ការព្យាករថ្មី

ការព្យាករថ្មីចុងក្រោយបានព្រមានថា បាតុភូត អែលនីញ៉ូ នឹងវិវត្តខ្លួនកាន់តែអាក្រក់ ដែលអាចបង្កផលប៉ះពាល់កាន់តែធ្ងន់ធ្ងរដល់សន្តិសុខស្បៀង និងថាមពល


បាតុភូតអាកាសធាតុ អែលនីញ៉ូ ដែលកំពុងស្តែងរូបរាងនាពេលបច្ចុប្បន្ន មិនមែនគ្រាន់តែធ្វើឱ្យសីតុណ្ហភាព​​កើនឡើង​​​កំដៅនោះទេ តែវា​នឹងវិវត្តខ្លួន​កាន់តែអាក្រក់ខ្លាំងឡើងៗ ដែលអាច​បង្កផលប៉ះពាល់​​យ៉ាងធ្ងន់ធ្ងរ និងទូលំទូលាយនៅទូទាំងតំបន់​អាស៊ីអាគ្នេយ៍ចាប់ពីខែតុលា រហូតដល់ខែធ្នូ ខាងមុខ។ ឥទ្ធិពលបំផ្លាញ​របស់បាតុភូត​ដ៏កាចសាហាវ​នេះ​មិនត្រឹមតែ​រំខាន​ដល់​របាយទឹកភ្លៀងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរុញច្រាន​វិស័យកសិកម្ម សន្តិសុខស្បៀង ប្រភពថាមពល សុខភាពសាធារណៈ និងជីវភាពរស់នៅ​របស់ប្រជាជនឱ្យធ្លាក់ចូលក្នុងវិបត្តិទៀតផង។
ការព្យាករថ្មី
ដោយ

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរបស់សិង្ហបុរី CNA បានរាយការណ៍ថា ផ្អែកលើទិន្នន័យពីមជ្ឈមណ្ឌលព្យាករណ៍អាកាសធាតុ នៃរដ្ឋបាលមហាសមុទ្រ និងបរិយាកាសជាតិសហរដ្ឋអាម៉េរិក បានព្រមានថា ចាប់ពីខែតុលា ដល់ខែធ្នូ ខាងមុខ លទ្ធភាពនៃការកើតមានបាតុភូតអែលនីញ៉ូក្នុងកម្រិតធ្ងន់ធ្ងរបំផុតមានរហូតដល់ទៅ៩៨% ឯណោះ។
ការកើនឡើងកម្ដៅ និងគ្រោះរាំងស្ងួតដ៏ខ្លាំងក្លានេះកំពុងបង្កការគំរាមកំហែងដោយផ្ទាល់ដល់តំបន់អាស៊ីអាគ្នេយ៍ ជាពិសេសវិស័យកសិកម្ម ការផ្គត់ផ្គង់ទឹក និងប្រភពថាមពល។ ជាក់ស្តែងនៅប្រទេសវៀតណាម កម្រិតទឹកក្នុងអាងស្តុកទឹក នៃទំនប់វារីអគ្គិសនីសំខាន់ៗបានធ្លាក់ចុះដល់កម្រិតប្រកាសអាសន្ន ដែលកំពុងបង្កហានិភ័យ នៃកង្វះខាតថាមពលអគ្គិសនីយ៉ាងធ្ងន់ធ្ងរ។
ទន្ទឹមនឹងនេះ សារព័ត៌មាន Bloomberg បានរាយាការណ៍ថា វិបត្តិថាមពល និងតម្លៃស្បៀងអាហារសកល ដែលកំពុងរងសម្ពាធយ៉ាងធ្ងន់ធ្ងរពីសង្គ្រាមស្រាប់ទៅហើយនោះ នឹងត្រូវបន្ថែមទម្ងន់សម្ពាធទ្វេដងដោយសារបាតុភូតអែលនីញ៉ូ នេះ។
លើសពីនេះរបាយការណ៍សិក្សារបស់ក្រុមហ៊ុនប្រឹក្សាយោបល់ Verisk Maplecroft បានព្រមានថា ការប្រែប្រួលអាកាសធាតុដ៏ខ្លាំងក្លានេះនឹងបង្កឱ្យមានគ្រោះមហន្តរាយសន្តិសុខស្បៀងនៅតំបន់អាស៊ី ហើយអាចឈានទៅរកភាពចលាចលក្នុងសង្គម និងអស្ថិរភាពនយោបាយនៅក្នុងបណ្តាប្រទេស ដែលងាយរងគ្រោះដូចជាឥណ្ឌា ឥណ្ឌូនេស៊ី និងហ្វីលីពីនជាដើម។
ការប្រកាសអាសន្ននេះកើតឡើងចំពេលដែលខ្សែច្រវាក់ផ្គត់ផ្គង់ប្រេងឥន្ធនៈ និងជីកសិកម្មត្រូវបានរំខានយ៉ាងខ្លាំងដោយសារជម្លោះប្រដាប់អាវុធនៅតំបន់មជ្ឈិមបូព៌ា។ ឥឡូវនេះពិភពលោកត្រូវធ្លាក់ចូលក្នុងវិបត្តិពីរជាន់ ដោយសារតែគ្រោះមហន្តរាយធម្មជាតិអែលនីញ៉ូ ដែលកំពុងបន្ថែមការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ទិន្នផលដំណាំ និងស្ថិរភាពសេដ្ឋកិច្ចពិភពលោកទាំងមូល៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


UN ព្រមានថា ការបែកបាក់ភូមិសាស្ត្រនយោបាយដោយសារប្រទេសមហាអំណាចកំពុងធ្វើឱ្យក្រុមប្រឹក្សាសន្តិសុខបាត់បង់ឥទ្ធិពល

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលជាស្ថាប័ននីតិប្រតិបត្តិ​រៀបចំសណ្តាប់ធ្នាប់​ពិភពលោក និងមានភារកិច្ចស្នូលក្នុងការធានាសន្តិភាព និងសន្…

លោក ត្រាំ បញ្ជាឱ្យដកទំនិញកាណាដាចេញពីការដេញថ្លៃ និងគំរាមឈប់ធ្វើពាណិជ្ជកម្មជាមួយអឺរ៉ុប

សង្គ្រាមពាណិជ្ជកម្មរវាងកាណាដា និងអាម៉េរិក បានឈានចូលក្នុងរបត់ថ្មីមួយទៀតហើយ ក្រោយប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានចេញបញ្ជាបន្ទាន់ និង…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ