ស៊ីដោយសម្ងាត់នូវចំនួនគ្រាប់កាំភ្លើងធំ «ដ៏ច្រើន» សម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធជាមួយអ៊ុយក្រែនដែរ។ ទោះយ៉ាងណាទីក្រុងមូស្គូ និងក្រុងព្យុងយ៉ាងបានបដិសេធច្រានចោលការចោទប្រកាន់នោះទាំងស្រុង។ ដោយឡែក ចំពោះស្ថានការណ៍សង្គ្រាមនៅអ៊ុយក្រែនវិញ ក្រុមមន្ត្រីអ៊ុយក្រែនបាននិយាយនៅថ្ងៃទី ១១ វិច្ឆិកា នេះដែរថា កងទ័ពអ៊ុយក្រែនបានដណ្តើមយកមកវិញនូវទីតាំងលំនៅដ្ឋានរាប់សិបកន្លែង ដែលត្រូវបានបោះបង់ចោលក្រោយការប្រកាសដកទ័ពរបស់រុស្ស៊ីចេញពីទីក្រុងយុទ្ធសាស្ត្រនៃខេត្ត Kherson កាលពីថ្ងៃទី១០។

បើតាមរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក អូឡេកស៊ី រេហ្សនីកូវ (Oleksii Reznikov) បានប្រាប់សារព័ត៌មានរ៉យទ័រក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា វានឹងត្រូវចំណាយពេលយ៉ាងហោចណាស់មួយសប្តាហ៍សម្រាប់ប្រទេសរុស្ស៊ីដើម្បីដកខ្លួនចេញពីទីក្រុង Kherson ដោយលោកថា ប្រទេសរុស្ស៊ីនៅតែមានកងទ័ពប្រហែល៤ម៉ឺននាក់ដែលកំពុងឈរជើងក្នុងតំបន់នោះនៅឡើយ។ ជាមួយគ្នានេះ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បាននិយាយនៅក្នុងសុន្ទរកថាតាមវីដេអូកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី១០ វិច្ឆិកាដែរថា កងកម្លាំងអ៊ុយក្រែនបានរំដោះការតាំងទីលំនៅដ្ឋានចំនួន ៤១កន្លែង នៅភាគខាងត្បូងនៃទីក្រុងខឺសុន ក្រោយរុស្ស៊ីដកទ័ព។

ទោះជាបែបនេះក្តី អភិបាលតំបន់ខឺសុន ដែលត្រូវបានតែងតាំងដោយអ៊ុយក្រែន លោក យ៉ារ៉ូស្លាវ (Yaroslav Yanushevych) បាននិយាយនៅលើសារតេឡេក្រាមថា «ទាហានរុស្ស៊ីបានដកទ័ពមែន តែក៏បានបំផ្លាញឧបករណ៍សាធារណៈ ខ្សែភ្លើង និងដាក់ទុកអន្ទាក់ ព្រមទាំងបង្កប់មីននៅតាមផ្លូវក្រោយការចាកចេញរបស់ពួកគេផងដែរ»៕




អត្ថបទបន្ទាប់


មហាសេដ្ឋី Elon Musk ព្រមាន ពីការ ក្ស័យធន របស់ Twitter ក្រោយប្រធានផ្នែកធំៗលាឈប់អស់

ទើបតែចូលកាន់តំណែង បានប៉ុន្មានថ្ងៃប៉ុណ្ណោះ ម្ចាស់ថ្មីរបស់ក្រុមហ៊ុន Twitter លោក Elon Musk បាន ព្រមាន ពីការដួលរលំ របស់ ក្រុមហ៊ុន បណ្តាញស…

តើនឹងមានអ្វីពិសេសនៃជំនួបទល់មុខគ្នាជាលើកដំបូងរវាងបុរសខ្លាំងរដ្ឋចិនលោក ស៊ី ជីនពីង និងលោក ចូ បៃដិននៅសប្ដាហ៍ក្រោយ?

មេដឹកនាំនៃប្រទេសមហាអំណាចទី១ និងទី២របស់ពិភពលោកនឹងណាត់ជួបពិភាក្សាគ្នាផ្ទាល់ជាលើកដំបូងនៅកោះបាលីប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃ ចន្ទ ទី ១៤ វិច្ឆិក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ