លោក Yoon Suk-Yeol បានចេញប្រកាសទាំងកណ្ដាលយប់អំពីការដាក់ចេញច្បាប់អាជ្ញាសឹកសម្រាប់ប្រទេសកូរ៉េខាងត្បូង កាលពីយប់ថ្ងៃអង្គារ ហើយវាគឺជាការប្រកាសច្បាប់អាជ្ញាសឹកលើកដំបូងមិនធ្លាប់មានឡើយសម្រាប់ប្រទេសក្នុងតំបន់អាស៊ីមួយនេះ គិតត្រឹមរយៈពេលជិត៥០ឆ្នាំចុងក្រោយនេះ ។
ប៉ុន្ដែ ក្រោយពីមានការផ្ទុះការតវ៉ាដ៏ខ្លាំងក្លាពីសំណាក់ប្រជាពលរដ្ឋរាប់ពាន់នាក់ និងការបោះឆ្នោតប្រឆាំងដោយសមាជិកសភា ចំពោះការដាក់ចេញនូវអាជ្ញាសឹកនេះ នៅប៉ុន្មានម៉ោងក្រោយមក លោក Yoon ក៏បានប្រកាសដកចេញច្បាប់នេះវិញភ្លាមៗ។
លោក Yoon Suk-Yeol បានបញ្ជាក់ថា ការដាក់ចេញច្បាប់អាជ្ញាសឹក គឺដើម្បីប្រឆាំងនឹង “កម្លាំងប្រឆាំងរដ្ឋ” និងការគំរាមកំហែងពីកូរ៉េខាងជើង។ ប៉ុន្ដែ វាត្រូវបានមតិជាច្រើនមើលឃើញថា មិនមានការគំរាមកំហែងពីខាងក្រៅណាមួយ ដែលចាំបាច់ត្រូវប្រកាសដាក់ចេញច្បាប់អាជ្ញាសឹកនេះឡើយ ប៉ុន្ដែ ដោយសារតែបញ្ហានយោបាយដ៏អស់សង្ឃឹមរបស់លោក Yoon ខ្លួនឯងទៅវិញទេ។ នេះបើតាមការគូសបញ្ជាក់របស់សារព័ត៌មាន BBC។
បញ្ហាដ៏ចលាចលនៅក្នុងប្រទេសកូរ៉េខាងត្បូងនេះ ក៏បានបង្កឲ្យទីផ្សារភាគហ៊ុនរបស់កូរ៉េខាងត្បូងធ្លាក់ចុះ ២% ផងដែរនៅក្នុងពេលបើកជួញដូរដំបូង នៅថ្ងៃពុធនេះ។
ដើម្បីជ្រាបកាន់តែលម្អិតអំពីរឿងនេះ សូមរង់ចាំតាមដាននៅក្នុងកម្មវិធី សេដ្ឋកិច្ចយប់នេះ របស់សារព័ត៌មានខេមបូណូមីស វេលាម៉ោង ៧៖០០នាទីយប់តទៅ នៅលើទំព័រហ្វេសប៊ុក និងយូធូបរបស់ខេមបូណូមីស។