កូរ៉េខាងត្បូងនិងអាមេរិកកំពុងពិភាក្សាគ្នាលើប្រតិបត្តិការនុយក្លេអ៊ែរ

កូរ៉េខាងត្បូងថា កិច្ចពិភាក្សាអំពីផែនការប្រតិបត្តិការនុយក្លេអ៊ែរជាមួយអាមេរិកនៅតែបន្ដ បើទោះបីត្រូវលោកចូ បៃដិនឆ្លើយបដិសេធ


ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយជាថ្មីទៀតកាលពីថ្ងៃអង្គារទី ៣ខែមករាថា ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកកំពុងពិភាក្សាអំពីផែនការរួមគ្នា និងការអនុវត្តប្រតិបត្តិការនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ដើម្បីប្រឆាំងនឹងកូរ៉េខាងជើង ទោះបីជាប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយបដិសេធថា នឹងមិនមានសមយុទ្ធនុយក្លេអ៊ែររួមគ្នាជាមួយកូរ៉េខាងត្បូងក៏ដោយ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
កូរ៉េខាងត្បូងថា កិច្ចពិភាក្សាអំពីផែនការប្រតិបត្តិការនុយក្លេអ៊ែរជាមួយអាមេរិកនៅតែបន្ដ បើទោះបីត្រូវលោកចូ បៃដិនឆ្លើយបដិសេធ

សេចក្តីថ្លែងការណ៍របស់កូរ៉េខាងត្បូងនេះ បានធ្វើឡើងភ្លាមៗបន្ទាប់ពីលោកចូ បៃដិន បាននិយាយថា សហរដ្ឋអាមេរិកមិនបានពិភាក្សាអំពីសមយុទ្ធនុយក្លេអ៊ែររួមគ្នាជាមួយកូរ៉េខាងត្បូងនោះទេ ដែលវាហាក់ដូចជាផ្ទុយនឹងការលើកឡើងរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol នៅក្នុងបទសម្ភាសន៍ជាមួយកាសែតក្នុងស្រុកមួយកាលពីប៉ុន្មានថ្ងៃមុននេះ ដែលោកបានបង្ហើបថា កំពុងពិភាក្សាជាមួយទីក្រុងវ៉ាស៊ិនតោន ដើម្បីរៀបចំធ្វើសមយុទ្ធមួយ ដោយមានប្រើប្រាស់ធនធាននុយក្លេអ៊ែរបស់អាមេរិក។

ក្រោយពីប្រធានាធិបតីអាមេរិកចេញមកបដិសេធយ៉ាងដូច្នេះ លេខាធិការទទួលបន្ទុកកិច្ចការសារព័ត៌មានរបស់លោក យូន គឺលោកស្រី Kim Eun-hye បាននិយាយថា លោក បៃដិន «គ្មានជម្រើសអ្វីក្រៅពីនិយាយថា «ទេ» ដោយសារតែគាត់ត្រូវបានគេសួរយ៉ាងឥតលាក់លៀមថា តើប្រទេសទាំងពីរកំពុងពិភាក្សាគ្នាអំពីល្បែងសង្គ្រាមនុយក្លេអ៊ែរមែនទេ ខណៈដែលសមយុទ្ធនុយក្លេអ៊ែររួមគ្នាអាចធ្វើឡើងរវាងរដ្ឋដែលមានអាវុធនុយក្លេអ៊ែរក្នុងដៃនោះ?»។

លោកស្រី គីម បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ដើម្បីឆ្លើយតបទៅនឹងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង កូរ៉េខាងត្បូង និងសម្ព័ន្ធមិត្តអាមេរិកកំពុងពិភាក្សាអំពីវិធីចែករំលែកព័ត៌មានស្តីពីប្រតិបត្តិការធនធាននុយក្លេអ៊ែរដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិក និងការធ្វើផែនការរួមគ្នា និងការប្រតិបត្តិការយោធារួមគ្នាផ្សេងទៀតផងដែរ»។

មន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់សហរដ្ឋអាមេរិកបានរំលឹកឡើងវិញនូវការអត្ថាធិប្បាយរបស់លោក បៃដិនដោយនិយាយថា សមយុទ្ធនុយក្លេអ៊ែររួមគ្នាជាមួយទីក្រុងសេអ៊ូលនឹងមាន «ការលំបាកខ្លាំង» ដោយសារតែទីក្រុងសេអ៊ូលមិនមែនជាមហាអំណាចនុយក្លេអ៊ែរ ប៉ុន្តែក្នុងនាមជាសម្ព័ន្ធមិត្ត សហរដ្ឋអាមេរិកកំពុងសម្លឹងមើលការចែករំលែកព័ត៌មាន ការរៀបចំផែនការភាពអាសន្នរួមគ្នា និងសមយុទ្ធជាយថាហេតុជាដើម។

គួរជម្រាបថា បន្ទាប់ពីកិច្ចប្រជុំនៅប្រទេសកម្ពុជាកាលពីខែវិច្ឆិកាកន្លងទៅ ប្រធានាធិបតីនៃប្រទេសទាំងពីរបានស្នើឱ្យក្រុមមន្ត្រីយោធារបស់ពួកគេរិះរកមធ្យោបាយ ដើម្បីដោះស្រាយសកម្មភាព និងសេចក្តីថ្លែងការណ៍ថ្មីៗរបស់កូរ៉េខាងជើង ដែលបានបង្កឱ្យមាន «ការព្រួយបារម្ភកាន់តែខ្លាំងឡើង»។

បើតាមមន្ត្រីអាមេរិកដដែលបានលើកឡើងទៀតថា ភាគីទាំងសងខាងមិនទាន់បានបញ្ជាក់អំពីពេលវេលាជាក់លាក់ណាមួយ នៃសមយុទ្ធដែលត្រូវគ្រោងទុកនោះទេ ប៉ុន្តែលោកជឿថា ពួកគេនឹងធ្វើឡើង «ក្នុងពេលអនាគតដ៏ខ្លីខាងមុខ» និងគ្របដណ្តប់លើសេណារីយ៉ូលើសពីស្ថានការនុយក្លេអ៊ែរថែមទៀត។

យ៉ាងណាមិញ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកម្នាក់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិកប្តេជ្ញាផ្តល់ការទប់ស្កាត់បន្ថែម ហើយកំពុងធ្វើការលើ «ការឆ្លើយតបសម្របសម្រួលប្រកបដោយប្រសិទ្ធភាពចំពោះសេណារីយ៉ូជាច្រើន រួមទាំងការប្រើប្រាស់នុយក្លេអ៊ែរដោយកូរ៉េខាងជើងមកលើកូរ៉េខាងត្បូង ឬការវាយប្រហារលើទឹកដីសហរដ្ឋអាមេរិកក៏ថាបាន»។

បុរសខ្លាំងកូរ៉េខាងជើងនៅចុងក្រោយនេះ ទើបតែបានជំរុញឲ្យមានការអភិវឌ្ឍអាវុធនុយមីស៊ីលអន្តរទ្វីបដ៏ធំបំផុតមួយទៀត ដើម្បីត្រៀមទប់ទល់ជាមួយនឹងបច្ចាមិត្ត ដែលគ្មាននរណាក្រៅតែពីកូរ៉េខាងត្បូង និងសម្ព័ន្ធមិត្តអាមេរិកនោះឡើយ ដោយកន្លងមក លោក គីម ជុងអ៊ុន ធ្លាប់និយាយអួតក្ដែងៗអំពីសមត្ថភាពមីស៊ីលរបស់ខ្លួនអាចបាញ់បានដល់ទឹកដីសហរដ្ឋអាមេរិកផងដែរ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនយក្ស Tesla លក់រថយន្តបានជាង ១,៣ លានគ្រឿងកាលពីឆ្នាំ២០២២ ប៉ុន្ដែនៅក្រោមគោលដៅកំណត់

ព័ត៌មាន
ក្រុមហ៊ុនយក្ស Tesla បាននិយាយកាលពីថ្ងៃច័ន្ទ ទី០២ មករា ឆ្នាំ២០២៣ ថា ខ្លួនបានលក់រថយន្តចំនួន ១លាន ៣សែនគ្រឿងកាលពីឆ្នាំ២០២២ ប៉ុន្តែចំនួននេះប…

តើកត្តាអ្វីខ្លះ រុញឲ្យសេដ្ឋកិច្ចសិង្ហបុរី នឹងត្រូវជួបបញ្ហាកាន់តែលំបាកនៅឆ្នាំ២០២៣?

ព័ត៌មាន
មិនខុសពីប្រទេសដទៃនោះទេ សេដ្ឋកិច្ចសិង្ហបុរីក្នុងឆ្នាំ២០២២កន្លងទៅ គឺមានកំណើនយឺតមែនទែន បើប្រៀបធៀបនឹងកំណើនសេដ្ឋកិច្ចឆ្នាំ២០២១ បើទោះបីជាប្រទេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ