កូរ៉េខាងជើងបានបញ្ចប់ការត្រៀមខ្លួនសម្រាប់ការធ្វើគ្រាប់បែកតេស្តនុយក្លេអ៊ែរ!

កូរ៉េខាងត្បូងថា កូរ៉េខាងជើងត្រៀមខ្លួនរួចស្រេចហើយ សម្រាប់ការធ្វើតេស្ដគ្រាប់បែកនុយក្លេអ៊ែរ


ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បាននិយាយកាលពីថ្ងៃអង្គារ ទី ២៥ តុលា ថា កូរ៉េខាងជើងបានបញ្ចប់ការត្រៀមលក្ខណៈសម្រាប់ការសាកល្បងគ្រាប់បែកនុយក្លេអ៊ែរលើកទីប្រាំពីររបស់ខ្លួនហើយ ខណៈដែលទីក្រុងសេអ៊ូលកំពុងស្ថិតក្នុងភាពគ្រោះថ្នាក់គ្រប់ពេលទាំងអស់ដោយការបង្កហេតុពីសំណាក់របបក្រុងព្យុងយ៉ាង។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
កូរ៉េខាងត្បូងថា កូរ៉េខាងជើងត្រៀមខ្លួនរួចស្រេចហើយ សម្រាប់ការធ្វើតេស្ដគ្រាប់បែកនុយក្លេ

លោក Yoon បានថ្លែងសុន្ទរកថា ទៅកាន់រដ្ឋសភារបស់ខ្លួនថា៖ «កូរ៉េខាងជើងនឹងធ្វើតេស្ដគ្រាប់បែកនុយក្លេអ៊ែរ​លើកដំបូងរបស់ខ្លួន​ក្នុងពេលឆាប់ៗនេះ គិតចាប់តាំងពីខែកញ្ញា ឆ្នាំ ២០១៧ មក ហើយព្យុងយ៉ាងហាក់ដូចជា​បានបញ្ចប់ការត្រៀមលក្ខណៈរបស់ខ្លួន​រួចជាស្រេចហើយ សម្រាប់ការធ្វើតេស្តនុយក្លេអ៊ែរនេះ»។

កាលពីពេលកន្លងទៅ សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន សុទ្ធតែបានសន្យាថា នឹងដាក់ទណ្ឌកម្មយ៉ាងម៉ឺងម៉ាត់ និងសច្ចារួបរួមគ្នា​ផ្នែកយោធា​ចំពោះការសាកល្បងអាវុធនុយក្លេអ៊ែរ​របស់រដ្ឋផ្តាច់ការកូរ៉េខាងជើង ដែលនឹងបំពានទាំងស្រុង​លើច្បាប់របស់​ក្រុមប្រឹក្សាសន្តិសុខអង្គការ​សហប្រជាជាតិ។

ជាមួយគ្នានេះ លោក John Kirby អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុង​វ៉ាស៊ីនតោនថា «សហរដ្ឋអាមេរិកជឿជាក់ថា កូរ៉េខាងជើងអាចនឹងធ្វើការសាកល្បង​នុយក្លេអ៊ែរ​នៅពេលណាក៏បាន»។

មែនទែនទៅ ចាប់តាំងពីដើម​ឆ្នាំនេះមក ប្រទេសកូរ៉េខាងជើងបានធ្វើការ​សាកល្បងកាំជ្រួចមីស៊ីលទាំងរយៈចម្ងាយខ្លី និងវែងចំនួន ២៧ លើករួចហើយ ដែលកាលពីដើម​ខែតុលានេះ របបក្រុងព្យុងយ៉ាងដឹកនាំដោយបុរសខ្លាំងលោក គីម ជុងអ៊ុន បានធ្វើតេស្តមីស៊ីលប៉ាលេស្ទីក ដោយបាញ់រំលងពីលើប្រទេសជប៉ុនថែមទៀតផង។

យ៉ាងណាក៏ដោយ ប្រធានាធិបតីកូរ៉េខាងត្បូងបានពណ៌នាការបាញ់មីស៊ីលនាពេលកន្លងមករបស់កូរ៉េខាងជើងថា ប្រៀបបានជា «ការវាយប្រហារទុកជាមុន» លើសហគមន៍អន្តរជាតិ ដោយលោកបានធ្វើការប្តេជ្ញាថា កូរ៉េខាងត្បូងនឹងមិនចុះញ៉ម ហើយនឹងបង្កើន​កិច្ចសហប្រតិបត្តិការ​យោធា​ជាមួយ​សហរដ្ឋអាមេរិកឲ្យកាន់តែខ្លាំង ដើម្បីទប់ទល់នឹងការគំរាមកំហែងទាំងអស់នេះ។

លោកបានបន្ថែមថា៖ «រដ្ឋាភិបាលរបស់លោកនឹងធ្វើការពង្រឹងវិស័យ​យោធាតាមរយៈ​ជំហរ​ការពារ​រួមគ្នារបស់កូរ៉េខាងត្បូង-សហរដ្ឋអាមេរិក ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​ផ្នែកសន្តិសុខ​រវាងកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងប្រទេសជប៉ុនផងដែរ»។

ទោះបីជាបែបនេះក្តី​ ភាពតានតឹងបាននិងកំពុងស្ថិតក្នុងកម្រិតមួយដ៏​ខ្ពស់នៅ​លើឧបទ្វីបកូរ៉េ​នៅពេល​នេះ ដោយកូរ៉េខាងជើង និងកូរ៉េខាងត្បូង​កាលពី​ព្រឹកថ្ងៃចន្ទ ទី ២៤ តុលា បានបាញ់កាំភ្លើង​ធំ​ព្រមាន​ដាក់គ្នាទៅវិញទៅមក​នៅតាម​ព្រំដែនសមុទ្រភាគខាងលិច​នៅក្នុងសមុទ្រលឿង។

ដោយឡែក ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃដដែលនោះ បានចាប់ផ្តើមសមយុទ្ធដែនសមុទ្ររួមគ្នារយៈពេលបួនថ្ងៃ​នៅសមុទ្រលឿង ដែលមានការចូលរួម​ពីកងទ័ពកូរ៉េខាងត្បូង កម្លាំងទ័ពអាកាស និងឆ្មាំឆ្នេរសមុទ្រ រួមជាមួយ​នឹងយោធាសហរដ្ឋអាមេរិក ស្របពេលដែលសេណារីយ៉ូ​នៃការផ្ទុះសង្គ្រាមកូរ៉េជាលើកទីពីរ​កំពុងស្ថិតក្នុងភាពផុយស្រួយស្រាប់ទៅហើយនោះ៕




អត្ថបទបន្ទាប់


រយៈពេល៨ខែក្រោយផ្ទុះសង្គ្រាមជាមួយរុស្ស៊ី អ៊ុយក្រែនទទួលបានជំនួយថវិកា១០០ពាន់លានដុល្លារ

បើតាមអង្គការមូលនិធិ Devex បានកត់ត្រាពីទំហំមូលនិធិដែលអ៊ុយក្រែនបានទទួលពីសម្ព័ន្ធមិត្ត រួមទាំងអង្គការស្ថាប័នហិរញ្ញវត្ថុមួយចំនួន គិតចាប់តា…

អាងពិព័រណ៍ត្រីទឹកសាប ត្រីទឹកប្រៃ និងសត្វជាច្រើនប្រភេទ ដំបូងគេបង្អស់នៅកម្ពុជា ចាប់បើកដំណើរការនៅដើមខែក្រោយនេះ

ផលិតផលទេសចរដ៏ថ្មីសន្លាងមួយ នៅលើទឹកដីខេត្តសៀមរាប គឺអាងពិព័រណ៍ត្រីទឹកសាប ត្រីទឹកប្រៃ និងសត្វជាច្រើនប្រភេទ មានទំហំប្រមាណជាង ១ម៉ឺនម៉ែត្រគូប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ