ប្រធានាធិបតីស្រីលង្កា លោក Ranil បានថ្លែងក្នុងកិច្ចប្រជុំសភា កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ ថា រដ្ឋាភិបាលរបស់លោកបានចាប់ផ្តើមចរចាជំហានដំបូងជាមួយភាគីចិន អំពីរឿងបំណុលនេះ ហើយការជជែកគ្នាជាបន្តបន្ទាប់ទៀត នឹងធ្វើឡើងក្រោយសមាជបក្សកុម្មុយនីស្តចិន ដែលប្រារព្ធនាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ខាងមុខ។
បើតាមលោក Ranil ឱ្យដឹងថា ភាគីជប៉ុនយល់ព្រមធ្វើជាអ្នកជួយជ្រោមជ្រែងឱ្យប្រទេសទាំងពីរ គឺចិន និងស្រីលង្កា បានជួបចរចាគ្នា បន្ទាប់ពីប្រធានាធិបតីរូបនេះ ទើបតែត្រឡប់មកពីធ្វើទស្សនកិច្ចនៅទីក្រុងតូក្យូ។
លោកប្រធានាធិបតីស្រីលង្កា បានលើកឡើងថា ប្រទេសចិន បានជួយគាំទ្រស្រីលង្កាតាំងពីជំនាន់មុនៗមក ហើយលោកជឿជាក់ថា ចិននឹងបន្តការជួយដដែលក្នុងពេលដ៏លំបាកនេះ។
យ៉ាងណាមិញ ជុំវិញដំណើរការកិច្ចចរចានេះ លោកមិនបានបញ្ជាក់លម្អិតឡើយ ដោយគ្រាន់តែអះអាងថា វាកំពុងតែរលូនទៅមុខ ហើយលោកចង់រក្សាការសម្ងាត់ជៀសវាងប៉ះពាល់ទីផ្សារ។ លោកបញ្ជាក់ថា ក្រោយភាគីទាំងពីរព្រមព្រៀងគ្នាអស់ហើយ នឹងមានការចេញសេចក្តីប្រកាសជាផ្លូវការផងដែរ។
សូមជម្រាបថា ក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ ស្រីលង្កាបានខ្ចីបុលយ៉ាងច្រើនសម្បើមពីប្រទេសចិន លើគម្រោងហេដ្ឋារចនាសម្ព័ន្ធដូចជា កំពង់ផែ ព្រលានយន្តហោះ និងការកសាងទីក្រុងជាដើម។ ប៉ុន្តែគម្រោងទាំងនេះ មិនអាចផ្តល់ចំណូលគ្រប់គ្រាន់ឱ្យប្រទេសដីកោះមួយនេះ ដោះស្រាយបញ្ហាសងបំណុលវិញរួចឡើយ មិនតែប៉ុណ្ណោះក៏ធ្លាក់ចូលផុងកាន់តែជ្រៅក្នុងវិបត្តិសេដ្ឋកិច្ច។ ដោយមិនអាចទ្រាំទ្ររួច ស្រីលង្កាបានផ្អាកមិនសងបំណុលបរទេសប្រមាណ ៥១ពាន់លានដុល្លារ ដែលក្នុងនោះ ស្រីលង្កាមានកាតព្វកិច្ចត្រូវតែបំណុលប្រមាណ ២៨ពាន់លានដុល្លារឱ្យរួចនៅត្រឹមឆ្នាំ២០២៧។
យោងតាមទិន្នន័យក្រសួងសេដ្ឋកិច្ចស្រីលង្កា បង្ហាញថា គិតត្រឹមចុងខែមិថុនា ឆ្នាំ២០២២ បំណុលសាធារណៈរបស់ប្រទេសមួយនេះមានដល់ទៅ ១២២% នៃផលិតផលក្នុងស្រុកសរុប។ ក្នុងនោះ ចិន ជប៉ុន និងឥណ្ឌា គឺជាម្ចាស់បំណុលធំៗ ដោយចិនតំណាងឱ្យ ៥២%នៃបំណុលសរុប បន្ទាប់មកគឺជប៉ុន ២០% និងឥណ្ឌា ១២%។
សេដ្ឋកិច្ចប្រទេសស្រីលង្កា ត្រូវបានប៉ាន់ស្មានថាដាំក្បាលចុះក្នុងរង្វង់ ៤,៨% នៅឆមាសទី១ នៃឆ្នាំ២០២២ ហើយរំពឹងថា នឹងបន្តធ្លាក់ចុះនៅឆមាសទី២នេះទៀត ដោយសារស្ថានភាពមិនល្អនូវរូបិយវត្ថុ អត្រាប្តូរប្រាក់ និងសារពើពន្ធ ព្រមទាំងបញ្ហាកង្វះខាតប្រេងសាំង ស្បៀងអាហារ និងថ្នាំពេទ្យផងដែរ។ នេះបើតាមការប្រកាសរបស់ធនាគារកណ្តាលស្រីលង្កា កាលពីថ្ងៃទី៦ ខែតុលា៕
អត្ថបទ៖ នៅ សំភី