នៅព្រឹកព្រលឹមថ្ងៃអាទិត្យ ប្រព័ន្ធផ្សព្វផ្សាយប៉ាឡេស្ទីន បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស១១នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល នៅក្នុងទីក្រុង ខាន់ យូនីស (Khan Younis ភាគខាងត្បូងនៃតំបន់ Gaza។
ប្រព័ន្ធផ្សព្វផ្សាយប៉ាឡេស្ទីន ក៏បាននិយាយដែរថា អ៊ីស្រាអែលកំពុងវាយប្រហារភាគខាងត្បូងទីក្រុងរ៉ាហ្វាក្នុងតំបន់ហ្កាហ្សាដែរ។ មុននឹងមានការវាយប្រហារទាំងកណ្តាលយប់ថ្ងៃសៅរិ៍ ឈានចូលថ្ងៃអាទិត្យនេះ អ្នកនាំពាក្យយោធាអ៊ីស្រាអែលលោក ដាណេល ហាខារិ (Daniel Hagari) បានប្រាប់ឱ្យប្រជាជនប៉ាឡេស្ទីន ឱ្យចាកចេញពីតំបន់ភាគខាងត្បូងជាបន្ទាន់ ព្រោះកងទ័ពអាកាសអ៊ីស្រាអែលនឹងបង្កើនការវាយប្រហារនៅតំបន់ភាគខាងត្បូងនេះ។
ការវាយប្រហារនេះកើតឡើងស្របពេលដែលក្បួនរថយន្តជំនួយមនុស្សធម៌ដំបូងត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរចូលតំបន់ហ្កាហ្សាជាលើកដំបូង បានមកដល់តាមច្រកព្រំដែន រ៉ាហ្វា ជាមួយអេហ្ស៊ីប កាលពីថ្ងៃសៅរ៍ ចាប់តាំងពីសង្គ្រាមផ្ទុះឡើងមក។
អង្គការសហប្រជាជាតិ បាននិយាយថា ក្បួនរថយន្តដឹកអ្នកដំណើរ២០គ្រឿង រួមមានជំនួយផ្គត់ផ្គង់សម្រាប់សង្គ្រោះជីវិត ដែលនឹងត្រូវទទួលដោយភ្នាក់ងារកាកបាទក្រហមប៉ាឡេស្ទីន។ ប៉ុន្តែយ៉ាងណាក៏ដោយ ការិយាល័យមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) បាននិយាយថា ចំនួនដែលបានដឹកចូលតំបន់ហ្កាហ្សា កាលពីថ្ងៃសៅរិ៍នោះ គឺជាទំហំតិចតួចណាស់ចាប់តាំងពីសង្គ្រាមផ្ទុះឡើងជាង១៤ថ្ងៃមកនេះ។
ប្រធានាធិបតីអាម៉េរិកលោក ចូ បៃដិន ដែលទើបទៅទស្សនកិច្ចនៅអ៊ីស្រាអែល និងគាំទ្រឈរជាមួយអ៊ីស្រាអែល ក្នុងការបន្តសង្គ្រាមវាយកម្ទេចពួកក្រុមហាម៉ាស បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា សហរដ្ឋអាម៉េរិក សាទរការទៅដល់នូវជំនួយមនុស្សធម៌សម្រាប់ប្រជាជនប៉ាឡេស្ទីនរាប់ម៉ឺននាក់ ហើយនឹងប្តេជ្ញាផ្តល់ជំនួយបន្ថែមទៀតដល់តំបន់ហ្កាហ្សា។
យ៉ាងណាមិញ គិតមកទល់នឹងពេលនេះ អ្នកស្លាប់ដែលជាប្រជានជនប៉ាឡេស្ទីន នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលជាងដប់ថ្ងៃមកនេះ បានកើនឡើងដល់ជាង៤ពាន់៤រយនាក់រួមទាំងកុមារ និងបង្ខំឱ្យមនុស្សជាង១លាននាក់ផ្លាស់ទីពីតំបន់ហ្កាហ្សា។
ដោយឡែក កាលពីថ្ងៃសៅរិ៍នោះដែរ នៅកណ្តាលទីក្រុងឡុងដ៍ឯណោះវិញ ការតវ៉ាគាំទ្រប៉ាឡេស្ទីនបានផ្ទុះឡើងខ្លាំងមែនទែនដោយមានមនុស្សចូលរួមប្រមាណជាង១០ម៉ឺននាក់ ស្រែកទាមទារឱ្យមានបទឈប់បាញ់នៅតំបន់ហ្កាហ្សា។
ទោះបីជាមានសម្រែកទាមទារយ៉ាងណាក៏ដោយ សហរដ្ឋអាម៉េរិកនៅថ្ងៃសៅរិ៍ បានស្នើសេចក្តីព្រាងច្បាប់មួយសម្រេចឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគាំទ្រ អ៊ីស្រាអែល មានសិទ្ធិការពារខ្លួន។ ដំណោះស្រាយនេះ ក៏ទាមទារឱ្យអ៊ីរ៉ង់បញ្ឈប់ការនាំចេញអាវុធទៅកាន់កងជីវពល និងក្រុមភេរវករ ដែលវ៉ាស៊ីនតោនចង់សំដៅក្រុមហាម៉ាស និងហេស្សប៊ូឡាដែរ។
ស្របពេលជាមួយគ្នា កងទ័ពអ៊ីស្រាអែល នៅកំពុងឈរជើងនៅតាមព្រំដែនហ្កាហ្សា ត្រូវបានគេរាយការណ៍មកនៅថ្ងៃសៅរិ៍នោះថា បានធ្វើសមយុទ្ធបាញ់គ្រាប់ពិត ត្រៀមសម្រាប់វាយលុកក្នុងពេលខាងមុខ។
នៅក្នុងវីដេអូមួយចែកចាយដោយយោធាអ៊ីស្រាអែល អគ្គសេនាធិការចម្រុះកងទ័ពអ៊ីស្រាអែល លោក ហឺហ្ស៊ី ហាឡឺវី (Herzi Halevi) បាននិយាយថា «យើងនឹងចូលទៅក្នុងតំបន់ Gaza ដើម្បីបោសសម្អាតក្រុមហាម៉ាស និងហេដ្ឋារចនាសម្ព័ន្ធរបស់វាដែលមាន ឱ្យស័ក្តិសមនឹងទង្វើឧក្រិដ្ឋកម្មព្រៃផ្សៃដែលពួកគេបានធ្វើមកលើអ៊ីស្រាអែលកាលពីពីរសប្តាហ៍មុន»៕