ក្រុមហ៊ុន SpaceX

សមាជិកព្រឹទ្ធសភាជំរុញឱ្យមន្ទីរបញ្ចកោណអាម៉េរិក ស៊ើបអង្កេតលើក្រុមហ៊ុន SpaceX ក្រោយសង្ស័យមានភាគហ៊ុនរបស់ក្រុមហ៊ុនចិន


សមាជិកព្រឹទ្ធសភាអាម៉េរិក ចំនួន២រូប មកពីគណបក្សប្រជាធិបតេយ្យ ជំរុញឱ្យមន្ទីរបញ្ចកោណ បើកការស៊ើបអង្កេតជាបន្ទាន់លើក្រុមហ៊ុន SpaceX ចំពេលមានការចោទប្រកាន់ថា មានវិនិយោគិនចិន បានចូលមកទិញភាគហ៊ុនក្នុងក្រុមហ៊ុនផលិតរ៉ុក្កែតដ៏មានឥទ្ធិពលមួយនេះស្ងាត់ៗដែលអាចគំរាមកំហែងដល់សន្តិសុខជាតិ របស់អាម៉េរិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ក្រុមហ៊ុន SpaceX
ដោយ

​សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យ លោកស្រី អេលីហ្សាបេត វ៉ារេន (Elizabeth Warren) និងលោក អ៊ែនឌី គីម (Andy Kim) បានផ្ញើលិខិតទៅកាន់រដ្ឋមន្ត្រីក្រសួងការពារជាតិអាម៉េរិក លោក ភីត ហេកសេត (Pete Hegseth) ដោយសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងថា ការវិនិយោគរបស់ចិន នៅក្នុងក្រុមហ៊ុន SpaceX អាចជាការគំរាមកំហែងដល់សន្តិសុខជាតិ ដែលអាចបង្កគ្រោះថ្នាក់ដល់ហេដ្ឋារចនាសម្ព័ន្ធខាងយោធា ចារកម្ម និងស៊ីវិលសំខាន់ៗ។

ផ្អែកតាមសក្ខីកម្ម និងរបាយការណ៍សម្ងាត់បានបង្ហាញថា វិនិយោគិនដែលមានទំនាក់ទំនងជាមួយប្រទេសចិន បានប្រើប្រាស់ក្រុមហ៊ុនស្រមោល នៅលើកោះ សាយម៉ាន (Cayman) និងកោះ ប្រ៊ីធីស វើរជីន (British Virgin) ដើម្បីធ្វើជាខែលបិទបាំងការបញ្ចូនលុយមកទិញភាគហ៊ុនរបស់ក្រុមហ៊ុន SpaceX។

សមាជិកព្រឹទ្ធសភាទាំង២រូបបានព្រមានថា ការដែលក្រុមហ៊ុនចិនណាមួយក្លាយជាម្ចាស់កម្មសិទ្ធិ វាជាការបំពានច្បាប់របស់សហរដ្ឋអាម៉េរិក ព្រោះទិន្នន័យបច្ចេកវិទ្យាសម្ងាត់អាចនឹងត្រូវលេចធ្លាយទៅដល់ដៃគូប្រកួតប្រជែង។ ជាមួយគ្នានេះពួកគេទុកពេលឱ្យមន្ទីរបញ្ចកោណឆ្លើយតបយ៉ាងយូរត្រឹមថ្ងៃទី២០ ខែកុម្ភៈ។

សូមបញ្ជាក់ថា ក្រុមហ៊ុន SpaceX របស់កំពូលមហាសេដ្ឋី អេឡិន ម៉ាស់ (Elon Musk) មានតួនាទីយ៉ាងសំខាន់ក្នុងហេដ្ឋារចនាសម្ព័ន្ធផ្នែកសន្តិសុខជាតិ របស់សហរដ្ឋអាម៉េរិក តាមរយៈការបាញ់បង្ហោះផ្កាយរណបចារកម្ម និងការផ្តល់ប្រព័ន្ធទំនាក់ទំនង Starlink ដែលកំពុងប្រើប្រាស់យ៉ាងសកម្មក្នុងសមរភូមិនៅអ៊ុយក្រែន និងកិច្ចការយោធាអាម៉េរិកជុំវិញពិភពលោក៕

អត្ថបទៈ សួន ឡង់ទី​




អត្ថបទបន្ទាប់


កម្ពុជានឹងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធចំនួន៤៤គម្រោងប្រវែងជាង៣ពាន់គីឡូម៉ែត្រ

រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តផ្តល់អាទិភាពខ្ពស់លើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដោយក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងរៀបចំផែនការលើកកម្ពស់…

នាយករដ្ឋមន្ត្រីកាណាដា កំពុងរងសម្ពាធឱ្យលុបចោលកិច្ចព្រមព្រៀងទិញយន្តហោះចម្បាំង F-35 ពីអាម៉េរិក

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney ត្រូវបានដាក់សម្ពាធឱ្យលុបចោលកិច្ចព្រមព្រៀងរបស់កាណាដា ក្នុងការទិញយន្តហោះចម្បាំងអាម៉េរិក ធុន F-35 រហូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ